(ភ្នំពេញ)៖ មន្ទីររ៉ូយ៉ាលភ្នំពេញ ដែលជាមន្ទីរពេទ្យដ៏ល្បីមួយជាទីទុកចិត្តសម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ បានប្រមូលវេជ្ជបណ្ឌិតល្បីៗ មានបទពិសោធន៍យូរឆ្នាំ ឯកទេសជំងឺមហារីកប្រព័ន្ធរំលាយអាហារនៅកម្ពុជា និងប្រទេសថៃ ចូលខ្លួនមកចែករំលែកចំណេះដឹងក្នុងការបង្ការការពារជំងឺមហារីកក្រពះ ពោះវៀនជាដើម ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជំងឺឲ្យបានយល់ដឹងពីបញ្ហាសំខាន់នេះ។
ការចែករំលែកនេះ បានធ្វើឡើងក្នុងសិក្ខាសាលាពិសេសមួយ មានការសហការរវាងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យបាងកក ក្រោមប្រធាន «ជំងឺប្រព័ន្ធរំលាយអាហារ ការការពារ និងការព្យាបាលជំងឺរលាយអាហារ» ក្នុងវាគ្មិនដែលចូលខ្លួន មកចែករំលែកចំណេះដឹងនេះ មានលោកវេជ្ជបណ្ឌិត ណារិនតារ៉ា ប្រធានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ លោកវេជ្ជបណ្ឌិត ថាណាផង ម៉ៃប៉ាង ឯកទេសជំងឺមហារីកប្រព័ន្ធរំលាយអាហារ ប្រចាំមន្ទីរពេទ្យបាងកក និងលោក ខេម សុភា ឯកទេសជំងឺមហារីកប្រព័ន្ធរំលាយអាហារ ប្រចាំមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន លោកវេជ្ជបណ្ឌិត ណារិនតារ៉ា បានឲ្យដឹងថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យបាងកក នឹងសហការធ្វើការជាមួយគ្នាចូលរួមកាត់បន្ថយ និងការពារការកើតឡើងនូវជំងឺមហារីក ប្រព័ន្ធរំលាយអាហានៅកម្ពុជា មានមហារីកក្រពះ ពោះវៀនជាដើម ជាមួយការព្យាបាលប្រកបដោយភាពត្រឹមត្រូវ ស្របតាមស្តង់ដារ និងទំនុកចិត្តបំផុត។
ប្រធានមន្ទីរពេទ្យរូបនេះបានបន្តថា អ្នកជំងឺអាចពិគ្រោះយោបល់ផ្ទាល់ជាមួយ លោកវេជ្ជបណ្ឌិត ថាណាផង និងលោកវេជ្ជបណ្ឌិត ខេម សុភា ពីព្រោះលោកវេជ្ជបណ្ឌិតទាំងពីរ នៅរង់ចាំធ្វើការវះកាត់ ជូនអ្នកជំងឺប្រកបដោយទំនុកចិត្ត នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនេះផ្ទាល់ ឬអាចទំនាក់ទំនងជាមួយលោកវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យបាងកកក៏បាន តាមរយៈប្រព័ន្ធអេឡិចត្រូនិកទំនើប ពីទីក្រុងបាងកក ពោលមិនចាំបាច់ចំណាយថវិកាច្រើន ក្នុងការធ្វើដំណើរទៅមន្ទីរទីក្រុងបាងកក ដូចមុនឡើយ។
លោកវេជ្ជបណ្ឌិត ថាណាផង ម៉ៃប៉ាង បានដាស់តឿនដល់ប្រជាពលរដ្ឋថា ការព្យាបាលជំងឺមហារីកប្រព័ន្ធរំលាយអាហារនេះ ជារឿងដ៏សំខាន់ណាស់ បើជ្រើសរើសការព្យាបាលខុស មានន័យថាគ្រប់យ៉ាងត្រូវបានបញ្ចប់ ពីព្រោះការវះកាត់ជំងឺទាំងនេះ មានតែម្ដងគត់ក្នុងមួយជីវិតមនុស្ស ប៉ុន្តែការជ្រើសរើសវេជ្ជបណ្ឌិតព្យាបាលបានត្រឹមត្រូវ និងច្បាស់លាស់ គឺជាការសម្រេចបានការព្យាបាលដ៏ត្រឹមត្រូវបំផុត។
ចំណែកឯលោកវេជ្ជបណ្ឌិត ខេម សុភា ក៏បានឲ្យដឹងដែរថា នៅកម្ពុជាអ្នកកើតជំងឺមហារីកប្រព័ន្ធរំលាយអាហារនេះ មិនអាចគ្រប់គ្រងបាននោះទេ ក៏ប៉ុន្តែការប៉ាន់ស្មានក៏មិនខុសគ្នាប៉ុន្មានជាមួយនឹងប្រទេសថៃដែរ ពោលវាមានការកើនឡើងច្រើន ក្នុងចំណោមជំងឺមហារីកដទៃ នេះដោយសារវប្បធម៌នៃការរស់នៅ និងការហូបចុករបស់ប្រជាពលរដ្ឋខ្មែរ និងថៃមានភាពស្រដៀងគ្នា តួយ៉ាងនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់នេះផ្ទាល់ អ្នកកើតជំងឺមហារីកមានប្រមាណ ២០ភាគរយ។ នេះក៏ដោយសារកម្ពុជាមានការអភិវឌ្ឍ ជំងឺមហារីកប្រព័ន្ធរំលាយអាហារក៏មានការកើនឡើងផងដែរ ដោយសារប្រជាជនចាប់ផ្ដើមមានជីវភាពធូរធា ហើយពួកគាត់ក៏ចាប់ផ្ដើមពិនិត្យសុខភាពជាដើម។
វិធីសាស្ត្រគន្លឹះដែលលោកវេជ្ជបណ្ឌិតទាំងបីរូប ចង់បង្ហាញប្រាប់ប្រជាពលរដ្ឋអំពីជំងឺមហារីកប្រព័ន្ធរំលាយអាហារនេះ គឺមានវិធីការពារ និងអាចព្យាបាលបាន ដែលវិធីបង្ការចម្បង គឺពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារជាប្រចាំ ពិសេសប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៥០ឆ្នាំឡើង យ៉ាងហោចណាស់ក៏ត្រូវទៅពិនិត្យសុខភាពក្រពះ ពោះវៀនឱ្យបានម្ដងដែរ។
ចំពោះរោគសញ្ញា ដូចជា ទល់លាមក រាករួសច្រើន ត្រូវទៅពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ប្រសិនការបន្ទោបង់មកមានឈាម ឬលាមកមានពណ៌ខ្មៅ ឬលាមកសំប៉ែត គឺត្រូវមកពិនិត្យសុខភាពឲ្យបានទាន់ពេលវេលា។ ម្យ៉ាងទៀត ប្រសិនបើប្រជាពលរដ្ឋពិសាបារី និងពិសាស្រា ឬគ្រឿងស្រវឹង ប្រសិនបើមានរោគសញ្ញានេះហើយ ត្រូវតែកាត់បន្ថយឲ្យបានជាអតិបរមា ឬក៏បញ្ឈប់តែម្ដង រីឯការទទួលទានបន្លែក៏ត្រូវទទួលទានឲ្យបានច្រើនលើសពី៥មុខងដែរ៕