(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដឹកនាំសន្និបាតគណៈកម្មាធិការគណបក្សខេត្ត។
ក្នុងនោះ ក៏មានការចូលរួមពីសមាជិក-សមាជិកាទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំមូលដ្ឋាន គ្រប់លំដាប់ថ្នាក់មកពីសាខាបក្សមន្ទីរ អង្គភាព សាខាគណបក្សក្រុង-ស្រុក ឃុំ-សង្កាត់ សរុបចំនួន៦១៦នាក់។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, សម្ដេច ហេង សំរិន ប្រធានកិត្តិយស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស។
លោក កែ គឹមយ៉ាន បានថ្លែងសាទរនូវសមិទ្ធផលទាំងអស់ដែលកើតចេញពីការខិតខំ លះបង់ និងពលិកម្មគ្រប់បែបយ៉ាងរបស់សមាជិក សមាជិកាគណបក្សដោយឈរលើស្មារតីឯកភាព ដើរតាមគន្លងគោលនយោបាយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកបន្តថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានមុះមុត និងចូលរួមថែរក្សាសន្តិភាព ព្រោះសន្តិសុខនាំមកនូវការអភិវឌ្ឍ សហការល្អ ជាមួយប្រជាពលរដ្ឋដើម្បីទប់ស្កាត់ភាពអសន្តិសុខក្នុងសង្គមនានា មានបញ្ហាគ្រឿងញៀន ចរាចរណ៍ អគ្គីភ័យជាដើម ជាពិសេសត្រូវបន្តខិតខំ បម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ ដោយមិនមានការរើសអើង ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងការងារផ្សេងៗ ដែលទាក់ទង់ទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរថែមទៀត។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បាននាំយកនូវអំណោយ និងថវិកា ចំនួន១០២នាក់ ក្នុងនោះ ប្រធានគណបក្សឃុំ មេឃុំចៅសង្កាត់ ចំនួន៨៤នាក ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល និងក្រុមការងារ យុវជនគណបក្សស្រុកចំនួន១៨នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល និងសមាជិក សមាជិកា ទាំងអស់ពិសារអាហារសាមគ្គី ក្នុងបរិយាកាសកក់ក្តៅ ស្និទស្នាល និងសប្បាយរីករាយក្រៃលែង៕