(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍នេះ មានរោងចក្រថ្មីចំនួន១ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគចំនួន៤.៤៧លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន១៥៧៥កន្លែង។
យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនដែលទើបបង្កើតថ្មីនោះ គឺក្រុមហ៊ុន ADVANCE TEAM (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមជម្រាបជូនថា រយៈពេល២៤ថ្ងៃដំបូង ខែមីនានេះ មានចំនួន៨ក្រុមហ៊ុនហើយត្រូវបាន CDC ចេញច្បាប់ឲ្យដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគ ៩៦.៥៦លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋបានចំនួន ៩៣៥៣កន្លែង។
សូមជម្រាបថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ថែមទាំងមានបរិយាកាសវិនិយោគដ៏ល្អប្រសើរនោះ ធ្វើឲ្យវិនិយោគិនទាំងក្រុង និងក្រៅស្រុក បានសម្រុកធ្វើការវិនិយោគបង្កើតរោងចក្រថ្មីៗនៅកម្ពុជា សំដៅបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ៕