(ភ្នំពេញ)៖ តារាចម្រៀង និងសម្តែង លោក សេម មួយរយៈពេលចុងក្រោយនេះ ហាក់មិនសូវបានបង្ហាញបទចម្រៀងថ្មីៗ ប៉ុន្មានទេ តែអ្វីដែលគួចាប់អារម្មណ៍គឺ លោកបែរជាយកពេលទៅសម្ងំថត រឿង«០០៩» ដោយគ្រងតំណែងតួឯកប្រុស យ៉ាងស្ងប់ស្ងាត់ទៅវិញ ហើយថ្មីៗនេះ លោកបែរជាត្រៀមបង្ហាញស្នាដៃថ្មី លោកបង្ហាញអារម្មណ៍ជឿជាក់ថា ស្នាដៃថ្មីរបស់ខ្លួននឹងទទួលបានជោគជ័យភ្លូកទឹកភ្លូកដី ក្នុងពេលដាក់បញ្ចាំងជាផ្លូវការ នៅចុងខែមេសាខាងមុខនេះ។
លោក សេម និយាយថា នៅក្នុងភាពយន្តរឿង«០០៩»លោកមិនត្រឹមតែសម្ដែង ជាតួក្រមិចក្រម៉ើម និងបង្ហាញពីស្នេហារ៉ូមេទិកជាមួយតួស្តីប៉ុណ្ណោះទេ តែលោកក៏បានសម្ដែងជាតួវាយទាត់ធាក់ ដោយសារតែលោកគឺជាអ្នកការពារសំណាញ់ច្បាប់មួយរូបក្នុងរឿងផងដែរ។ លោកថាមួយរឿងនេះគ្រាន់តែចំណាយពេលថត និងហ្វឹកហាត់ក្បាច់គុនគឺជិតមួយឆ្នាំ ដោយការសម្ដែងក្នុងរឿងទាំងមូលក៏ពិបាកណាស់ដែរ ទម្រាំបានបញ្ចប់ អីចឹងហើយទើបលោកចាត់ទុកថានេះជាភាពយន្តបើកឆាកដែលលោកបានសម្ដែងជាប្រភេទAction ដែលលោកត្រូវវាយតប់ផង និងរៀនតាំងពីកាន់កាំភ្លើងផង ដែលមិនមែនជារឿងងាយស្រួល។
លោករំពឹងយ៉ាងខ្លាំងថានឹងទទួលបានជោគជ័យ ដោយប្រកាសថាក្រោយពីភាពយន្តនេះដាក់បញ្ចាំងរឿងនេះចប់សព្វគ្រប់ គឺលោកនឹងងារកមកគិតគូររឿងផលិតបទចម្រៀងវិញម្ដង។
ដោយឡែក លោក ស៊ុម ភារិន ចាងហ្វាងផលិតកម្មបដិហារ្យភាពយន្ត និងជាតួសម្ដែងមួយរូបក្នុងរឿង«០០៩»បានអះអាងថា នេះជារឿងទី៤របស់ផលិតកម្ម តែជារឿងទី១បានធ្វើជាប្រភេទបាញ់ប្រហារ ដោយភាពយន្តនេះគឺលោកនិពន្ធដោយផ្ទាល់ ហើយសាច់រឿងទាំងមូលក៏ថ្មី និងប្លែកពីរឿងផ្សេងដោយមិនមានប្លង់ចម្លងពីភាពយន្តណាឡើយ។ ភាពយន្តនេះត្រូវបានផលិតឡើងរយៈពេល១ឆ្នាំ ហើយចំពោះដើមទុនក៏ចំណាយច្រើនដែរ ដោយសារសំបូរឈុតបាញ់ប្រហារ និងថតច្រើនខេត្តក្រុងនោះ៕