(រតនគិរី)៖ អាជ្ញាធរខេត្តរតនគិរី បានរៀបចំប្រារព្ធទិវាទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ។
ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ សម្ព័ន្ធយុវជន ប្រមាណជាង២,០០០នាក់។
លោកទេសរដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានសម្តែងនូវការអបអរសាទរ ជាមួយនឹងការទទួលបានពានរំដួល០២ទង របស់បេក្ខភាពក្រុងបានលុង ជាមួយចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ឆ្នាំ២០១៨-២០២១ ដែលទាំងនេះគឺការការរួមចំណែកមិនអាចខ្វះបានពីប្រជាពលរដ្ឋ ព្រោះការរស់នៅ ប្រកបដោយសេចក្តីថ្លៃថ្នូរ អនាម័យ តាមរយៈការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ គឺជាចលករដ៏ចម្បងនៅក្នុងការទទួលបានពាននេះ រួមជាមួយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធ គ្រប់ប្រភេទ។
ទេសរដ្ឋមន្ដ្រី លី ធុជ និងលោក ថង សាវុន ស្នើឲ្យពលរដ្ឋនៅក្រុងបានលុង ក៏ដូចជាពលរដ្ឋនៅទូទាំងខេត្ត សូមបន្តអនុវត្តនូវការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ចូលរួមទទួលខុសត្រូវសម្អាតអនាម័យតាមគេហដ្ឋានរៀងៗខ្លួន និងតាមដងផ្លូវបន្តទៀត និងចូលរួមក្នុងបុព្វហេតុទីក្រុងស្អាត ឲ្យកាន់តែប្រសើរឡើង ដើម្បីយើងទាំងអស់គ្នា រស់នៅប្រកបដោយផាសុខភាព សុភមង្គល និងសង្គមពោពេញដោយភាពស៊ីវីល័យ៕