(បរទេស)៖ សារព័ត៌មាន Asia Times បានចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនាសង្រ្គោះជាតិនៅក្រៅស្រុក (CNRM) របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដែលទង្វើនេះត្រូវបានចាត់ទុកជា អំពើក្បត់ជាតិកាន់តែធ្ងន់ធ្ងរឡើង ដោយក្រុមអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេសនេះ។ នេះបើតាមការដកស្រង់ព័ត៌មាន ពីសារព័ត៌មាន Asia Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ឆ្លៀតឱកាសនេះ សូមបង្ហាញព័ត៌មានលម្អិត ទាក់ទងនឹងការងារអាជីវកម្មរបស់ក្រុមហ៊ុន Berlin Rosen៖
*ទីស្នាក់ការ៖ ទីក្រុងញូយ៉កសហរដ្ឋអាមេរិក
* បុគ្គលិក៖ ប្រមាណ ២០០នាក់
* បង្កើតឡើង៖ ឆ្នាំ២០០៥
* ប្រភេទ៖ ក្រុមហ៊ុនឯកជន
* ការងារ៖ ការឃោសនា និងទីផ្សារ
* ប្រាក់ចំណូល៖ ប្រហែល ០៥លានដុល្លារ ក្នុងមួយឆ្នាំ
* គេហទំព័រ ៖ www.berlinrosen.com
១៖ សេវាកម្ម
Berlin Rosen គឺជាក្រុមហ៊ុនមានភាពនាំមុខគេក្នុងទំនាក់ទំនងសាធារណៈ និងធ្វើទំនាក់ទំនងយុទ្ធសាស្រ្ត ដែលផ្តល់ជូននូវការផ្សព្វផ្សាយប្រកបប្រសិទ្ធភាពខ្ពស់ យុទ្ធសាស្រ្តឌីជីថល និងការផ្សាយសេចក្តីជូនដំណឹង ឬពាណិជ្ជកម្មជូនដល់ស្ថាប័ន ក្រុមហ៊ុន និងបេក្ខជនកំពូលៗដែលចង់មានភាពលេចធ្លោ និងល្បីល្បាញ។
២៖ ក្រុមការងារ
ក្រុមការងារ Berlin Rosen មានជំនាញ និងបទពិសោធន៍ខ្ពស់ជំនាញបញ្ចូនសារ ដើម្បីផ្តល់ឱ្យអតិថិជន ទទួលជោគជ័យក្នុងការឃោសនាអ្វីមួយ។ គោលការណ៍របស់ក្រុមហ៊ុន គឺសកម្មភាពជាមួយនឹងយុទ្ធនាការជាយុទ្ធសាស្ត្រ ដើម្បីបំពេញតម្រូវការអាទិភាពរបស់អតិថិជន។ ក្រុមហ៊ុនប្រើប្រាស់បទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីបំពេញតម្រូវការជូនដល់អតិថិជន។
តាមរយៈសារព័ត៌មាន Asia Times បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈ ប្រចាំនៅសហរដ្ឋអាមេរិកមួយនេះ ត្រូវបានក្រុមចលនាសង្រ្គោះជាតិ នៅក្រៅស្រុក (CNRM) របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធ ឬសម្លាប់សេដ្ឋកិច្ចមកលើកម្ពុជា។
៣៖ លក្ខខណ្ឌនៃសេវាកម្ម
កិច្ចព្រមព្រៀងនៃសេវាកម្មជាមួយក្រុមហ៊ុន Berlin Rosen ជាមួយអតិថិជន គឺត្រូវបានចែងថា ក្រុមហ៊ុននេះនឹងមិនធ្វើសកម្មភាព «បញ្ចុះបញ្ចូល» នោះទេ ប៉ុន្តែគ្រាន់តែដើរតួនាទីក្នុងនាមជា «ទីភ្នាក់ងារសាធារណៈ» និង «អ្នកពិគ្រោះនយោបាយ» សម្រាប់ចលនាអតិថិជននានាប៉ុណ្ណោះ។
ប៉ុន្តែអ្នកតាមដានជាច្រើនបានមើលឃើញថា ចំពោះភាពខុសប្លែកគ្នារវាងអត្ថន័យពាក្យថា «អ្នកបញ្ចុះបញ្ចូល» និង «អ្នកពិគ្រោះយោបល់នយោបាយ» គឺហាក់ដូចជាស្រពិចស្រពិលបន្តិចនៅអាមេរិក ប៉ុន្តែបើនិយាយឲ្យចំទៅ គឺទាំងពីរនេះមានន័យដូចគ្នាតែម្តង។
គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះត្រូវបានសារព័ត៌មាន Asia Times ទម្លាយថា បានផ្តល់សេវាកម្មជូនដល់លោក សម រង្ស៊ី តាមរយៈការយល់ព្រមទាក់ទាញឲ្យអន្តរជាតិឲ្យដាក់សម្ពាធធ្ងន់ធ្ងរមកលើរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទណ្ឌិត សម រង្ស៊ី នឹងត្រូវចំណាយរហូតដល់ទៅ ២៥០,០០០ដុល្លារអាមេរិក សម្រាប់ទទួលបានសេវាកម្មរយៈពេល០៦ខែ ពីក្រុមហ៊ុន Berlin Rosen។
កិច្ចព្រមព្រៀងរវាងចលនាក្បត់ជាតិ CNRM របស់ទណ្ឌិត សម រង្ស៊ី និង BerlinRosen ចែងយ៉ាងច្បាស់ថា ក្រុមហ៊ុននេះនឹងមិនធ្វើសកម្មភាព «បញ្ចុះបញ្ចូល» នោះទេ ប៉ុន្តែគ្រាន់តែដើរតួនាទីក្នុងនាមជា «ទីភ្នាក់ងារសាធារណៈ» និង «អ្នកពិគ្រោះនយោបាយ» សម្រាប់ចលនា CNRM នៅសហរដ្ឋអាមេរិក។
ចាប់តាំងពីការបង្កើតក្រុមចលនា CNRM ក្រុមនេះបានខិតខំប្រឹងប្រែង ដើម្បីទាក់ទាញការចាប់អារម្មណ៍ទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេស។ ជាក់ស្តែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយកាសែត Asia Times កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បាននិយាយថា «ចលនា CNRM នៅតែប្តេជ្ញាចិត្តជានិច្ច ចំពោះគោលបំណងទាំង ៥ ដែលត្រូវបានដាក់ចេញកាលពីខែមករា ឆ្នាំ២០១៨»។
គោលបំណងទាំង ៥ នោះរួមមានដូចជា ការបញ្ចុះបញ្ចូលរដ្ឋាភិបាលបរទេសនានា, ការព្រមានពាណិជ្ជករអំពីគ្រោះថ្នាក់ នៃការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងការរៀបចំផែនការធ្វើបាតុកម្មដោយសន្តិវិធី ក៏ដូចជាការតស៊ូនានានៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានទាំងការធ្វើពហិការផ្នែកសេដ្ឋកិច្ចផងដែរ។
ដោយឡែកមហិច្ឆតាធំធេងបន្ថែមទៀតរបស់ចលនាសង្រ្គោះជាតិនេះ គឺការបញ្ចុះបញ្ចូលឲ្យកងប្រដាប់អាវុធកម្ពុជា កុំប្រើប្រាស់កងកម្លាំងប្រឆាំងនឹងប្រជាជនខ្លួនឯង ហើយងាកកាណុងសំដៅទៅរករដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាចុងក្រោយនោះ គឺគោលដៅធំៗទាំង ៥ មិនទាន់បានសម្រេចសូម្បីតែមួយចំណុចឡើយ ព្រោះសូម្បីតែនៅពេលអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលនោះ គឺគ្មានសាធារណជនណាប្រមូលផ្តុំគ្នា ធ្វើការតវ៉ាប្រឆាំងជំទាស់ ចំពោះសាលក្រមតុលាការនោះឡើយ ទោះបីជាអតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំង CNRP បានខិតខំអំពាវនាវយ៉ាងណាក្តី៕