(ភ្នំពេញ)៖ លោក អ៊ុំ សុភក្តិ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ដែលគេស្គាល់ថា ម្ចាស់ភាគហ៊ុនស្ថាប័នមីក្រូហិរញ្ញវត្ថុមួយឈ្មោះ «ប្រតិបត្តិករឥណទានប្រសិទ្ធ» ឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធ ករណីកំហែងយក និងគំរាមកំហែងប្តឹងបរិហាលើពលរដ្ឋស្លូតត្រង់។
មន្ដ្រីតុលាការបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះថា បុគ្គល៤នាក់ ដែលលោកព្រះរាជអាជ្ញាហៅមកសួរនាំ នៅព្រឹកថ្ងៃទី២៣ ខែមីនាម្សិលមិញនេះ ទី១៖ឈ្មោះ ទួន សុវណ្ណា ទីលំនៅផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២៖ឈ្មោះ ឡេង វឌ្ឍនៈ ទីលំនៅផ្ទះលេខ២១ ផ្លូវលេខទី០១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី, ទី៣៖ឈ្មោះ ជាម ច័ន្ទកេណា ទីលំនៅផ្ទះលេខ៤៥សេ ភូមិ០១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន និងទី៤៖ឈ្មោះ ទិត សម្បត្តិ ភេទស្រី ផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើយោងតាមដីកាកោះរបស់លោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកោះហៅឲ្យចូលខ្លួនបំភ្លឺ ពីបទកំហែងយក ដោយមានស្ថានទម្ងន់ទោស និងគំរាមកំហែងប្តឹងបរិហា។
ផ្អែកតាមការអះអាងរបស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ មានស្ត្រីម្នាក់វ័យ៦១ឆ្នាំម្នាក់ បានដាក់ពាក្យប្តឹងជនសង្ស័យទាំង៤នាក់ខាងលើ ដោយបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមជនសង្ស័យខាងលើ និងបក្ខពួក បាននាំគ្នាទៅផ្ទះរបស់លោកស្រី ដោយនិយាយទៅកាន់លោកស្រីថា ពួកគេជាអគ្គនាយករបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុឈ្មោះ «ប្រតិបត្តិករឥណទានប្រសិទ្ធ»។
នៅថ្ងៃកើតហេតុនោះ ក្រុមជនសង្ស័យបានប្រាប់លោកស្រីថា កូនប្រុសរបស់លោកស្រី ឈ្មោះ ឡេង វិសិដ្ឋ បានធ្វើជាអ្នកធានាឲ្យកូនបំណុលឈ្មោះ ហេង ម៉េងហ៊ត អាយុ៣៣ឆ្នាំ ជាប្តី និងឈ្មោះ ចន ម៉ូលីន អាយុ៣៨ឆ្នាំ ជាប្រពន្ធ និងកូនបំណុលម្នាក់ទៀតឈ្មោះ ហេង ឡាលីន ភេទប្រុស អាយុ២៦ឆ្នាំ ដែលបានទៅខ្លីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ «ប្រតិបត្តិករឥណទានប្រសិទ្ធ» ចំនួនសរុប ១២៣,០០០ដុល្លារសហរដ្ឋអាមេរិក។
ក្រុមជនសង្ស័យបាន បង្គាប់ឲ្យដើមបណ្តឹងដែលជាម្តាយ របស់ឈ្មោះ ឡេង វិសិដ្ឋ ជាអ្នកជួយធានាបំណុលឲ្យកូនបំណុល៣នាក់ខាងលើ សងប្រាក់ទាំងអស់ ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុ «ប្រតិបត្តិករឥណទានប្រសិទ្ធ» ជំនួសកូនបំណុល និងកូនប្រុសរបស់ខ្លួន បើមិនដូច្នោះទេ ក្រុមជនសង្ស័យ នឹងប្តឹងបរិហាដើមបណ្តឹង និងកូនប្រុសជាមិនខាន។
ដោយសារតែដើមបណ្តឹងជាម្តាយរបស់ ឈ្មោះ ឡេង វិសិដ្ឋ ដែលជាអ្នកជួយធានាបំណុលឲ្យអ្នកដទៃ មិនបានដឹងរឿងអ្វីសោះ ប៉ុន្តែត្រូវក្រុមជនសង្ស័យទៅ គំរាមកំហែង និងគំរាមប្តឹងបែបនេះ ទើបដើមបណ្តឹងសម្រេចចិត្តដាក់ពាក្យប្តឹង ក្រុមជនសង្ស័យទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌ឲ្យតែម្តងទៅ។
ទោះជាយ៉ាងណា ព័ត៌មានចុងក្រោយពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីសាកសួរចប់ តំណាងអយ្យការបានអនុញ្ញាតឲ្យជនសង្ស័យ ទាំង៤នាក់ត្រលប់ទៅផ្ទះវិញ ដោយមានការបង្គាប់ឲ្យឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ៕