(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានសម្ដែងការសោកស្ដាយ និងមរណទុក្ខប្រកបដោយភាពក្រៀមក្រំជាទីបំផុត ចំពោះការធ្វើមរណកាលរបស់នាយឧត្តមសេនីយ៍ ឯម សំអាន នៅព្រឹកមិញនេះ។
នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុក្ខមរណភាពរបស់នាយឧត្តមសេនយ៍ ឯម សំអាន គឺជាការបាត់បង់នូវកុលបុត្រខ្មែរ និងជាឥស្សរជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានធ្វើពលីកម្មជាច្រើនដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។
ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ គន់ គីម បានគូសរំលឹកថា នាយឧត្តមសេនីយ៍ ឯម សំអាន បានរួមចំណែកជាច្រើននៅលើសមរភូមិ រំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាបន្ដបន្ទាប់មកទៀត នាយឧត្ដមសេនីយ៍ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើពលីកម្មជាច្រើនទៀត ក្នុងការការពារមាតុភូមិកម្ពុជា មិនឲ្យរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ វិលមកគ្របដណ្ដប់លើដែនដីកម្ពុជា និងកាប់សម្លាប់ពលរដ្ឋកម្ពុជាជាថ្មី។
លោកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទរូបនេះបានថ្លែងបន្ដថា ការលះបង់ និងវីរភាពរបស់នាយឧត្តមសេនីយ៍ ឯម សំអាន នៅតែបន្ដថិតនៅក្នុងបេះដូង របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មន្ដ្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទាំងមូល បើទោះបីរូបកាយរបស់គាត់ត្រូវបានចាកឆ្ងាយពីមាតុភូមិកម្ពុជា ទាំងក្ដីអាឡោះអាល័យក៏ដោយនោះ។
ជាមួយនឹងការសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានចូលរួមរំលែកមរណទុក្ខជាមួយនឹងក្រុមគ្រួសារទាំងមូល និងសូមបួងសួងដល់បុណ្យគុណព្រះរតនៈត្រៃ ជួយឲ្យដួងវិញ្ញាណក្ខន្ធរបស់នាយឧត្តមសេនីយ៍ ឯម សំអាន បានទៅកាន់ទីឋានដ៏គាប់ប្រសើរ។
សូមជម្រាបថា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ ឯម សំអាន គឺជាឥស្សរជននយោបាយជាន់ខ្ពស់របស់កម្ពុជាមួយរូប ដែលបានប្រកៀកស្មាជាមួយឥស្សរជននយោបាយជាន់ខ្ពស់កម្ពុជាដទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន៕