(កោះកុង)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានអំពាវនាដល់កងកម្លាំងនគរបាល ដែលឈរជើងការពារព្រំដែនភូមិសាស្ដ្រ ខេត្ដកោះកុងថា សូមពង្រឹងស្មារតីជឿរជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការពារសមិទ្ធផលនានា ដែលចេញពីការបោះឆ្នោតសកលជាពិសេស ត្រូវការពាររដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត និងប្រឆាំងមានឱកាសផ្តួលរំលំរាជរដ្ឋាភិបាល តាមមធ្យោបាយណាមួយបានជាដាច់ខាត។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានអំពាវនាវបែបនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដឹកនាំ មន្ដ្រីក្រោមឱវាទចុះជួបសំណេះសំណាល ផ្ដល់ការលើកទឹកចិត្ដ ដល់អង្គភាពនគរបាលជាតិវរសេនាតូចលេខ៨២៧ និងវរសេនាតូចលេខ២៦៩ ដែលកំពុងឈរជើងការពារព្រំដែន នៅភូមិសាស្រ្ដខេត្ដកោះកុង ជាខេត្ដនៅជាប់ នឹងព្រំប្រទល់ប្រទេសថៃទាំងព្រំដែនទឹក និងព្រំដែនគោក។
ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ការចុះសាកសួរ សុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅពេលនេះ គឺជាភស្តុតាងបញ្ជាក់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែស្រឡាញ់កងទ័ពកងនគរបាល និងបញ្ជាក់ពីចលនាស្នេហាជាតិ និងការពារជាតិ ផលប្រយោជន៏ប្រជាជន យើងទាំងមូលបានដែលកំពុងក្លាយជាចលនាជាតិមួយយ៉ាងខ្លាំងក្លា។ ប្រជាជនយើងទូទាំងប្រទេស គ្រប់និន្នាការនយោបាយបានឯកភាព និងគាំទ្រ យ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការការពារបូរណភាពដែនដីប្រឆាំង នឹងការឈ្លានពានពីបរទេស។
លោកស្រីបន្ដថា កងកម្លាំងទាំងអស់ ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិមាតុភូមិហ៊ានធ្វើពលីកម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហហេតុជាតិមាតុភូមិ និងប្រជាជន និងចេះរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នាជាធ្លុងមួយ ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវឈ្លានពានទឹកដី បានសូម្បីតែមួយចំអាម តែមិនត្រូវឈ្លានពានប្រទេសជិតខាងឡើយ និងត្រូវបង្កើនស្មារតីសាមគ្គីភាពក្នុងនាមជាប្រទេសជិតខាងល្អ។
សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ជាប្រចាំ និងប្រកាន់ខ្ជាប់នូវវិន័យរបស់ កងទ័ពរក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយសថ្លៃថ្នូរ សក្តិសមជាកងទ័ពជាតិបម្រើប្រជាជន។ សូមយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយប្រជាជនក្នុងករណីមានគ្រោះមហន្តរាយ។
ត្រូវថែរក្សាសុខភាពឲ្យបានល្អព្រោះសុខភាព គឺជាប្រភពថាមពលដ៏ស័ក្ដិសិទ្ធ ត្រូវត្រៀមខ្លួនប្រយុទ្ធជានិច្ចដោយត្រៀមគ្រប់យុទ្ធោបករណ៍សឹក និងហ្វឹកហាត់កាយសម្បទា ឲ្យមានសុខភាពរឹងមាំ ដើម្បីគាំទ្រដល់ការប្រយុទ្ធឲ្យបានស័ក្ដិសិទ្ធ និងដើម្បីការពារបូរណភាពដែនដី។ ត្រូវចេះចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំដើម្បីលើកកំពស់ ជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ និងចេះថែទាំសម្អាតអនាម័យក្នុងទីធ្លា និងការិយាល័យនៃមូលដ្ឋានអង្គភាព។ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នាពេលខាងមុខនេះ «គឺសមាជិកម្នាក់សម្លេងឆ្នោតមួយសន្លឹក» ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលមានសមត្ថភាពការពារ សុខសន្តិភាព ការពារអធិបតេយ្យភាពជាតិ និងបន្តរក្សាបាននូវការអភិវឌ្ឍន៍គ្រប់បែបយ៉ាង។
គណៈប្រតិភូក៏បាននាំយកអំណោយជាសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលមានការជួយឧបត្ថម្ភពី ក្រុមហ៊ុន ម៉ុងរិទ្ធី និងក្រុមហ៊ុនគូកូឡុង យកទៅចែកជួនដល់កងកម្លាំងការពារព្រំដែន អង្គភាព នគរបាលជាតិ វរសេនាតូចលេខ៨២៧ និងវរសេនាតូចលេខ២៦៩ ដែលកំពុងឈរជើងការពារព្រំដែននៅភូមិសាស្រ្ដខេត្ដកោះកុង ជាខេត្ដនៅជាប់ នឹងព្រំប្រទល់ប្រទេសថៃទាំងព្រំដែនទឹក និងព្រំដែនគោកមួយចំនួនផងដែរ៕