(ភ្នំពេញ)៖ ការទម្លាយអាថ៌កំបាំងរបស់ ជុន ច័ន្ទបុត្រ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសអូស្ត្រាលី និងការបញ្ជាក់បន្ថែមពីសំណាក់ឧត្តមសេនីយ ម៉ៅ សុផាន់ និងអតីតភ្នាក់ងារវិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល គឺជារឿងអាស្រូវដ៏ធំបំផុតរបស់ ជុន ច័ន្ទបុត្រ ហើយកំពុងដាក់ឲ្យអ្នកនយោបាយពាក់ស្លាក កាសែតរូបនេះ ស្ថិតក្នុងស្ថានភាព «ចុះទឹកក្រពើឡើងលើខ្លា» មានន័យថា ចូលប្រទេសកម្ពុជាក៏មិនបានដោយសារតែជាប់បណ្តឹងរឿងបន្លំខ្លួនចូលពន្ធនាគារ ហើយនៅអាមេរិកក៏ពិបាក ពីព្រោះតែខ្លួនបានបកអាក្រាតរឿងសម្ងាត់ស្តីពី ស៊ី អាយ អេ តាមសម្លាប់ដូចលោក កែម ឡី ប្រាប់ដល់រាជរដ្ឋាភិបាល។
ដំបូងឡើយ ជុន ច័ន្ទបុត្រ បានសុខចិត្តធ្វើជាចារកម្មឲ្យបុរសខ្លាំងកម្ពុជា ដោយក្បត់នឹងអាមេរិក ពីព្រោះតែមនុស្សនេះសម្លឹងចង់បានមុខតំណែង និងលាភសក្ការៈពី គណបក្សកាន់អំណាច។ ជាធម្មតា វិទ្យុអាស៊ីសេរី មានគោលការណ៍យ៉ាងតឹងរ៉ឹងណាស់ មិនអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនណាម្នាក់ស្និទ្ធស្នាល ជាមួយមន្ត្រីរាជរដ្ឋាភិបាលជាដាច់ខាត។ គេនៅចាំបានថា លោក សុខ សេរី អតីតភ្នាក់ងារយកព័ត៌មានវិទ្យុអាស៊ីសេរី ត្រូវបានគេបណ្តេញចេញពីការងារដោយគ្រាន់តែ លោកបានចាប់ដៃរលាក់បែបស្និទ្ធស្នាលជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ។ នៅមានអតីតភ្នាក់ងារយកព័ត៌មានឲ្យ វិទ្យុអាស៊ីសេរីជាច្រើនទៀត ដែលត្រូវបានគេបញ្ឈប់ពីការងារដោយសារតែកំហុសស្រដៀងគ្នានេះ។ អ្នកខ្លះទៀត គ្រាន់តែផ្សាយព័ត៌មានបែបជំហរកណ្តាលមិនប្រឆាំងដាច់ខាតតាមគោលការណ៍ របស់គេក៏ត្រូវគេសង្ស័យ និងរករឿងបណ្តេញចេញដែរ។
ក្នុងន័យនេះ ជុន ច័ន្ទបុត្រ ខ្លួនឯងបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរជាងអ្នកទាំងអស់ដូចបានរៀបរាប់ខាងលើឆ្ងាយណាស់ ពីព្រោះ ជុន ច័ន្ទបុត្រ ហ៊ានរហូតដល់ទៅជួបស្ងាត់ៗ ជាមួយមន្ត្រីជាន់ខ្ពស់យោធា ជាមួយកូននាយករដ្ឋមន្ត្រី និងរហូតសុំជួបជាមួយនាយករដ្ឋមន្ត្រីថែមទៀត។ ធ្ងន់ធ្ងរជាងនេះ ជុន ច័ន្ទបុត្រ បានសុំជំនួយពីកម្លាំង រាជរដ្ឋាភិបាលដើម្បីការពារសន្តិសុខក្រោមហេតុផលថា ខ្លាចពួក CIA អាមេរិកតាមបាញ់សម្លាប់ដូចលោក កែម ឡី។ មានន័យថា ជុន ច័ន្ទបុត្រ ដឹងរឿងឃាតកម្មលោក កែម ឡី ច្បាស់ថា អ្នកណានៅពីក្រោយ ហើយឃាតកម្មនេះធ្វើឡើងដើម្បីអ្វី។
ប៉ុន្តែដោយសារតែអំពើមិនស្មោះត្រង់បែបពស់ក្បាលពីរ ទីបំផុត ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច មានន័យថា ប្រមុខដឹកនាំបក្សកាន់អំណាចបានបកស្បែកមុខរបស់ ជុន ច័ន្ទបុត្រ ដែលធ្វើឲ្យបុរសសម្បូរពុតត្បុត និងស្រេកឃ្លានអំណាចរូបនេះបាត់បង់ឱកាសក្នុងការសម្រេចបំណងចង់ចូលជាមួយរាជរដ្ឋាភិបាល។ ទន្ទឹមគ្នានោះ ភាគីអាមេរិកក៏បាត់បង់សេចក្តីទុកចិត្តលើ ជុន ច័ន្ទបុត្រ ទាំងស្រុង បន្ទាប់ពីគេបានដឹងថា ជុន ច័ន្ទបុត្រ មានបំណងក្បត់អាមេរិកចង់មកចុះចូលជាមួយរដ្ឋាភិបាល ហើយបានបកអាក្រាតព័ត៌មានសម្ងាត់ស្តីពី ស៊ី អាយ អេ សម្លាប់លោក កែម ឡីថែមទៀត។
នៅក្នុងស្ថានភាពនេះ តើមិនឲ្យ ជុន ច័ន្ទបុត្រ ដេកភ័យម្តេចនឹងកើត បើពេលនេះខ្លួនកំពុងរស់នៅក្នុងទឹកដីអាមេរិក និងអាស្រ័យលើការងារពីវិទ្យុអាស៊ីសេរី របស់អាមេរិកទៀតនោះ? តើជោគវាសនា ជុន ច័ន្ទបុត្រ នឹងទៅជាយ៉ាងណា? គ្រប់គ្នានឹងបានដឹងនៅពេលខាងមុខដ៏ខ្លីនេះ។
ជុន ច័ន្ទបុត្រ ពេលនេះកំពុងខិតខំរកវិធីការពារខ្លួនដោយខំកាឡៃថា ភាគីខាងរាជរដ្ឋាភិបាលជាអ្នកព្យាយាមទាក់ទងដើម្បីអូសទាញទៅវិញ។ តែជុន ច័ន្ទបុត្រ កុំភ្លេចថា ភស្តុតាងផ្សេងទៀត ធ្ងន់ជាងនេះអាចនឹងត្រូវបញ្ចេញបន្ថែមទៀតបើហ៊ានលោត។ នេះហើយជាលទ្ធផលនៃអំពើមិនស្មោះត្រង់របស់ ជុន ច័ន្ទបុត្រ ដែលចង់ជិះទូកម្តងពីរដំណាលគ្នា។ ជុន ច័ន្ទបុត្រ ក៏ត្រូវបានអតីតបក្សសង្គ្រោះជាតិសន្យាឲ្យតំណែង ជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ នៅពេលដែលគណបក្សនេះឈ្នះឆ្នោត។ ប៉ុន្តែឥឡូវបក្សដែលបានសន្យានោះបានរលាយក្លាយជាផេះបាត់ទៅហើយ។
ដោយសារអស់សង្ឃឹមលើបក្សសង្គ្រោះជាតិ ទើបបានជា ជុន ច័ន្ទបុត្រ មានបំណងស្កាត់ជួបសម្តេច ហ៊ុន សែន នៅអូស្ត្រាលីតាមរយៈលោក ហ៊ុន ម៉ាណែត។ គោលបំណងរបស់ ជុន ច័ន្ទបុត្រ ក្នុងការស្កាត់ជួបសម្តេច ហ៊ុន សែន គឺដើម្បីរាយការណ៍ព័ត៌មានសម្ងាត់មួយចំនួនបន្ថែមទៀតពីសហរដ្ឋអាមេរិកប្រាប់បុរសខ្លាំងកម្ពុជា ហើយក៏ដើម្បីឆ្លៀតឱកាសចង់សុំមុខតំណែងក្នុងរាជរដ្ឋាភិបាលផងដែរ មុននឹងចាកចេញពីវិទ្យុអាស៊ីសេរី។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាទំនងជាមិនត្រូវការ មនុស្សមិនស្មោះត្រង់ ចង់បានតែប្រយោជន៍ដូច ជុន ច័ន្ទបុត្រ នោះឡើយ។
ឥឡូវនេះ ទាំង សម រង្ស៊ី ទាំង ជុន ច័ន្ទបុត្រ សុទ្ធតែកំពុងជួបរឿងអាស្រូវធំៗប៉ុនមហាមេឃដូចគ្នា ដែលគ្មានអ្នកណាជួយសង្គ្រោះបានឡើយ។ សម រង្ស៊ី កំពុងអស់ ប្រជាប្រិយភាពទាំងស្រុង នៅផ្ទៃក្នុងបក្សបន្ទាប់ពីគាត់ធ្វើឲ្យបែកបាក់ផ្ទៃក្នុងខ្ទេចខ្ទីក្រោយការបង្កើតចលនាសង្គ្រោះជាតិ។ ចំណែកសាធារណៈមតិទូទៅវិញក៏អស់ ជំនឿលើ សម រង្ស៊ី ដែរ បន្ទាប់ពីគេបានឃើញទង្វើក្បត់ប្រយោជន៍ជាតិជាបន្តបន្ទាប់ ខុសស្រឡះពីមាត់និយាយជាពិសេសការចុះកិច្ចព្រមព្រៀងផ្តល់ស្វ័យភាព និងការកាត់ខេត្ត៤របស់ខ្មែរនៅភាគឥសានអោយជនជាតិភាគតិចដេហ្កាយួន រឺ ពួកម៉ុងតាញ៉ាយួន។
ចំណែកវិទ្យុអាស៊ីសេរី ក៏បានធ្លាក់ខ្លួនមកជាវិទ្យុឧទ្ទាម គ្មានវិជ្ជាជីវៈ និងគ្មានអ្នកណាជឿទៀតឡើយ សូម្បីអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិភាគច្រើន និងមន្ត្រី សង្គមស៊ីវិល ក៏អស់ជំនឿហើយគ្រវីក្បាលពេលស្តាប់ម្តងៗដោយសារតែវិទ្យុនេះបង្ហាញអំពីចរិតពិតរបស់ខ្លួនកាន់តែច្បាស់ថាជាវិទ្យុស៊ីឈ្នួលនយោបាយសុទ្ធសាធ។ ក្នុងស្ថានភាពនេះ វាសនា ជុន ច័ន្ទបុត្រ ទំនងមានតែពីរប៉ុណ្ណោះគឺ «ក្លាយជាចំណីខ្លា ឬចំណីក្រពើ»?
ដោយ៖ កូនខ្មែរ