(កំពង់ចាម)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ បានចុះបង្ក្រាបទីតាំងបើកល្បែងស៊ីខុសច្បាប់២កន្លែង ដោយល្បែងអាប៉ោងនៅស្រុកបាធាយ និងល្បែងជល់មាន់ នៅក្រុងកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបូរ ចុះបង្ក្រាបទីតាំងលួចលេងល្បែងអាប៉ោង នៅចំណុចផ្ទះឈ្មោះ ប្រុស នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ជាលទ្ធផល ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់មុខសញ្ញាលេងល្បែងទាំងនោះ បានរត់គេចខ្លួនអស់ ដោយបន្សល់ទុកវត្ថុតាង ក្នុងនោះសមត្ថកិច្ចក៏ដកហូតបាន ម៉ូតូ២គ្រឿងផងដែរ។
ដោយឡែកទីតាំងល្បែងជល់មាន់វិញ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ចុះបង្ក្រាបនៅចំណុចភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម តែពេលសមត្ថកិច្ចចុះទៅដល់មុខសញ្ញាលេងល្បែងទាំងអស់នោះ បានរត់គេចខ្លួនអស់ដូចគ្នា ដោយដកហូតបានវត្ថុតាងមួយចំនួន។
ក្រោយប្រតិបត្តិការបង្ក្រាបទាំង២ទីតាំង វត្ថុតាងត្រូវកម្លាំងនគរបាលជំនាញយកទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកបាធាយ និងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីចាត់ការបន្ដតាមនីតិវិធី៕