Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ខ្លួនមន្រ្តីយោធា២នាក់ នៅខណ្ឌឬស្សីកែវ ពីបទ កាន់កាំភ្លើងជ័រប្រើហ្គាសខុសច្បាប់ និងប្រើប្រាស់ដុល្លារក្លែងក្លាយ

24-03-2018 08:41

(ភ្នំពេញ)៖ មន្រ្តីយោធា២នាក់ ក្នុងនោះមានម្នាក់មានឯកសណ្ឋានជាឧត្តមសេនីយ៍ឯក (ផ្កាយ៣) ផងនោះ ត្រូវបានសមត្ថកិច្ចចំរុះខណ្ឌឬស្សីកែវ ឃាត់ខ្លួននៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ដោយរកឃើញថា ពួកគេទាំង២នាក់ បានកាន់កាប់កាំភ្លើងខុសច្បាប់ (កាំភ្លើងហ្គាស) និងប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការឃាត់ខ្លួនពួកគេនៅវេលាម៉ោងប្រមាណ ១១៖៣០នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណៈដែលកម្លាំងសមត្ថកិច្ចចំរុះ ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ជនសង្ស័យពីរនាក់រួមមាន៖ ទី១៖ ឈ្មោះឡូត ហេង ហៅអាម៉េង អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរយោធា (ម្ចាស់អាវុធ និងលុយខ្មៅ)
និងទី២៖ ឈ្មោះ សន ប៊ុនថេង អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឬស្សីកែវ មុខរបរយោធា (ជាអ្នកកាន់អាវុធ)។

សម្ភារដកហូតរួមមាន៖
ទី១៖ អាវុធខ្លីជ័រប្រើហ្គាស់មួយដើម
ទី២៖ ប្រាក់ដុល្លារខ្មៅចំនួន១៥សន្លឹក
ទី៣៖ ប្រាក់ដុល្លារចំនួន១០៨០ដុល្លារ
ទី៤៖ ប្រាក់រៀលចំនួន២៥០០០រៀល
ទី៥៖ ម៉ូតូមួយគ្រឿងម៉ាក SZ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1BW-8627
ទី៦៖ អត្តសញ្ញាណប័ណ្ណយោធា២សន្លឹក។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងសាកសួរយកចំលើយ និងស្រាវជ្រាវរកបទល្មើសកន្លងមក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតីវិធី៕