(ភ្នំពេញ)៖ មន្ត្រីពេទ្យទាហានដែលមានឋានន្តរស័ក្ដិជាអនុសេនីយ៍ឯក (ស័ក្តិ៣) ម្នាក់ បានធ្វើទារុណកម្មទៅលើនារីជាសង្សាររបស់ខ្លួន ដោយបានប្រើប្រាស់អំពើហិង្សា ដោយបានយកខ្សែ និងកន្សែងចងដៃ ចងជើង ចងក ព្រមទាំងចាក់សោបង្ខាំងនៅក្នុងបន្ទប់ជួលរួចរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលទាំងយប់។

នារីរងគ្រោះត្រូវបានម្ចាស់ផ្ទះជួលឃើញ ក៏បានខលប្រាប់សមត្ថកិច្ច ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុ ជួយរំដោះនារីរងគ្រោះទាន់ពេលវេលា និងតាមចាប់វាយខ្នោះបុរសជនសង្ស័យបានភ្លាមៗផងដែរ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា ការភ្ញាក់ផ្អើលខាងលើនោះ បានកើតឡើងនៅចំណុចបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែកម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ស្នងការ បានចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា ដោយបានជួយរំដោះនារីរងគ្រោះ និងតាមចាប់ជនបង្កភ្លាមៗផងដែរ។

បើតាមលោកអធិការ ជនសង្ស័យមានឈ្មោះ អឹក សំអាង អាយុ៣០ឆ្នាំ មុខបរជាមន្ត្រីពេទ្យទាហានពាក់ស័ក្តិ៣ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ។ ចំណែកនារីរងគ្រោះឈ្មោះ ស.យ អាយុ២១ឆ្នាំ មុខរបរក្រុមហ៊ុនមួយ មានស្រុកកំណើត ស្រុកពញឮ ខេត្តកណ្តាល។

នៅពេលនេះ ជនសង្ស័យត្រូវបាននគរបាល យកទៅសួរនាំបន្តទៀត ដើម្បីចង់ដឹងមូលហេតុពិតប្រាកដ ដែលនាំឲ្យមានករណីនេះកើតឡើង។

សូមបញ្ជាក់ថា នៅខណ្ឌពោធិ៍សែនជ័យ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានករណីស្រ្តី២នាក់ បានរត់ទៅប្តឹងសមត្ថកិច្ច និងអាជ្ញាធរឲ្យជួយអន្តរាគមន៍ផងដែរ ដោយសារតែប្តីធ្វើបាប និងធ្វើទារុណកម្មលើផ្លូវភេទ និងរូបរាងកាយ តែជនសង្ស័យទាំង២នាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការផងដែរ៕