(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ដែលប្រកាសបង្កើតសមាគមសហព័ន្ធវិនិយោគិន កាលពីឆ្នាំ២០១៣ រួចមក សមាគមថ្មីនេះ បានធ្វើសកម្មភាពជាច្រើនលើវិស័យវិនិយោគនៅកម្ពុជា ហើយបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងវិនិយោគិនជាតិ និងវិនិយោគិនអន្តរជាតិ សំដៅជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជា។

ការប្ដេជ្ញាយ៉ាងមុតមាំនេះ ត្រូវបានបញ្ជាក់ឡើងក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល នៃគណៈកម្មការប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិន និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលលើកទី១ នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅភោជនីយដ្ឋាន ឌឹ ធើរ៉េស ធីខេ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សួន រិនឌី ប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មការប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិន។

ក្រោយបញ្ចប់ពិធីខាងលើរួចមក លោកបណ្ឌិត ឡី សុភាព នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិន បានលើកឡើងថា ក្រោយពីបានប្រជុំក្រុមប្រឹក្សាភិបាល និងលើកទិសដៅបន្តឆ្នាំ២០១៨-២០១៩ និងទិសដៅ៥ឆ្នាំបន្តនេះ សមាគមសហព័ន្ធវិនិយោគិន នឹងសម្រេចចងក្រងក្រុមវិនិយោគិនតាមវិស័យ ដើម្បីជាដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល បំពេញបន្ថែមចំពោះអ្វីដែលសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យឯកជនឲ្យមានភាពស៊ីចង្វាក់គ្នា។

លោកបណ្ឌិតបានបន្តថា សមាគមសហព័ន្ធវិនិយោគិន នឹងធ្វើការផ្សព្វផ្សាយច្បាប់ និងជំរុញការអភិវឌ្ឍ និងការវិនិយោគលើគ្រប់វិស័យ សំដៅជំរុញឲ្យកម្ពុជាមានកាងារ និងមុខរបរនៅក្នុងប្រទេសឲ្យបានច្រើនជាអតិបរមា នេះគឺជាអ្វីដែលសមាគមសហព័ន្ធវិនិយោគិនបានសម្រេច ហើយសមាគមក៏បានឯកច្ឆ័នគ្នាបង្កើតបទបញ្ជាផ្ទៃក្នុងថ្មី ដើម្បីសម្រួលឲ្យបានគ្រប់ផ្នែកគ្រប់វិស័យចូលរួមបាន និងភាពទូលំទូលាយផងដែរ។

លោកបណ្ឌិត ឡី សុភាព បានរំឭកពីសកម្មភាពរបស់សមាគមសហព័ន្ធវិនិយោគិននេះផងដែរ ដែលបានធ្វើក្នុងរយៈពេលកន្លងមកនេះ គឺបានពង្រឹង និងជំរុញទៅលើវិស័យសំខាន់ៗ ដូចជាវិស័យសុខាភិបាល ទេសចរណ៍ ពាណិជ្ជកម្មមួយចំនួនធំ ហើយនឹងជំរុញការវិនិយោគ ក៏ដូចជាការជំរុញការធ្វើអាជីវកម្មខ្នាតតូច និងមធ្យមឲ្យបានច្រើនទៀត។ បច្ចុប្បន្នសមាគមសហព័ន្ធវិនិយោគិន បានចងក្រងតាមផ្នែកបានចំនួន ២៨វិស័យ ក្នុងនោះមានសមាជិកជាង៣ម៉ឺននាក់ហើយ។

លោកបានលើកឡើងពីសន្ទុះនៃសហគ្រិនវ័យក្មេង ដែលកំពុងមានសន្ទុះខ្លាំងក្លា ក្រោមការដឹកនាំប្រកបដោយសន្តិភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោលគឺមានសន្ទុះជាអតិបរមាគួរឲ្យកត់សម្គាល់។ ៥ឆ្នាំទៀត កម្ពុជានឹងមានការរីកចម្រើនក្រោមម្លប់នៃសន្តិភាព។ ពីមុនមិនមានការជំរុញវិនិយោគិនជាតិទេ តើឥឡូវនេះយើងបានជំរុញវិនិយោគិនជាតិ ដោយផ្សារភ្ជាប់ជាមួយវិនិយោគិនអន្តរជាតិ ពិសេសជំរុញក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយសមាគមសហព័ន្ធវិនិយោគិន បានកំណត់ទិសដៅហើយថា បុគ្គលិកម្នាក់ត្រូវមានជំនាញមួយ ពោលសមាជិកដែលចូលមកក្នុងសមាគមនេះ ដាច់ខាតត្រូវតែមានជំនួញមួយ និងសេវាកម្មមួយត្រូវតែមានស្តង់ដារមួយ។

លោកបានមើលឃើញថា វិស័យអទិភាពនៅកម្ពុជាបច្ចុប្បន្ន រួមមាន ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ឧស្សាហកម្ម និងសិប្បកម្ម សុខាភិបាល ដែលជាផ្នែកមួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានកំណើនទៅមុខ បន្ទាប់មកគឺវិស័យអចលនទ្រព្យ។

នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនបានរូបនេះ បានសំណូមពរទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជីវករ ពាណិជ្ជករ ឧស្សាហករ សិប្បករ ក៏ដូចជាអ្នកវិនិយោគខ្នាតតូច និងមធ្យមទាំងអស់ សូមបន្តពង្រឹង និងពង្រីកធ្វើអ្វីមួយឲ្យបានត្រឹមត្រូវ និងមានវិជ្ជាជីវៈ បើជំនាញមួយយើងមិនចេះសូមកុំធ្វើ រៀនសិនចាំធ្វើ ហើយបើមិនច្បាស់កិច្ចការណាមួយទេ អាចចូលជាសមាជិកក្នុងសមាគមសហព័ន្ធវិនិយោគិន នោះសមាគមនឹងជួយរៀបចំទាំងទំនាក់ទំនងជាមួយអាជ្ញាធរដែនដី បច្ចេកទេស គោលនយោបាយ ប្រព័ន្ធគ្រប់គ្រងជាដើម៕