(ភ្នំពេញ)៖ លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ៣នាក់ ជាម្តាយកូននឹងគ្នា ដាក់ពន្ធនាគារ៨ខែ ពីបទធ្វើឱ្យខូចខាតដោយចេតនា លើទ្រព្យសម្បត្ដិរបស់លោកស្រី អ៊ុក ដារ៉ា ។ ជនជាប់ចោទទាំងនេះ ក៏ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសម្តងរួចមកហើយ ពីបទជេរប្រមាថលើដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវបានតុលាការ បង្គាប់ឲ្យសងសំណងជំងឺចិត្ដ ចំនួន២០លានរៀល ។
លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហំ សម្ផស្ស និងឈ្មោះ កែវ វណ្ណា ដាក់ពន្ធនាគារ៨ខែ ហើយផ្តន្ទាទោសឈ្មោះ សំ គឹមថា ដាក់ពន្ធនាគារ៨ខែដូចគ្នា តែទោសនេះត្រូវព្យួរ ។ តុលាការក៏បានបង្គាប់ឱ្យជនជាប់ចោទទាំង៣នាក់ សងសំណងជំងឺចិត្តដល់ដើមបណ្តឹង ចំនួន៣៦លានរៀលផងដែរ។
គួរបញ្ជាក់ផងដែរថា ជនជាប់ចោទឈ្មោះ ហំ សម្ផស្ស និងគ្រួសារ ដែលបានវាយបំបែកជញ្ជាំង បាំងសង្ក័សីព្រំដី ចូលមកបំពានលើកម្មសិទ្ធិស្របច្បាប់ និងមកកាត់កាម៉ារ៉ាក្នុងផ្ទះ របស់លោកស្រី អ៊ុក ដារ៉ា ដែលស្ថិតនៅតាមផ្លូវលេខ៥៥៨ ក្រុម៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កើតឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០១៧មកម្ល៉េះ ដែលបានបន្ដអូសបន្លាយរហូតមកដល់ពេលនេះ ដែលលោកស្រី អ៊ុក ដារ៉ា បានចោទទៅភាគីគ្រួសារ ហំ សម្ផស្ស ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងជេរប្រមាថ ។
បើតាមការបញ្ជាក់របស់ លោក អេង សុធា ជាមេធាវីតំណាងឲ្យលោកស្រី អ៊ុក ដារ៉ា បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃនេះថា លោកស្រី អ៊ុក ដារ៉ា ត្រូវបានគ្រួសារឈ្មោះ ហំ សម្ផស្ស ជេរប្រមាថ តាមបណ្ដាញសង្គម Facebook យ៉ាងសាហាវបំផុតជាច្រើនលើក ច្រើនសារ ដែលនេះ ជាអំពើខុសច្បាប់ទាំងស្រុង តែទោះជាយ៉ាងណាក៏ដោយ លោកស្រី មិនដែលតបតរនោះទេ ដោយយកប្រព័ន្ធច្បាប់ មកវិនិច្ឆ័យ រកយុត្ដិធម៌ ដល់លោកស្រី ដែលជាភាគីជនរងគ្រោះ តែប៉ុណ្ណោះ ។ដូចនេះ តុលាការ ប្រកាសផ្តន្ទាទោសជនជាប់ចោទទាំង៣នាក់នេះ ហាក់បង្ហាញឲ្យឃើញថា អាជ្ញាធរ ឬតុលាការ បានផ្ដល់ភាពយុត្ដិធម៌ ជូនលោកស្រី អ៊ុក ដារ៉ាពិតប្រាកដមែន ។
សូមបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០១៧ Account Facebook ឈ្មោះ Samphors zuzu ដែលត្រូវបានគេស្គាល់ថា ជារបស់ឈ្មោះ ហំ សម្ផស្ស ដែលបានបង្ហោះវីដេអូចោទប្រកាន់ជេរប្រមាថ ទៅលើលោកស្រី អ៊ុក ដារ៉ា ពាក់ព័ន្ធការជួសជុលផ្ទះ ដោយចោទថា លោកស្រី បានប្រើប្រាស់អំណាច គាបសង្កត់លើប្រជាពលរដ្ឋ ប៉ុន្ដែលោកស្រីបានបដិសេធចោលទាំងស្រុង និងចាត់ទុកថា គឺជាមួលបង្កាច់ខុសពីការពិត ខណៈដែលលោកស្រី មុននឹងធ្វើអ្វីមួយតែងតែគោរពទៅតាមផ្លូវច្បាប់ និងការទទួលស្គាល់ពីអាជ្ញាធរ ព្រមទាំងមន្ដ្រីជំនាញត្រឹមត្រូវ លើការជួសជុលផ្ទះរបស់ខ្លួន និងពុំបានរំលោភបំពានទៅលើផ្ទះរបស់ភាគីណាមួយ ដោយយកឋានៈបុណ្យសិក្ដ័របស់ខ្លួន ក្រៅពីប្រើតែសិទ្ធិ ទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ ៕