(ភ្នំពេញ)៖ ​លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ​បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលចំណេះដឹង ស្តង់ដារហាឡា។

វគ្គបណ្ដុះបណ្ដាលនេះ ដោយមានកិច្ចសហការពីគ្រូជំនាញឯកទេស​ នាយកដ្ឋានហាឡាល នៃគណៈកម្មាធិការកណ្តាលឥស្លាមថៃ (CICOT) ជាស្ថាប័នហាឡាលធំជាងគេមួយ​លើលោក និងមានសិក្ខាកាម​៥០​នាក់។​

លោក អូស្មាន ហាស្សាន់ បានថ្លែងថា ឧស្សាហកម្ម​ហាឡាលកម្ពុជា បាននិងកំពុងចូលរួមចំណែកលើកស្ទួយ​វិស័យសេដ្ឋ​កិច្ច និងកំណើនវិស័យទេសចរណ៍​កម្ពុជា ក្រោយពីអនុក្រឹត្យហាឡាលកម្ពុជា ក្រោមការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានដាក់ដំណើរការ និង​ផ្សព្វផ្សាយ នៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៦ បាននិងកំពុងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ អ្នកវិនិយោគជាតិ និង​អន្តរជាតិ។

បើតាមលោករដ្ឋមន្ដ្រីប្រតិភូអម កម្ពុជាមាន​ប្រភព និង​វត្ថុធាតុដើមច្រើន ដែលមកដល់ពេលមានក្រុមហ៊ុន សហគ្រាស ភោជនីយ៍ដ្ឋាន សត្តឃាត្តដ្ឋានកម្ពុជា សម្រាប់ផលិតផល​វត្ថុ ឬ​សេវាកម្ម ដែលទាក់ទងទៅនឹងផលិតផលម្ហូបអាហារ ផលិតផលសាច់ គ្រឿងសម្អាង ផលិតផលថែរក្សាខ្លួន ឱសថ អាហារបំប៉ន គ្រឿងផ្សំម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ដែលស្របតាមការអនុញ្ញាតតាមច្បាប់ឥស្លាម បានទទួលវិញ្ញាបនបត្រហាឡាល និងកំពុងបន្តស្នើសុំជាបន្តបន្ទាប់ ដើម្បីប្រកួតប្រជែងលើទីផ្សារហាឡាលពិភពលោក ដែលមានកំណើនរហូតដល់ ៣.៣​លានលាន​ដុល្លារ (3.3​Trillion USD) គិតឆ្នាំ​២០១៧។

ក្នុងនោះផ្នែកម្ហូបអាហារហាឡាលរហូតដល់​ ១​​លានលាន​ដុល្លា (1.0 Trillion USD) ជាពិសេសវិស័យទេសចរណ៍កម្ពុជា មានការកើនឡើងដល់ ៦.២​លាននាក់ សម្រាប់​២០១៨ នឹងអាចកើន​៧​លាននាក់ នៅឆ្នាំ​២០១៩ ព្រោះហាឡាលនឹងជំរុញលើកស្ទួយគាំទ្រនូវផលិតផល វត្ថុ ឬ​សេវាកម្មទាំងអស់កាន់តែរីកចម្រើនច្រើន សម្រាប់ការប្រើប្រាស់មនុស្សជាតិទូទៅ ជាពិសេសសហគមន៍ឥស្លាមដែលមានជាង ១.៨​ពាន់លាននាក់រស់នៅក្នុងពិភពលោក៕