(ភ្នំពេញ)៖ ម្តងហើយម្តងទៀត ក្រុមប្រឆាំងនៅកម្ពុជាដែលមាន សម រង្ស៊ី ជាមេក្លោងបានប្រើប្រាស់យុទ្ធសាស្ត្រចាស់គំរឹល ហួសសម័យ និងដ៏មានគ្រោះថ្នាក់បំផុត សម្រាប់ប្រទេសជាតិ។ នោះគឺនយោបាយដើរពឹង ឬជួលបរទេសឲ្យបំផ្លាញជាតិ និងការចាប់យកប្រជាជនក្នុងប្រទេសខ្លួនឯងធ្វើជាចំណាប់ខ្មាំងដើម្បី តែបម្រើឱ្យគោលដៅ ដណ្តើមអំណាច។ លោក សម រង្ស៊ី គឺជាអ្នកនយោបាយ ដែលងប់ងល់បំផុតជាមួយនយោបាយបំផ្លាញជាតិ ដ៏គ្រោះថ្នាក់នេះ។ អស់ពីរឿងមួយ ចូលដល់រឿងមួយ!
សំណុំរឿងចុះកិច្ចព្រមព្រៀងប្រគល់ដីខេត្តចំនួន៤ ឲ្យទៅជនជាតិម៉ុងតាញ៉ាវៀតណាមកំពុងតែក្តៅគគុក ស្រាប់តែសំណុំរឿងជួលក្រុមហ៊ុនបរទេស ឲ្យបំផ្លាញកិត្តយស កេរ្តិ៍ឈ្មោះ និងបំផ្លាញសេដ្ឋកិច្ចជាតិខ្លួនឯង ក៏ត្រូវបានបកអាក្រាតដោយសារព័ត៌មានបរទេស Asia Time ។ សារព័ត៌មានបរទេសមួយនេះ បានបង្ហាញដោយមានភស្តុតាង យ៉ាងច្បាស់លាស់ថា លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានចុះហត្ថលេខា ជួលក្រុមហ៊ុនបរទេសមួយឈ្មោះ Berlin Rosen ក្នុងតម្លៃទឹកប្រាក់ ២៥ ម៉ឺនដុល្លារអាមេរិក ដើម្បីឲ្យក្រុមហ៊ុននេះ ជួយប្រឌិតរឿង បំប៉ោងរឿង ហើយសរសេរអត្ថបទអាក្រក់ៗពីកម្ពុជា ហើយយកទៅចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិធំៗ។ គោលដៅរបស់លោក សម រង្ស៊ី គឺ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ដើម្បីបំភាន់សហគមន៍អន្តរជាតិ ឲ្យមើលឃើញថាកម្ពុជា មានសភាពខ្មៅងងឹត ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញ។
ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំពិតជាមានអារម្មណ៍សង្វេគ ក្តុកក្តួល ជាពន់ពេក នៅពេលឃើញចរិតអ្នកនយោបាយប្រឆាំង ដើម្បីតែអំណាច ហើយសុខចិត្តធ្វើគ្រប់បែបយ៉ាង រាប់ទាំងការប្រគល់ទឹកដីប្ររទេសជាតិ របស់ខ្លួនឲ្យទៅជនជាតិបរទេសរស់នៅដោយស្វ័យភាពខុសពីរដ្ឋធម្មនុញ្ញ និងហ៊ានចំណាយលុយជួលក្រុមហ៊ុនបរទេស ឲ្យបំផ្លាញប្រទេសជាតិខ្លួនឯង ដោយឥតញញើតកោតក្រែងបែបនេះ។ ក្នុងមួយជីវិតរបស់ សម រង្ស៊ី និងបក្សប្រឆាំងរបស់គាត់ គឺគាត់មិនដែលបានចំណាយលុយ មួយកាក់មួយសេន ដើម្បីកសាងសមិទ្ធផល ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជនខ្មែរឡើយ។ ហេតុដូច្នេះហើយ បានជាក្នុងអាជីពជាអ្នកនយោបាយជាច្រើនទសវត្សរ៍មកនេះ គេមិនដែលបានឃើញសមិទ្ធផលជាស្នាដៃរបស់សម រង្ស៊ី និងក្រុមប្រឆាំងរបស់គាត់ឡើយ សូម្បីតែអណ្តូងទឹកមួយ ឬសាលារៀនមួយបន្ទប់។ ផ្ទុយទៅវិញ សម រង្ស៊ី បានចំណាយលុយច្រើនណាស់ក្នុងមួយឆ្នាំៗ ទៅលើយុទ្ធនាការបំផ្លាញកិត្តិយស កេរ្តិ៍ឈ្មោះ បំផ្លាញសេដ្ឋកិច្ចជាតិខ្លួនឯង និងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយរបស់ប្រទេស ខណៈដែល រដ្ធាភិបាលដឹកនាំដោយបុរសខ្លាំង គឺលោក ហ៊ុន សែន បានខិតខំកសាងកិត្យានុភាពជាតិខ្មែរ លើឆាកអន្តរជាតិ កសាងប្រទេសឡើងវិញចេញពីគំនរផេះផង់ និងខិតខំថែរក្សាសន្តិភាព និងស្ថិតភាពសង្គម ប្រៀបដូចការថែរក្សាកែវភ្នែក។
ចេតនាអាក្រក់ជួរជាតិរបស់ សម រង្ស៊ី កំពុងត្រូវបានបកអាក្រាតជាបន្តបន្ទាប់។ សំណុំរឿងពីរចុងក្រោយដូចបានលើកឡើងខាងដើម កាន់តែបង្ហាញឲ្យពលរដ្ឋខ្មែរ បានឃើញច្បាស់ដោយឥតសង្ស័យថា លោក សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនបានឡើយ។ សម រង្ស៊ី មិនញញើតក្នុងការពឹងពាក់បរទេស ឬជួលបរទេសឲ្យបំផ្លាញជាតិខ្មែរឡើយ។ សម រង្ស៊ី និងខ្សែបណ្តាញរបស់ខ្លួនមានវិទ្យុអាស៊ីសេរី និងអង្គការសង្គមស៊ីវិលមួយចំនួន និងអង្គការអន្តរជាតិខ្លះ ដែលជាអ្នកស៊ីឈ្នួល បានបំភ្លៃ ប្រឌិតព័ត៌មានអាក្រក់ៗគ្រប់បែបយ៉ាងពីកម្ពុជា។ ជាក់ស្តែង វិទ្យុអាស៊ីសេរី បានប្រឌិតព័ត៌មានយ៉ាងឥតអៀនខ្មាស ស្តីពីព្រឹត្តិការណ៍ក្នុងខេត្តក្រចេះកាលពីពេលថ្មីៗនេះដោយផ្សាយខុសពីការពិតទាំងស្រុងថា មានពលរដ្ឋខ្មែរ ៨ នាក់បានស្លាប់ និង ៤០នាក់រងរបួស ដោយការបាញ់ប្រហារ របស់មសត្ថកិច្ច។ ព័ត៌មានប្រឌិតទាំងស្រុងក្នុងចេតនាអាក្រក់ជួរជាតិនេះ ក៏ត្រូវបាន សម រង្ស៊ី ចែកចាយ និងបំប៉ោងបន្ថែមដោយឥតអៀនខ្មាស តាមរយៈការចេញលិខិត រំលែកទុក្ខ ជនរងគ្រោះ ដែលការពិតមិនមានអ្នកណាស្លាប់ម្នាក់សោះ នៅក្នុងព្រឹត្តិការណ៍ដែលគេបានបង្កើតឡើង។
រហូតមកទល់ថ្ងៃនេះ ទាំងវិទ្យុអាស៊ីសេរី ទាំង សម រង្ស៊ី នៅតែមិនកែតម្រូវព័ត៌មានប្រឌិតរបស់ខ្លួនឡើយ។ នៅពេលរឿងជួលក្រុមហ៊ុនបរទេសតម្លៃ ២៥ ម៉ឺនដុល្លារ ត្រូវបានសារព័ត៌មានបរទេសបកអាក្រាត ហើយ សម រង្ស៊ី ខ្លួនឯងបានទទួលសារភាពព្រោះមិនអាចប្រកែកបាន ប៉ុន្តែវិទ្យុអាស៊ីសេរីបែរជាខិតខំជួយការពារដោយខិតខំ ឆ្កឹះកកាយរឿងផ្សេង មិនពាក់ព័ន្ធមកបិទបាំង។ មិនតែប៉ុណ្ណោះ អាស៊ីសេរី បានបើកក្បាលមេក្រូឲ្យ សម រង្ស៊ី និយាយពាសវាលពាសកាល ដោយមិនចំប្រធានបទ ក្នុងបំណងបំភ្លៃសាធារណៈមតិ។ នេះសបញ្ជាក់ថា វិទ្យុអាស៊ីសេរីជាវិទ្យុគ្មានវិជ្ជាជីវៈ និងជាអ្នកស៊ីឈ្នួលដាច់ថ្លៃបម្រើឲ្យនយោបាយរបស់ សម រង្ស៊ី ដោយឥតអៀនខ្មាស។
កន្លងទៅនេះ ឲ្យតែជនបរទេសស៊ីឈ្នួល សម រង្ស៊ី និយាយអ្វីអាក្រក់ពីប្រទេសរបស់ខ្លួន វិទ្យុអាស៊ីសេរីក៏យកទៅបំពង និងបំប៉ោងថែមដោយឥតកោតញញើតឡើយ។
នយោបាយពឹងបរទេសដើម្បីឲ្យបំផ្លាញជាតិខ្លួនឯង ព្រោះតែបុព្វហេតុចង់បានអំណាចដែលជានយោបាយដ៏គ្រោះថ្នាក់ នាំជាតិឲ្យលិចលង់ជាបន្តបន្ទាប់កាលពីអតីតកាល ត្រូវបាន សម រង្ស៊ី ចម្លងយកមកអនុវត្តរហូតដល់សព្វថ្ងៃដោយគ្មានកែប្រែសូម្បីតែបន្តិច។ ទោះបីជាប្រទេសកម្ពុជាបច្ចុប្បន្នកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាម មិនចាញ់ បណ្តាប្រទេសជិតខាងប៉ុន្មានក៏ដោយ ប៉ុន្តែ ក្រុមប្រឆាំងមាន សម រង្ស៊ី និងខ្សែបណ្តាញស៊ីឈ្នួល មានជនបរទេសមួយចំនួន និងវិទ្យុអាស៊ីសេរី ជាដើមនេះ នៅតែខិតខំបំភ្លៃ ការពិតដោយហ៊ាននិយាយកុហកទាំងស្រុងថា កម្ពុជាជាប្រទេសដ៏ខ្មៅងងឹតបំផុតមួយ។ ប៉ុន្តែ សម័យនេះអ្វីៗមិនអាស្រ័យលើមាត់ថាទេ តែជាសម័យ ដែលមនុស្ស បានមើលឃើញនឹងភ្នែកគ្រប់ៗគ្នា។ អ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ទាំងខ្មែរ និងបរទេស រួមទាំងអ្នករស់នៅខាងក្រៅប្រទេសផងដែរ អាចមើលឃើញកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងសម្បើមមិនធ្លាប់មាន។
សច្ចៈធម៌ប្រវត្តិសាស្ត្រនេះ មិនអាចត្រូវអ្នកណាកែកាឡៃបានឡើយ។ ដូច្នេះ លោក សម រង្ស៊ី និងបក្សពួកគួរតែបញ្ឈប់ជាបន្ទាន់ នូវនយោបាយបំផ្លាញជាតិខ្លួនឯង ដើម្បីអំណាចតទៅទៀត ពីព្រោះដរាបណា សម រង្ស៊ី កាន់តែធ្វើអំពើអាក្រក់ៗបែបនេះ សម រង្ស៊ី និងខ្សែបណ្តាញរបស់ខ្លួននឹងកាន់តែត្រូវបានគេស្គាល់មុខមាត់កាន់តែច្បាស់។ អំពើអាក្រក់ដែលអ្នកបានសាង អ្នកនឹងទទួលកម្មអាក្រក់នោះវិញដោយទាន់ហន់ ដោយមិនបាច់រង់ចាំដល់ជាតិក្រោយឡើយ។ ជាក់ស្តែង អ្វីដែលលោក សម រង្ស៊ី និងគណបក្សរបស់ខ្លួន បានទទួលរងសព្វថ្ងៃនេះ គឺជាកម្មដែលគាត់បានសាងដោយខ្លួនឯង។ អំពើក្បត់ជាតិមិនអាចបិទបាំងបានឡើយ និងក៏មិនអាចគេចផុត ពីសំណាញ់ច្បាប់បានដែរ។ អ្នកធ្វើអំពើបែបនេះនឹងឈានទៅរកភាពវិនាសអន្តរាយដល់ខ្លួនយ៉ាងពិតប្រាកដដោយចៀសមិនរួច៕
ដោយ៖ កូនខ្មែរ