(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រទេសកម្ពុជា-ថៃ​ បានឯកភាពគ្នាដំឡើងច្រកចំនួន៤ទៀត​ នៅជាប់ព្រំដែនប្រទេសទាំងពីរ​ ឱ្យក្លាយទៅជាច្រកអន្តរជាតិ​ មានលក្ខណៈទ្រង់ទ្រាយធំជាងមុខ នៅពេលខាងមុខនេះ​ ដើម្បីបង្កើនទំនាក់ទំនង​ពាណិជ្ជកម្ម​ និងសេដ្ឋកិច្ច តាមបណ្តោយព្រំដែន។

ច្រកព្រំដែន​កម្ពុជា​-ថៃ​ ចំនួន៤​ នោះរួម​មាន៖ ទី១៖ច្រក​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង​ របស់កម្ពុជា ទល់នឹង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះ​កែវ​ របស់ថៃ។ ទី២៖ច្រក​អានសេះ ក្នុង​ខេត្តព្រះវិហារ​ កម្ពុជា​ទល់នឹងច្រក​អាន​ម៉ា ខេត្ត​កេ​ត​វ័ន​ឡា​សុ​ថា​នី ប្រទេស​ថៃ។ ទី៣៖​ ច្រក​ជប់​គគី ក្នុង​ខេត្តឧត្តរមានជ័យ កម្ពុជា​ ទល់នឹង​ច្រកសាយតាគូ​ ខេត្ត​បូ​រី​រ៉ាំ ប្រទេសថៃ និងទី៤៖ ​ច្រក​ថ្មដារ ក្នុង​ខេត្តពោធិ៍សាត់ និង​ច្រក​បានថា​សេន ក្នុង​ខេត្ត​ត្រាត។

បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត, សម្រាប់ ច្រក​អន្តរជាតិភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង​ របស់កម្ពុជា ទល់នឹង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត​ស្រះ​កែវ​ របស់ថៃ​ ភាគីទាំងពីរនឹងសម្ពោធ​ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០១៨​ ខាងមុខនេះ​ ហើយច្រកអន្តរជាតិថ្មី៣ទៀត​ នឹងបើកជាបន្តបន្ទាប់ទៀត។

ការឯកភាពគ្នានេះ​ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា (GBC) លើកទី១៣ នៅ​ទីក្រុងបាងកក ​ប្រទេស​ថៃ កាលពីថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​ ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស​ថៃ និង​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៕