(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ងួន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបន្តនីតិវិធីជាក្រោយ ពាក់ព័ន្ធករណី បើករថយន្តព្រុសបុករ៉ឺម៉កកង់បីឥណ្ឌា បណ្តាលឱ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់។
គួររំលឹកថា សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួននារីម្នាក់ ដែលបើករថយន្តព្រុស បុករ៉ឺម៉កកង់បីឥណ្ឌា បណ្តាលឱ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ចំណែកជនរងគ្រោះមានឈ្មោះ តាក់ ចន្នី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ អ្នកចម្រៀងចង្វាក់រ៉ុក នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង ខណ្ឌចំការមន និងមានជនរងគ្រោះម្នាក់ទៀត ជាជនជាតិបរទេស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
គួររំលឹកថា កាលពីវេលាម៉ោង០១៖៤០នាទីទាបភ្លឺថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក Toyota Prius មួយគ្រឿង គ្មានស្លាកលេខ និងរ៉ឺម៉កកង់៣ឥណ្ឌា នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់៕