(ភ្នំពេញ)៖ កាហ្វេម៉ាកល្បីៗនៅក្រៅប្រទេស ហាក់កំពុងតែវាយលុកទីផ្សារកម្ពុជាខ្លាំង កត្តាដែលបណ្ដាលឲ្យមានការហូរចូលខ្លាំង ក្នុងទីផ្សារកម្ពុជាបែបនេះ គឺមកពីប្រទេសកម្ពុជាមានសេដ្ឋកិច្ចល្អ ខណៈដែលប្រជាពលរដ្ឋ ក៏មានចំណូលកើនឡើង និងសមរម្យផងនោះ។
ម៉ាកកាហ្វេល្បីៗនៅក្រៅប្រទេស ដែលកំពុងមានមានវត្តមាននៅទីផ្សារកម្ពុជារួមមាន៖ កាហ្វេ Starbucks , កាហ្វេកូស្តា, កាហ្វេប៊ីន, កាហ្វេអាម៉ាហ្សូន, កាហ្វេធូដេ ចំណែកឯកាហ្វេក្នុងស្រុកក៏មានច្រើដូចគ្នាដែររួមមាន៖ កាហ្វេប្រោន និងផាកកាហ្វេជាដើម។
ដោយមើលឃើញពីទីផ្សារដ៏ល្អរបស់កម្ពុជានេះហើយ ទើបថ្មីៗនេះ ម្ចាស់ក្រុមហ៊ុនដ៏ល្បីមួយ នៅក្នុងប្រទេសថៃ គឺក្រុមហ៊ុន RCG Retail Cambodia បាននាំយក Franchise កាហ្វេដ៏ល្បីមួយទៀតហើយ ចូលមកលក់ និងចែកចាយក្នុងប្រទេសកម្ពុជា នោះគឺកាហ្វេម៉ាក Inthanin។
កាហ្វេ Inthanin មានប្រភពមកពីប្រទេសថៃ ដែលបច្ចុប្បន្ននេះកំពុងទទួលគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋថៃ ទាំងរសជាតិ និងតម្លៃ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានក្រុមហ៊ុន RCG Retail Cambodia បានឲ្យដឹងថា «កត្តាដែលជំរុញឲ្យខ្ញុំនាំយកម៉ាកកាហ្វេ Inthanin មកលក់ Franchise ក្នុងប្រទេសកម្ពុជាព្រោះ ខ្ញុំយល់ថាធុរកិច្ចកាហ្វេនេះ អាចជោគជ័យក្នុងប្រទេសកម្ពុជាបាន ដោយសារតែប្រជាពលរដ្ឋខ្មែរ មានការនិយមគាំទ្រកាហ្វេថៃ ទំនិញថៃ ដូច្នេះខ្ញុំគិតថាយើងគួរតែនាំម៉ាកកាហ្វេល្បីៗមកកម្ពុជា ដើម្បីឲ្យអតិថិជនខ្មែរ ដែលចាប់អារម្មណ៍ធ្វើធុរកិច្ចដោយជោគជ័យ»។
លោកស្រីបញ្ជាក់ទៀតថា សម្រាប់តម្លៃ Franchise របស់កាហ្វេ Inthanin នេះមានតម្លៃធូរជាងកាហ្វេអាម៉ាហ្សូនបន្ដិច ប៉ុន្ដែកញ្ចប់នៃការយកមកលក់វិញ គឺមានច្រើនជាង។ តាមទិសដៅដែលបានកំណត់ក្រុមហ៊ុន នឹងធ្វើការលក់ Franchise កាហ្វេ Inthanin នៅក្នុងប្រទេសកម្ពុជា និងឡាវឲ្យបាន១០០សាខា យោងតាមតួលេខនេះ ការលក់ Franchise នៅក្នុងប្រទេសកម្ពុជា អាចបាន៩០ភាគរយ និងក្នុងប្រទេសឡាវ មានចំនួន១០ភាគរយ៕