(ព្រះវិហារ)៖ រថយន្តធុនយក្សមួយគ្រឿង ត្រូវបានក្រុមការងារត្រួតពិនិត្យយានយន្តខេត្តព្រះវិហារ ចាប់ពិន័យតាមច្បាប់ ដោយសារដឹកលើសទម្ងន់រហូតជាង៤០តោន បានថវិក១២លានរៀន ដែលករណីនេះ ជាប្រវត្តិសាស្ត្រហើយ ដែលខេត្តនេះមានរថយន្តល្មើសច្បាប់ ដឹកលើសទម្ងន់ច្រើនយ៉ាងនេះ។
តាមលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះថា កាលពីល្ងាចម្សិលមិញនេះ ក្រុមត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានចាប់ឃាត់រថយន្តធុនយក្សមួយគ្រឿងដឹកថ្ម នៅចំនុចស្រុកគូលែន ជាប់នឹងព្រំប្រទល់ខេត្តសៀមរាប។
លោកបន្តទៀតថា ក្រោយពីចាប់ឃាត់រថយន្តដឹកថ្ម ដែលក្រុមការងារសង្ស័យថា ដឹកលើសទម្ងន់ច្រើនរាយការណ៍ ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហាររួចមក លោកអភិបាលខេត្តបានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន យកជញ្ជីងមកថ្លឹងឲ្យឃើញជាក់ស្តែង។
ក្រោយពីក្រុមការងារ បានថ្លឹងរថយន្តធុនយក្សនោះ ឃើញថាមានចំនួនសរុបជាង ៨៣តោន លើសទម្ងន់ដែលច្បាប់បានអនុញ្ញាត ដែលក្នុងច្បាប់កំណត់តែ៤០តោនប៉ុណ្ណោះ ដូច្នេះរថយន្តនេះ ដឹកលើសទម្ងន់រហូត៤៣តោន ហើយករណីនេះ ជាប្រវត្តិសាស្ត្ររបស់ខេត្តព្រះវិហារ ដែលមានរថយន្តដឹកលើសទម្ងន់ច្រើនយ៉ាងនេះ។
បន្ថែមលើនេះលោក សំ លាងទ្រី បានឲ្យដឹងបន្តថា ផ្អែកតាមច្បាប់រថយន្តប្រភេទភ្លៅ៤ ឬ៥ គឺអាចដឹកបានទម្ងន់សរុប៤០តោន ដោយឡែករថយន្តសណ្តោងរ៉ឺម៉ក អាចដឹកបានប្រមាណ៤៥តោនប៉ុណ្ណោះ ប៉ុន្តែរថយន្តនេះភ្លៅ៥ទេ អាចដឹករហូត៨៣តោន ដែលករណីនេះផ្អែកទៅលើច្បាប់ គឺត្រូវបានពិន័យចូលថវិការរដ្ឋ ១០តោនស្មើ៣០ម៉ឺនរៀល សរុប៤០តោនស្មើថវិកា១២លានរៀល ហើយនឹងត្រូវឲ្យរើទម្ងន់ដែលលើសនោះទម្លាក់ចោល ទើបអាចឲ្យបន្តដំណើរទៅមុខទៀតបាន។
ជាមួយគ្នានេះផងដែរលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្ត បានជំរុញឲ្យក្រុមការងារត្រួតពិនិត្យយាយយន្ត ធ្វើយ៉ាងណាត្រូវតែអនុវត្តន៍តាមច្បាប់ ដោយមិនលើកលែង ពិសេសទៅលើយានយន្តណា ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកលើសទម្ងន់ ដឹកសំពីងសំពោងជាដើម៕