(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយប្រកាសថា លិខិតមួយដែលចេញថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីសំណើសុំបញ្ចូលក្របខណ្ឌគ្រូបង្រៀនក្នុងក្រសួងអប់រំ របស់និស្សិតចំនួន២២៣នាក់ គឺជាលិខិតក្លែងក្លាយ។
ចំពោះករណីនេះ ក្រសួងអប់រំបញ្ជាក់ថា គឺជាការក្លែងបន្លំឯកសារសាធារណៈរបស់ជនខិលខូចមួយចំនួន ក្នុងឧបាយកលទុច្ចរិត បោកប្រាស់ ដើម្បីផលប្រយោជន៍ក្រុមខ្លួន ហើយដែលក្រសួងបាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជនក្លែងបន្លំ ឯកសារសាធារណៈ ខាងលើមកទទួលទោសតាមច្បាប់។
ក្រសួងបញ្ជាក់បន្ថែមថា ការចូលក្នុងក្របខណ្ឌរបស់ក្រសួងអប់រំ ត្រូវឆ្លងកាត់ការប្រឡងប្រជែងចំណោម សិស្ស និស្សិត ឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព លទ្ធផលទទួលយកបាន៕