(ភ្នំពេញ)៖ បន្ទាប់ពីបានចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន SUCCESSCO កាលពីពេលថ្មីៗនេះរួចមក ក្រុមហ៊ុន SUCCESSCO បានខិតខំប្រឹងប្រែង ជួយទាក់ទាញក្រុមហ៊ុននានា ឲ្យចូលក្នុងទីផ្សារមូលបត្រកម្ពុជា។

ការប្រឹងប្រែងនេះ ត្រូវបានបង្ហាញឡើង នៅក្នុងកម្មវិធីជួបជុំអ្នកដឹកនាំ និងម្ចាស់អាជីវកម្មមួយ ក្រោមប្រធានបទ «ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម Financial Roadmap For Biz Owner» នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុននេះ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសពី លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា និងលោក គឺលោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។

លោក ស៊ីម តារា អគ្គនាយកក្រុមហ៊ុន SUCCESSCO បានឲ្យដឹងថា ក្រុមហ៊ុន SUCCESSCO ជាក្រុមហ៊ុនមួយ មានចំណែកជួយអភិវឌ្ឍន៍ នូវធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដូចជាផ្តល់ចំណេះដឹង ផ្តល់យុទ្ធសាស្ត្រ ដល់អ្នកអាជីវកម្មវ័យក្មេង ក៏ដូចជាម្ចាស់អាជីវកម្មដទៃទៀត ដែលមានបំណងពង្រីកអាជីវកម្មឲ្យរីកចម្រើនទៅមុខ។

លោកបានបន្តថា គោលបំណងពិសេសមួយទៀត ជាក្តីសង្ឃឹមផ្ទាល់របស់ក្រុមហ៊ុន SUCCESSCO ដែលចង់នាំក្រុមហ៊ុនជាច្រើននៅកម្ពុជា ចូលក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។

លោក ហុង សុហួរ បានថ្លែងថា ផ្សារមូលបត្រកម្ពុជា នឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល ដែលរៀបចំឡើងដោយក្រុមហ៊ុន SUCCESSCO នេះ តាមរយៈការប្រឹក្សាយោបល់ អំពីកម្មវិធីបណ្តុះបណ្តាល ក៏ដូចជាការផ្តល់នូវវាគ្មិនជំនាញពាក់ព័ន្ធ។

លោកបន្តទៀតថា ការសហការគ្នាជាមួយក្រុមហ៊ុន SUCCESSCO ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ផ្សារមូលបត្រកម្ពុជា ក្នុងការបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់ និងសារប្រយោជន៍ នៃការចុះបញ្ជីលក់ភាគហ៊ុន នៅផ្សារភាគហ៊ុនដល់សហគ្រិនទាំងឡាយ ជាពិសេសសហគ្រិនដែលជាសមាជិក នៃក្រុមហ៊ុន SUCCESSCO ផ្ទាល់តែម្តង។

លោក ស៊ូ សុជាតិ បានឲ្យដឹងដែរថា លោកគាំទ្រ និងជំរុញអ្នកអាជីវកម្មវ័យក្មេង ក៏ដូចជាម្ចាស់អាជីវកម្មដទៃទៀត ដែលមានបំណងពង្រីកអាជីវកម្មឲ្យរីកចម្រើនទៅមុខ ឲ្យសាកល្បងចូលក្នុងផ្សារមូលបត្រកម្ពុជា។

លោកបានបន្តថា គណៈកម្មការផ្សារមូលបត្រកម្ពុជា មានតែការពារ និងចង់ឃើញអ្នកអាជីវកម្មវ័យក្មេង ក៏ដូចជាម្ចាស់អាជីវកម្មដទៃទៀត មានភាពជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួនតែប៉ុណ្ណោះ។


សូមជម្រាបជូនថា របៀបវារៈនៃ កម្មវិធីជួបជុំ អ្នកដឹកនាំ និងម្ចាស់អាជីវកម្ម ក្រោមប្រធានបទ «ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម Financial Roadmap For Biz Owner» រួមមាន៖

* ទី១៖ កត្តា៥យ៉ាងដែលស្ថាបនិកអាជីវកម្មភាគច្រើនបានមើលរំលង
* ទី២៖ ផែនទីហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម
* ទី៣៖ តើលោកអ្នកអាចទទួលបានប្រភពដើមទុនពីសាធារណៈ ដើម្បីចាប់ផ្តើម និង ពង្រីកអាជីវកម្មបន្ថែមតាមរបៀបណា?
* ទី៤៖ ដំណើរឆ្ពោះទៅ IPO ឬការចុះបញ្ជីនៅទីផ្សារមូលបត្រ វាជាជម្រើសរបស់អ្នក៕