(បន្ទាយមានជ័យ) ៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នេះលោក លី សារី អភិបាលរងខេត្ត លោក សាន ស៊ានហូ អភិបាលក្រុង លោក រ៉ូ ប៉ូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងប្រជាពលរដ្ឋជាង២០០នាក់ បានអញ្ជើញចូលរួម ផ្សព្វផ្សាយប្រកាសកំណត់ តំបន់ធ្វើការវិនិច័្ឆយសម្រាប់ការចុះបញ្ជីដីធ្លី នៅក្រុងប៉ោយប៉ែត នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សាន ស៊ានហូ បានថ្លែងថា ថ្ងៃនេះ ជាថ្ងៃដ៏មានអត្ថន័យ និងមានសេចក្តីសោមន្សរីករាយក្រៃលែង សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី ក្នុងភូមិក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត បានរៀបចំប្រារព្ធពិធីប្រកាសបិទផ្សាយជាសាធារណៈ នៅឯកសារនៃការកំណត់តំបន់ធ្វើការ​វិនិច្ឆ័យ​ លើក្បាលដី របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិនិ្នន័យ ដែលជាក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរដែលបានចុះអនុវត្តតាមនិតិវិធីកន្លងមក។

លោក រ៉ូ ប៉ូរ៉ា បានថ្លែងថា ក្រុមការងារកំពុងបញ្ចេញសកម្មភាព បោះបង្គោលព្រំ ចុះវាស់វែងផ្នែកខាងមុខ និងមានប្រជាពលរដ្ឋ មកបំពេញឯកសារសុំសិទ្ធិកាន់កាប់ដីធ្លី ការចុះ បញ្ជីដីធ្លី និង ការចេញប័ណ្ណកម្មសិទ្ធិមាននីតិវិធី ពីរ គឺការចុះបញ្ជីតាម ការស្នើសុំរបស់ម្ចាស់ដីដែលគេឲ្យឈ្មោះថា ការចុះបញ្ជី ដាច់ដោយដុំ និង ការចុះបញ្ជី មួយឃុំម្តងៗ តាមការកំណត់របស់រដ្ឋាភិបាលដែល​មានសម្តេចតេជោ​ ហ៊ុន សែន ដែលគេហៅថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។ ម្ចាស់ដី គឺជាអ្នកកំណត់ព្រំជាមួយអ្នកជិតខាង ចំណែកមន្ត្រីបច្ចេកទេសគ្រាន់តែជាអ្នកចុះទៅវាស់វែងទៅតាមព្រំដែល ចង្អុលបង្ហាញដោយម្ចាស់ដីតែប៉ុណ្ណោះ។ ដូច្នេះនៅក្នុងដំណាក់កាលនេះការ ចូលរួមចំណែកពីម្ចាស់ដីមានសារសំខាន់ណាស់។

លោកបន្តថា ម្ចាស់ដីក៏ត្រូវមត្រៀម នូវឯកសារចាំបាច់មួយចំនួនផងដែរ​ ឯកសារទាំងនេះ រួមមាន៖ សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍ ,បណ្តាំមរតក, សាលក្រមតុលាការ, លិខិត ទិញ-លក់ ។ល។

លោកបន្ថែមថា អាជ្ញាធរត្រូវធ្វើការបិទផ្សាយ ជាសាធារណៈនូវប្លង់សុរិយោដី និងបញ្ជី ឈ្មោះម្ចាស់ដីដើម្បីឲ្យប្រជាពលរដ្ឋ ពាក់ព័ន្ធ អាចធ្វើការត្រួតពិនិត្យនិង តវ៉ាសុំធ្វើការកែប្រែប្រសិនបើមានកន្លែងមិនត្រឹមត្រូវ។

លោកបានបញ្ជាក់ថា នៅក្នុងដំណើរការចុះបញ្ជីនេះប្រសិនបើកើតមាន វិវាទណាមួយ ដូចជា វិវាទ រឿង ព្រំដី ជាដើម ភាគីជម្លោះ អាចសុំឲ្យគណៈកម្មការ រដ្ឋបាលជួយដោះស្រាយ និងសម្រុះសម្រួល ឲ្យដោយមិនចាំបាច់ប្តឹងផ្តល់គ្នាទៅដល់តុលាការនោះទេ។ ករណីពាក់ព័ន្ធតែជាមួយស្ថាប័នរដ្ឋតែប៉ុណ្ណោះ ផុតរយៈពេល៣០ ថ្ងៃដែលបើកឲ្យមាន ការតវ៉ា មន្រ្តី មានសមត្ថកិច្ចត្រូវធ្វើការពិនិត្យ ទៅលើប្លង់សុរិយោដី និងបញ្ជី ឈ្មោះ ម្ចាស់ដីដែលត្រូវចុះ ក្នុងសៀវភៅគោលបញ្ជីដីធ្លី។ ដីទាំងឡាយ ណាដែល មិនជាប់មានទំនាស់ហើយមិនមែនចូលជាដីរបស់ រដ្ឋនឹងត្រូវចុះក្នុងសៀវភៅគោលបញ្ជី ដីធ្លី ហើយប្រធានមន្ទីរ ភូមិបាល ខេត្ត-ក្រុង នឹង ចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិស្ថាពរ។

ក្រោយពីអាជ្ញាធរចុះហត្ថលេខាចេញប័ណ្ណហើយ​ប័ណ្ណ ទាំងនេះនឹងត្រូវ ចែកជូន ដល់ម្ចាស់ដី វិញ។ ម្ចាស់ដីត្រូវទៅទទួល ប័ណ្ណដោយ ផ្ទាល់ដៃហើយ ប័ណ្ណនេះគឺជាប័ណ្ណកម្មសិទ្ធជាស្ថាពរ។
លោកលី សារី​ អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា សូមមន្ត្រីជំនាញមេត្តាគិតគូនូវបញ្ហាឯកសារអោយរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវច្បាស់លាស់ និងបញ្ជាក់អោយពួកគាត់យល់ដឹង ធ្វើយ៉ាងណាជៀសវាងបង្កបញ្ហាដល់ពួកគាត់អោយសោះ ។ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមឯកសារ​គតិយុទ្ធអោយបានគ្រប់គ្រាន់ ធ្វើមន្ត្រីជំនាញធ្វើការវាស់វែងនិងចុះបញ្ជីជាប្រព័ន្ធ ។
លោកអភិបាលរងខេត្តថ្លែងបន្តថា ប្រសិនបងប្អូនប្រជាពលរដ្ឋមានបញ្ហាព្រំដីជាមួយអ្នកជិតខាង ត្រូវដោះស្រាយអោយបានឆាប់រហ័ស ព្រោះមន្ត្រីជំនាញមានការាងារច្រើនទៀត ហើយមន្ត្រីជំនាញក៏មិនរង់ចាំយើងឡើយ ។ ប្រសិនជាទ្រព្យខាងណាបញ្ជាក់អោយបានច្បាស់លាស់ត្រឹមត្រូវ ប្រសិនជាទ្រព្យដីធ្លីខាងប្តី ប្រពន្ធ ឪពុក ម្តាយ បងប្អូន ក្មួយ ចៅជាដើម ជៀសវាងមានបញ្ហាកើតឡើងរវាងគ្នា នឹងគ្នា៕