(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ លោក លាង សំណាត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិថៃ ដាក់ពន្ធនាគារកំណត់អស់១ជីវិត ក្រោមបទចោទ «រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោក ជួន សុជាតិ ថា «នៅរសៀលថ្ងៃនេះលោកចៅក្រម បានប្រកាសផ្តន្ទាទោសបុរសជនជាតិថៃរូបនេះ ដាក់ពន្ធនាគារអស់មួយជីវិតតែម្តង»។
សូមបញ្ជាក់ថា នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ បានសារភាពថា ខ្លួនពិតជាបានដឹកគ្រឿងញៀននេះមែន ដោយខ្លួនធ្វើតាមការបញ្ជារបស់ឈ្មោះ ឌីន យ៉ៃ។
គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទខាងលើ កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត៖
* គ្រឿងញៀន ប្រភេទម៉េតំហ្វេតាមីន ទម្ងន់៣គីឡូក្រាម
* គ្រឿងញៀន ប្រភេទហេរ៉ូអ៉ីន២ដុំ ទម្ងន់៦៦០ក្រាម
* គ្រឿងញៀន ប្រភេទម្ស៉ៅក្រាមមេតំហ្វេតាមីន ចំនួន៩ដុំ ទម្ងន់៦គីឡូក្រាម
* គ្រឿងញៀនប្រភេទ គ្រាប់ WY ចំនួន៩ដុំ មាន៥២០០០គ្រាប់
* រថយន្ដ ចំនួន០២គ្រឿង៕