(ភ្នំពេញ)៖ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពទទួល អំណោយអាហារបំប៉នសុខភាព កែម ប្រូប៊ីយូទិក (KEM Probiotic) ពីមូលនិធិគីណាល់ តំណាងដោយលោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលិធិ និងជាប្រធានសហគ្រាសផលិតឱសថ ប៉េប៉េអឹម និងក្រុមហ៊ុន ខនហ្វីរេល នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នេះ។
ក្នុងពិធីនោះ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឱសថបណ្ឌិត ប្រធានមូលនិធិគីណាល់ រោងចក្រផលិតឱសថ ប៉េប៉េអឹម និងខនហ្វីរេល និងក្រុមការងារទាំងអស់ ដែលបានផ្តល់ជាអំណោយអាហារ បំប៉នសុខភាព កែម ប្រូប៊ីយូទិក និងបានគិតដល់អ្នក ដែលរស់នៅជាមួយមេរោគអដស៍ ដែលត្រូវការសារធាតុបំប៉ន ប្រូប៊ីយូទិក នេះ ដើម្បីលើកកម្ពស់សុខភាព។
សូមបញ្ជាក់ថា អាហារបំប៉នសុខភាព ខេម ប្រូប៊ីយូទិក (KEM Probiotic) ជាផលិតផលថ្មី ផលិតដោយក្រុមហ៊ុន ខនហ្វីរេល (CONFIREL) សហការជាមួយ ក្រុមហ៊ុនផលិតឱសថ ប៉េប៉េអឹម (PPM) និងក្រុមសាស្រ្តាចារ្យឯកទេសខ្មែរ និងបរទេស បន្ទាប់ពីបានចំណាយពេលសិក្សាស្រាវជ្រាវ ផលិតអស់រយៈពេល៨ឆ្នាំកន្លងមក ដោយធ្វើការផលិត នៅក្នុងខេត្តកែប។
មូលនិធិគីណាល់បានផ្តល់អាហារបំប៉ន ខេម ប្រូប៊ីយូទិក ជូនដល់ លោកទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន ១០០៨ ដប (មួយដបមានចំណុះ២០០មីលីលីត្រ) ដើម្បីអាជ្ញាធរជាតិ អាចផ្តល់ចែកជូនបន្តដល់បងប្អូន ដែលរស់នៅជាមួយមេរោគអេដស៍ សម្រាប់ជាជំនួយផ្នែកសុខភាព តាមលទ្ធភាពជាក់ស្តែង៕