(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាត ឲ្យលោក Kentaro SONOURA ទីប្រឹក្សានាយករដ្ឋមន្រ្តីជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
សូមរំលឹកថា លោក Kentaro SONOURA បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមវិធីបើកសិក្ខាសាលាស្តីពី កិច្ចសហប្រតិបត្តិការជប៉ុន-មេគង្គ ដែលរៀបចំដោយវិទ្យាស្ថានខែ្មរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់។
លោក Kentaro SONOURA ក៏នឹងជួបសម្តែងការគួរសមជាមួយនឹងមន្រ្តីរាជការជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនវិស័យអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាក្នុងតំបន់។
សូមបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំនៃខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។ ដូច្នេះយើងសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងបន្ថែមទៀតលើគ្រប់វិស័យ៕