(ភ្នំពេញ)៖ ថ្លែងប្រាប់លោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុននោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការឃោសនាព័ត៌មានមិនពិតពីកម្ពុជា ពីក្បាលម៉ាស៊ីនឃោសនាដ៏ខ្លាំងក្លាមួយធ្វើឲ្យសហគមន៍អន្តរជាតិ យល់ខុសចំពោះសភាពការណ៍នៅកម្ពុជា។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ប្រាក់ សុខុន បានធ្វើឡើងក្នុងឱកាសដែលលោកអនុញ្ញាតឲ្យលោក Kentaro Sonoura ចូលជួបដើម្បីសម្ដែងការគួរសម នៅទីស្ដីការក្រសួង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា «ការឃោសនាផ្សព្វផ្សាយនូវព័ត៌មានមិនពិតអំពីកម្ពុជា ពីសំណាក់ក្បាលម៉ាស៊ីនឃោសនានេះ បានបង្កឡើងនូវការយល់ដឹងមិនបានត្រឹមត្រូវ ចំពោះសភាពការណ៍ជាក់ស្តែងនៅកម្ពុជា។ ហើយការពន្យល់ ការបកស្រាយកន្លងមករបស់កម្ពុជាមិនអាចធ្វើឲ្យមានការប្រែប្រួលការយល់ដឹងមិនបានត្រឹមត្រូវនេះ»។
លោក ជុំ សុន្ទរី បានបន្តថា មិនត្រឹមតែបានបង្កឡើងនូវការយល់ដឹងមិនបានត្រឹមត្រូវ ទៅតាមសភាពការណ៍ជាក់ស្តែងនៅកម្ពុជាទេ តែការជះឥទ្ធពលនៃក្បាលម៉ាស៊ីនឃោសនាដ៏ខ្លាំងក្លាមួយធ្វើឲ្យកំណត់ចេញការយល់ដឹងមួយមិនត្រឹមត្រូវរបស់សហគមន៍អន្តរជាតិ ចំពោះសភាពការណ៍នៅកម្ពុជា ទោះបីជារាជរដ្ឋាភិបាលខំប្រឹងបកស្រាយពីសភាពការណ៍ពិត យ៉ាងណាក៏ដោយ។
លោកបានបញ្ជាក់ថា «ឯកឧត្តមបានគូសបញ្ជាក់ថា នោះហើយជាការលំបាកខ្លាំងចំពោះសភាពការណ៍នៅកម្ពជាបច្ចុប្បន្ននេះ គឺការជះឥទ្ធពលនៃក្បាលម៉ាស៊ីនឃោសនាដ៏ខ្លាំងក្លាមួយធ្វើឲ្យកំណត់ចេញការយល់ដឹងមួយមិនត្រឹមត្រូវរបស់សហគមន៍អន្តរជាតិចំពោះសភាពការណ៍នៅកម្ពុជា។ ហើយដែលរដ្ឋាភិបាលកម្ពុជាខិតខំកន្លងមក ផ្តល់នូវការបកស្រាយ ការពន្យល់អង្គហេតុអង្គច្បាប់យ៉ាងណាក៏មិនអាចធ្វើឲ្យប្រែប្រួលនូវការយល់ដឹងទាំងអស់នេះដែរ»៕