(ភ្នំពេញ)៖ វត្តមានរបស់នាយករដ្ឋមន្រ្តីកម្ពុជានៅឯកិច្ចប្រជុំកំពូលអាស៊ាន និងអូស្រ្តាលីនៅទីក្រុងស៊ីដនី បានក្លាយជាសមរភូមិនយោបាយថ្មីមួយរវាងពលរដ្ឋខែ្មរ ដែលគាំទ្រគណបក្សកាន់អំណាច និងអ្នកដែលគាំទ្រគណបក្សប្រឆាំង។ អ្នកតាមដាននយោបាយនៅកម្ពុជាពិតជាចង់ដឹងថា តើក្រុមគាំទ្រនិងក្រុមប្រឆាំងបានធ្វើអ្វីខ្លះនៅទីនោះ? តើក្រុមខាងណាមានចំនួនច្រើនជាង?
* សមរភូមិនយោបាយ
ដូចការគ្រោងទុក ភាគីទាំងពីរពិតជាមានវត្តមានរៀងៗខ្លួន តែមិនបានប៉ះទង្គិចគ្នាឡើយ ព្រោះទីកនែ្លងប្រមូលផ្តុំខុសគ្នានិងនៅឆ្ងាយពីគ្នា។ តាមការអងេ្កតការគៀងគររបស់ក្រុមប្រឆាំងហាក់ដូចជាមិនសូវរលូន រហូតដល់អ្នកចូលរួមខ្លះរកទីកនែ្លងពុំឃើញ មកយឺតរាប់ម៉ោងជាដើម។ រីឯចំនួនអ្នកចូលរួមវិញត្រូវបានគេផ្តល់តួលេខខុសៗគ្នា ព្រោះពុំមានការចុះឈ្មោះត្រឹមត្រូវ តែតាមការសន្និដ្ឋានរបស់ខ្ញុំ មានប្រហែល៣០០នាក់ ហើយបើសិនជាបូកជាមួយពលរដ្ឋវៀតណាម ភូមា និងឡាវដែលប្រឆាំងនឹងមេដឹកនាំរបស់គេដែរនោះ ចំនួនសរុបប្រហែលជាង១ពាន់នាក់។
ដោយឡែកចំនួនអ្នកគាំទ្រមានចំនួន១២៨១នាក់ នេះបើយោងតាមតួលេខដែលបានស្កេនវត្តមាននៅពេលជួបជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ កន្លងមកគណបក្សប្រឆាំងហាក់ដូចជាដណ្តើមទីបានមុន ក្នុងការទាញសណ្តានចិត្តគាំទ្រពីពលរដ្ឋខែ្មរនៅអូស្រ្តាលី ប៉ុនែ្តមួយរយៈចុងក្រោយនេះ គណបក្សកាន់អំណាចបានចាប់ផ្តើមប្រមែប្រមូលមកវិញតាមរយៈក្រុមការងារដែលដឹកនាំផ្ទាល់ដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ហើយវត្តមានរបស់ឪពុកនៅប៉ុន្មានថៃ្ងមុននេះហាក់ដូចជាទៅប្រថាប់ត្រា និងដាំបង្គោលថ្មបនែ្ថមឱ្យកាន់តែរឹងមាំ នៅឯសមរភូមិដែលកំពុង ប្រទាញប្រទង់គ្នានៅឡើយ ។
* សង្វៀននយោបាយរូបភាពរវាងអ្នកនយោបាយវ័យចំណាស់ និងអ្នកនយោបាយវ័យកេ្មង
អាចចាត់ទុកជាដំណើរទស្សនកិច្ចផ្លូវការការងារលើកទីមួយហើយរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសប្លុកសេរី ក្រោយពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីចុងឆ្នាំកន្លងទៅ។ ពលរដ្ឋខែ្មររស់នៅប្រទេសអូស្រ្តាលី មានចំនួនតិចជាងនៅសហរដ្ឋអាមេរិក តែចរន្តនយោបាយនៅអូស្រ្តាលីមិនធម្មតាឡើយ។ តាមការស្វែងយល់របស់ខ្ញុំចំណុចខ្វះខាតរបស់រដ្ឋាភិបាលត្រូវបាន ផ្សព្វផ្សាយច្រើន និងចេញពីមាត់មួយទៅមាត់មួយយ៉ាងឆាប់រហ័ស ចំណុចទីពីរមានការចូលរួមពីតួអង្គអ្នកនយោបាយវ័យចំណាស់ខែ្មរពីររូប ដែលមានតួនាទីនៅក្នុងរដ្ឋាភិបាលអូស្រ្តាលីគឺលោក ហុង លីម ដែលមានតួនាទីជាសមាជិកសភារដ្ឋវិចតូរៀ និងលោក ជា យូហ៊ន ចៅហ្វាយក្រុង Dandenong និងវត្តមានភរិយារបស់លោក កែម ឡី ដែលទើបទៅដល់ប្រទេសអូស្រ្តាលីថ្មីៗនេះ។ នៅថៃ្ងបាតុកម្មនោះ ពុំឃើញមានវត្តមានអតីតសមាជិកសភា ឬមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិឡើយ។
ដោយឡែកគណបក្សប្រជាជន ហាក់ដូចជាដំរីទើបភ្ញាក់ពីដំណេក ហើយក៏រួសរាន់ដើម្បីបញ្ចប់ «យប់យូរ សុបិនកាន់តែច្រើន» នោះគឺយុទ្ធនាការទាញយកការគាំទ្រត្រឡប់មកវិញ តាមរយៈសកម្មភាពនានា និងគោលនយោបាយគាំពារដល់ពលរដ្ឋខែ្មរដែលត្រូវការសេវាពីស្ថានទូតខែ្មរនៅអូស្រ្តាលី និងការសម្រួលគ្រប់រូបភាពដែលអាចធ្វើបាន ដោយក្រុមការងារលោក ហ៊ុន ម៉ាណែត នៅពេលពលរដ្ឋខែ្មរត្រឡប់មកស្រុកវិញ ទោះជាក្នុងរូបភាពទេសចរណ៍ វិលមករកស៊ី ឬវិលមករស់នៅក្នុងស្រុកខែ្មរវិញក៏ដោយ។
ក្រោយពីធ្វើបាតុកម្មចប់ លោក ហុង លីម បានថែ្លងថា «ជាមហាបាតុកម្មមួយដែលកម្រមាននៅទីក្រុងស៊ីដនី និងជោគជ័យជាងគេបង្អស់ ព្រោះមានអ្នកចូលរួមមកពីគ្រប់ទិសទី»។ ទន្ទឹមនឹងគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានថែ្លងប្រាប់ទៅក្រុមការងារនៅអូស្រ្តាលីក្រោយពីចប់បេសកម្មថា «ឱ្យតែពេលចេញទៅក្រៅប្រទេស ពួកគាត់លើកគ្នាចេញទៅជេរសមេ្តច ជេររាជរដ្ឋាភិបាល គាត់អត់គិតថាពេលហ្នឹងថ្នាក់ដឹកនាំជាតិរបស់យើងចេញទៅប្រជុំក្នុងឋានៈជាជាតិខែ្មរទេ គាត់សុខចិត្តបង្ហាញនយោបាយរបស់គាត់ឱ្យឃើញរូបភាពខែ្មរ នៅក្រៅប្រទេសមានការបែកបាក់ជាការល្អ តែទីបំផុតគេបរាជ័យ បរាជ័យឆ្ងាយ...»។
* តើនាយករដ្ឋមន្រ្តីកម្ពុជានិយាយអ្វីខ្លះទៅកាន់ពលរដ្ឋខែ្មរនៅអូស្រ្តាលី និងនូវែលហេ្សឡង់?
ស្ថានភាពនយោបាយវិវត្តចុងក្រោយនៅកម្ពុជាគឺជាប្រធានបទក្តៅ ក្រៅពីនោះក៏មានការបញ្ចូលនូវវោហារសាស្រ្ត តាមរយៈការទម្លាយនូវបំណងល្អបែបហុចខ្លួនឱ្យនារីខែ្មរនៅក្រៅប្រទេសនោះគឺអនុញ្ញាតឲ្យនែបនិត្យបានបីយ៉ាង៖ សែលហ្វីជាមួយ អោបបាន និងថើបបាន ។ អ្វីដែលបុរសៗស្តាប់ទៅហាក់ដូចជា ចង់ច្រណែននៅត្រង់ដែលនាយករដ្ឋមន្រ្តីខ្សឹបដាក់មេក្រូថា ពេលខ្លះគាត់ត្រូវបាន នារីពីរនាក់ថើបផ្ទប់គ្នា (សងខាងថ្ពាល់) ក្នុងពេលតែមួយ។ នោះហើយជាវគ្គដែលអ្នកចូលរួមចាប់អារម្មណ៍ខ្លាំងជាងគេ ហើយនាំគ្នាសើចមួយអស់ដៃ។ រហូតមកទល់ពេលនេះពុំទាន់មាននារីណាម្នាក់បានបង្ហើបថា តើនាយករដ្ឋមន្រ្តី កម្ពុជាបានប្រើ ទឹកអប់ម៉ាកអ្វីឬក្លិនយ៉ាងដូចមេ្តចទៅបានជានារីចង់ថើប។ (សូមរង់ចាំភាគបន្តនៅពេលក្រោយ !!!)។ និយាយដល់ចំណុចនេះ ខ្ញុំនឹកដល់មេដឹកនាំដ៏ល្បីល្បាញរបស់ពិភពលោកមួយរូប នោះគឺលោក Vladimir Putin ប្រធានាធិបតីរុស្សី ដែលត្រូវបាននារីច្រើនណាស់នៅលើលោកនេះ ស្រម៉ៃចង់បាននៅកែ្បរ ព្រោះគាត់ជាបុរសដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ សង្ហារ និងពេញសំណុំ (Full Option)។
* អំពីកាដូ
ដោយសារអាជីពជាអ្នកសរសេរ និងអង្កេត ខ្ញុំក៏មានការចាប់អារម្ម្មណ៏ទៅនឹងសៀវភៅបែប អក្សរសិល្សខែ្មររបស់អ្នកប្រាជ្ញវោហាសាស្រ្ត ក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង ដែលត្រូវបានដឹកតាមយន្តហោះទៅកាន់អូស្រ្តាលី ហើយបានក្លាយជាកាដូអាហារចំណេះដឹងមួយសម្រាប់ពលរដ្ឋខែ្មរ នៅក្រៅប្រទេស។ មិនដល់១ម៉ោងផង សៀវភៅចំនួនជាងបីពាន់ក្បាល ត្រូវបានពលរដ្ឋខែ្មររស់នៅអូស្រ្តាលី និង នូវែលហ្សេឡង់នាំគ្នាយកកាន់ត្រឡប់ទៅគេហដ្ឋាន។
* គេជជែកអ្វីខ្លះនៅឯកិច្ចប្រជុំ?
បញ្ហានៅឧបទ្វីបកូរ៉េ ជាពិសេសកម្មវិធីនុយកេ្លអ៊ែររបស់កូរេខាងជើង រឿងជម្លោះដែនកោះនៅសមុទ្រចិនខាងត្បូង បញ្ហាប្រឆាំងភេរវកម្ម ឧក្រិដកម្មឆ្លងដែន និងសេដ្ឋកិច្ចក្នុងតំបន់រវាងអាស៊ាន និងអូស្រ្តាលី សុទ្ធតែជាប្រធានបទដែលមេដឹកនាំទាំង១១ប្រទេស បានលើកយកមកជជែកក្រៅពីមានប្រធានបទបន្ទាប់បន្សំផេ្សងៗទៀតជាច្រើន។
* ហ្វីលីពីនធ្វើរដ្ឋប្រហារអូស្រ្តាលី
អវត្តមានរបស់បុរសមាត់ដាច ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន បានធ្វើឱ្យគេចាត់ទុកថា ជារដ្ឋប្រហារការទូតមួយដែលហ្វីលីពីនធ្វើដាក់អូស្រ្តាលី ប៉ុនែ្តអវត្តមាននេះ ក៏មិនបានបង្អាក់ដំណើរនៃកិច្ចប្រជុំនោះ ដែរ ដោយសារតែលោក ឌុយតែតេ បានបញ្ជូនរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនដើម្បីបង្រ្គប់កូរ៉ុម។ អវត្តមានរបស់ ឌុយតែតេ បានធ្វើឱ្យអូស្រ្តាលីកាន់តែយកចិត្តកម្ពុជា ព្រោះអូស្រ្តាលីប្រហែលជាបារម្មណ៏ ខ្លាចកម្ពុជាពហិការមួយទៀត ពេលនោះតម្លៃនៃកិច្ចប្រជុំនឹងធ្លាក់ចុះ។
* ប្រធានាធិបតីឥណ្ឌូណេស៊ីបំផើមអូស្រ្តាលី
នៅសុខៗ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko ទៅបំផើមអូស្រ្តាលី ដោយនិយាយប្រាប់សារព័ត៌មានថា ឥណ្ឌូណេស៊ីស្វាគមន៍អូស្រ្តាលីចូលជាសមាជិកអាស៊ាន នៅពេលដែលអូស្រ្តាលីខ្លួនឯង ពុំបានស្នើ ហើយក៏មុខជាមិនស្នើសុំចូលដែរ ព្រោះទី១ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គិតជាភូមិសាស្រ្តនយោបាយដែលអាស៊ានបានចង និងទី២ បើសិនជាអូស្រ្តាលីចូលមែននោះ អូស្រ្តាលីនឹងបាត់ សមេ្លងរិះគន់ដ៏សំខាន់លើបញ្ហាសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រោះកុំភេ្លចថា អូស្រ្តាលី ជាក្រុមគ្រួសារតែមួយជាមួយអាមេរិកនិងសហគមអឺរ៉ុប ។ គួររំលឹកថា សមាជិកអាស៊ានពុំអនុញ្ញាតឱ្យមានការរិះគន់ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ានគ្នាឯងទេ ហើយបើត្រូវចេញសេចក្តីថ្លែងការណ៍រួមណាមួយត្រូវការសមេ្លងឯកច្ឆ័នពីប្រទេសទាំងដប់ទើបអាចចេញរួច។
* លោកស្រី អូង សាន សូជី បាក់មុខនៅឯកិច្ចប្រជុំ
ក្រៅពីប្រធានបទប្រជុំខាងលើ វត្តមាននិងមុខមាត់របស់លោកស្រី អូង សាន សូជី (ភូមា) ត្រូវបាត់អស់មួយចំហៀង នោះក៏ដោយសារបញ្ហាសិទ្ធិមនុស្សនៅភូមា និងជនភៀសខ្លួនជាង៧សែននាក់ ដែលបានធ្វើឱ្យប្រទេសមួយចំនួនក្តៅស្លឹកត្រចៀក ព្រោះវាបានបង្កបញ្ហាដល់ប្រទេសដ៏ទៃក្នុងតំបន់ដូចជាការរត់ភៀសខ្លួនចេញពីភូមា ចូលទៅទឹកដីឥណ្ឌូណេស៊ី ជាដើម។ ការលើកឡើងពីបញ្ហាកើត ឡើងនៅភូមា ដោយសមាជិកដទែទៀត នៅឯកិច្ចប្រជុំជាមួយដៃគូរខាងក្រៅ (អូស្រ្តាលី) ជាភាពអាម៉ាសមួយធំណាស់សម្រាប់ភូមា។ ដោយសារបញ្ហានេះហើយ លោកស្រី Suu Kyi និងលោក Joko មើលមុខគ្នាមិនសូវត្រង់ទេ ហើយទឹកមុខលោកស្រី Suu Kyi មើលទៅពោរពេញដោយភាពក្រៀមក្រំ ពិបាកចិត្ត គួបផ្សំនឹងរាងកាយស្គមខ្ពស់ផងនោះ លោកស្រីមិនមែនជាមេដឹកនាំដែលទាក់ទាញ ក្រសែភែ្នករបស់មេដឹកនាំជាបុរស៩រូបទៀតនោះឡើយ បើប្រៀបធៀបជាមួយមេដឹកនាំជាស្រ្តីហើយស្អាត ដូចជាលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីលោកស្រីនៅជានាយករដ្ឋមន្រ្តីថៃ។ និយាយដូច្នេះ មិនមានន័យថា មេដឹកនាំទៅចូលរួមប្រជុំគិតតែរកមើលមុខនារីស្អាតៗនោះទេ។
* ចំណាយលុយ៥៦លានដុល្លារ សម្រាប់កិច្ចប្រជុំពីរថៃ្ង
អូស្រ្តាលីបានចំណាយលុយអស់៥៦លានដុល្លារសម្រាប់កិច្ចប្រជុំពីរថៃ្ង (១៧ និង១៨ ខែមីនា ឆ្នាំ២០១៨) នៅទីក្រុងស៊ីដនី ប៉ុនែ្តទោះជាចំណាយដ៏ច្រើនបែបនេះក្តី ក៏ពិធីការ និងការរៀបចំទទួលភ្ញៀវ ដូចជាពុំសូវបានល្អប៉ុន្មានដែរ។ មេដឹកនាំអាស៊ានត្រូវបានគេនាំឱ្យដើរឆ្លងកាត់កនែ្លងចតឡានដ៏ចង្អៀត។ មានពេលមួយនោះលោកស្រី អូង សាន សូជី ត្រូវបានពិធីការ និងកងអង្គរក្សនាំដើរដំណើរក្តាម (ដើរចំហៀងខ្លួន) ដោយសារតែផ្លូវដើរចង្អៀត។ តែអូស្រ្តាលីក៏បានធ្វើឱ្យមេដឹកនាំអាស៊ានបែ្លកអារម្មណ៏ និងផែ្លកភែ្នកម្តងដែរ នោះគឺនាំមេដឹកនាំអាស៊ានជិះទូកឆ្លងកាត់ដៃសមុទ្រ ពេលនោះហើយដែល រូបថតបែកធ្លាយរបស់នាយករដ្ឋមន្រ្តីកម្ពុជាអង្គុយនៅកៅអីមុខគេ ពាក់វែនតាខ្មៅ ធ្វើឱ្យមានការបកស្រាយខុសៗគ្នាទៅតាមបុគ្គល និងអ្នកដែលមាននិន្នាការនយោបាយ។
* អំពីពលរដ្ឋខែ្មរ
ពលរដ្ឋខែ្មររស់នៅអូស្រ្តាលីមានចំនួនជាង៦ម៉ឺននាក់ ក្នុងនោះនិស្សិតខែ្មរដែលកំពុងរៀនទាំងអាហាររូបករណ៏ ទាំងឯកជនមានចំនួនប្រហែល១ពាន់នាក់ ដោយឡែកពលរដ្ឋខែ្មររស់នៅប្រទេស នូវ៉ែលហ្សេឡង់មានចំនួនជាង៩ពាន់ និងនិស្សិតប្រហែល២០០នាក់។ ចំពោះវត្តអារាមខែ្មរនៅអូស្រ្តាលីវិញមានចំនួន១០។ ពលរដ្ឋខែ្មររស់នៅស៊ីដនី ជាពិសេសម្តុំប្រជុំជន Cabramatta មិនខុសពី ពលរដ្ឋខែ្មររស់នៅក្រុងប៉ារីស ប្រទេសបារាំង បាននៅលាយឡំជាមួយពលរដ្ឋវៀតណាម និងចិន នៅទីនោះមានលក់ទឹកអំពៅ នំអន្សម សាច់គោអាំង ពងទាកូន ។ល។ ទោះជាយើងមើលឃើញជីវភាព ហាក់ដូចជា ធូរធារ រស់នៅថៃ្លថ្នូរ តែម្នាក់ៗខិតខំប្រឹងប្រែងធ្វើការងារ និងរករបរទទួលទានខ្លាំងណាស់ តស៊ូណាស់ រហូតដល់គេប្រៀបធៀបប្រទេសអូស្រ្តាលី ទៅនឹងប្រទេសមួយដែលត្រូវ «អូសហើយលី» ទើបអាចរស់បាន មិនមែនលុយធ្លាក់មកដោយគ្មានការប្រឹងនោះឡើយ៕