(កំពង់ស្ពឺ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងស្ថាប័នដទៃទៀត បានរួមគ្នាកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីប្រារព្ធទិវាទឹកស្អាតពិភពលោក តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងទៀត ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជ្រៃហូរព្នៅនៃខេត្តកំពង់ស្ពឺ ដោយប៉មចម្រោះទឹកស្អាតនេះនឹងផ្តល់ទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង ៧០០នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្បែរនោះផងដែរ។
នេះជាប៉មចម្រោះទឹកស្អាតទី២ហើយ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ៧ ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ។
ក្រុមហ៊ុនកូកា-កូឡា បានឲ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន ៦ ទៀត នឹងត្រូវដំឡើង និងនៅទូទាំងប្រទេសក្នុងឆ្នាំ ២០១៨ នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀតនឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្តបន្ទាប់ទៀត។
ការសម្ពោធប៉មចម្រោះទឹកស្អាត ក្នុងខេត្តកំពង់ស្ពឺនេះ គឺជាផ្នែកមួយនៃគម្រោង «Project 24»របស់មូលនិធិ Planet Water ដែលមានការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ២៤ កន្លែង ក្នុងរយៈពេល ២៤ ម៉ោង នៅតាមបណ្ដាសហគមន៍នានានៅជុំវិញពិភពលោក ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។ ក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសនានាផ្សេងទៀតដែលនឹងទទួលបានប៉មចម្រោះទឹកស្អាតពីគម្រោង «Project 24»ក្នុងឆ្នាំនេះ ដែលរួមមាន ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន និងប្រទេសព័រតូរីកូ។
កង្វះទឹកស្អាតប្រកបដោយសុវត្ថិភាពសម្រាប់ទទួលទាន នៅតែជាបញ្ហាចោទចំពោះប្រជាសហគមន៍បច្ចុប្បន្ន និងនៅតែស្ថិតជាវដ្ដនៃជំងឺ អនក្ខរភាព និងភាពក្រីក្រ។ បុព្វហេតុដែលបង្កឲ្យមានកង្វះខាតទឹកស្អាត រួមមានគម្លាតផ្នែកសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍ និងកំណើនតម្រូវការទឹកស្អាតដោយសារតែល្បឿននៃនគរូបនីយកម្ម និងឧស្សាហូបនី-យកម្មយ៉ាងឆាប់រហ័ស។
នៅក្នុងពិធីសម្ពោធ ដែលមានការចូលរួមជាភ្ញៀវកិតិ្តយសពី លោក Mark Steele នាយកប្រតិបត្តិនៃអង្គការ Planet Water, លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A. Heidt។
លោកនាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា លោក David Wigglesworth បានថ្លែងថា៖ «ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់នៅត្រឹមតែការតំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយ អង្គការ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ ឆ្នាំ ក្រោយការដំឡើងនេះ។ Planet Water នឹងធ្វើការត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំទៅតាមកាលវិភាគកំណត់»។
លោកបន្តថា ក្រុមហ៊ុន កូកា-កូឡា មានមោទនភាព ដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក ។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា មានឲ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ៧ ដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជាកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ បានផ្តល់ទឹកស្អាតចំនួន ៤,៦៨៧,០០០ លីត្រ សម្រាប់ប្រជាសហគមន៍ចំនួនប្រមាណជាង ២០,០០០ នាក់ ។ តួលេខនេះត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ៨ បន្ថែមទៀតក្នុងឆ្នាំ ២០១៨ នេះ ៕