(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោងប្រមាណ៣រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីជនសង្ស័យ ជាមេក្លោងជួញដូរគ្រឿងញៀន២នាក់ បានលួចរត់គេចពីសាលាដំបូងរាជធានីភ្នំពេញទាំងដៃជាប់ខ្នោះ ប៉ុន្តែគេចខ្លួនមិនបានសម្រេចឡើយ ដោយត្រូវបានកម្លាំងនគរបាលការពារគោលដៅ សាលារាជធានីភ្នំពេញឃាត់ខ្លួនបានវិញភ្លាមៗ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ការរត់គេចខ្លួនរបស់ជនជួញដូរគ្រឿងញៀនទាំង២នាក់នេះ គឺមកពីការធ្វេសប្រហែសរបស់ មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន។ ប៉ុន្តែបើទោះជាជនសង្ស័យអាចគេចខ្លួនចេញបានក្តី ក៏មិនអាចរត់យករួចខ្លួនបានឡើយ ដោយនគរបាលប្រចាំការ នៅសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនបានវិញ និងបញ្ជូនខ្លួនឲ្យមន្រ្តីប្រឆាំងគ្រឿងញៀន ដើម្បីបន្តបញ្ជូនទៅសាលាដំបូងរាជធានីវិញ។
មន្រ្តីនគរបាលការពារគោលដៅ សាលាដំបូងរាជធានីភ្នំពេញ ដែលចាប់ជនសង្ស័ស្ត្រីមេក្លោងគ្រឿងញៀន២នាក់មកវិញនោះ គឺលោកអនុសេនីយឯក នួន ចិន្តា និងលោកអនុសេនីយឯក គង់ សុវណ្ណ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ ហង្ស វីរៈ ប្រធានគោលដៅនគបាលការពារសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕