(ភ្នំពេញ)៖ បើនិយាយពីរថយន្ត ភាគច្រើនយើងសុទ្ធតែបានស្គាល់រួចមកហើយ នូវស្លាកសញ្ញារថយន្តល្បី ទំនើបទាន់សម័យ គ្រប់ម៉ាកគ្រប់ធុន ស្ទើរតែពុំមានចន្លោះ។ នាដើមឆ្នាំ២០១៨ នេះ ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ និងពាណិជ្ជកម្ម DMS រួមជាមួយក្រុមហ៊ុន IDEA BROADCASTING CO., LTD បានបង្កើតនូវព្រឹត្តិការណ៍ពិពណ៍រថយន្ត ដ៏ធំសម្បើមអស្ចារ្យមួយ នាផ្សារ ទំនើប អ៊ីអនម៉ល ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៨ នេះហើយ។
ការតាំងពិពណ៍រថយន្តដ៏ធំសម្បើមអស្ចារ្យនេះ មានការចូលរួមពីសំណាក់រថយន្ត ដែលមានម៉ាកល្បីៗ ដូចជា Porchse, Honda, Nissan, Isuzu, Sangyong, Mitsubishi និង Foton។ អស់លោកអ្នកអាចអញ្ចើញ ចូលរួមដោយសេរី ដើម្បីទស្សនា និងថតផ្តិតយករូបភាពជាមួយ និងម៉ាករថយន្តល្បីៗ ដែលដាក់តាំងនៅលើ កម្រាលព្រំក្រហម ដ៏ល្អឥតខ្ចោះដែរ។
លោក Michael Vetter អគ្គនាយកនៃក្រុមហ៊ុនរថយន្ត Porsche ក្នុងប្រទេសកម្ពុជា និងជាតំណាងឲ្យគណៈកម្មាធិការថយន្ត EuroCham ក្នុងនាមជាប្រធាន និង សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល បានថ្លែងឲ្យដឹង នៅក្នុងពិធីប្រកាសបង្ហាញការតាំងពិព័រណ៍ នាព្រឹកថ្ងៃទី២៣ ខែមីនា នេះថា
លោកសូមអបអរសាទរ ចំពោះក្រុមផ្សព្វផ្សាយ DMS ក្រុមផ្សារទំនើបអ៊ីអន ព្រមទាំងសមាជិកនៃ CAIF និងគណៈកម្មាធិការរថយន្ត EuroCham EuroCham ដែលបានរៀបចំ និងចូលរួមនៅក្នុងកម្មវិធីពិព័រណ៍រថយន្ត ដ៏ពិសេសនៅថ្ងៃនេះ។លោកមានមោទនភាពយ៉ាងក្រៃលែង ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងកម្មវិធីពិព័រណ៍រថយន្ត ផ្លូវការលើកទីមួយនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាកម្មវិធីពិព័រណ៍រថយន្តដ៏អស្ចារ្យ ដែលមានម៉ាករថយន្តល្បីៗជាច្រើន បានដាក់បង្ហាញរថយន្តរបស់ខ្លួន នៅឯផ្សារទំនើបអ៊ីអនដ៏ល្បីល្បាញនេះ។ ប្រសិនបើគ្មានការជួយជ្រោមជ្រែង ពីអស់លោកលោកស្រីទាំងអស់គ្នាទេ កម្មវិធីនេះពិតជាមិនអាចរៀបចំ និងដំណើរការបានឡើយ។
លោកបន្តថា នៅក្នុងរយៈពេល៣ ឆ្នាំចុងក្រោយ ចាប់តាំងពីលោកបានមកដល់ប្រទេសកម្ពុជាជាលើកទីមួយ លោកបានមើលឃើញថា វិស័យរថយន្តមានការរីកចម្រើនយ៉ាងខ្លាំង ហើយនេះជាសញ្ញាដ៏ល្អសម្រាប់ប្រជាជន និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ក្រុមហ៊ុននាំចូល និងចែកចាយស្របច្បាប់មិនត្រឹមតែ ផ្ដល់ឱកាសការងារបន្ថែមទៀត សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់លទ្ធភាពឲ្យប្រជាជនកម្ពុជា អាចទិញរថយន្តនាំចូលផ្លូវការដែល
• ត្រូវបានផលិតយ៉ាងពិសេសសម្រាប់ស្ថានភាពផ្លូវ
• អាកាសធាតុ និង
• លក្ខខណ្ឌគុណភាពប្រេងឥន្ធនៈ ក្នុងប្រទេសកម្ពុជា។
លោក Michael Vetter បានសង្កត់ធ្ងន់ថា ជាងនេះទៅទៀត រថយន្តទាំងអស់ដែលបាននាំចូល មានភ្ជាប់មកជាមួយនូវប្រវត្តិរថយន្តច្បាស់លាស់ និងការធានាពីរោងចក្រ ផលិតរយៈពេលចាប់ពី១ ឆ្នាំរហូតដល់៥ ឆ្នាំ អាស្រ័យទៅតាមម៉ាកថយន្តនីមួយៗ។ តាមរយៈលក្ខណៈពិសេសទាំងនេះ គឺផ្ដល់ជូនអតិថិជននូវ «ភាពអស់កង្វល់» ដោយលោកអ្នកមិនចាំបាច់ព្រួយបារម្ភអំពីប្រភព ឬប្រវត្តិប្រើប្រាស់របស់រថយន្តលោក លោកស្រីទៀតឡើយ។ ប្រសិនបើមានរោងជាង ឬយុទ្ធនាការហៅរថយន្តត្រឡប់មកវិញ លោកអ្នកនឹងទទួលបានដំណឹង ពីក្រុមហ៊ុនចែកចាយផ្លូវការ ហើយរថយន្តរបស់លោកអ្នក នឹងទទួលបានសេវាជួសជុល និងកែប្រែថ្មីដោយឥតគិតថ្លៃ។
គ្រប់ម៉ាកសញ្ញាផ្លូវការទាំងអស់ ផ្ដល់នូវសេវាជួសជុលដែលមានអ្នកបច្ចេកទេស ដែលមានសញ្ញាបត្រ និងជំនាញច្បាស់លាស់ និងប្រើប្រាស់តែគ្រឿងបន្លាស់សុទ្ធ ដែលត្រូវបានអនុញ្ញាតិពីរោងចក្រតែប៉ុណ្ណោះ។
ជាងនេះទៅទៀត គ្រប់ក្រុមហ៊ុនចែកចាយផ្លូវការទាំងអស់ គឺសុទ្ធតែមានតម្លាភាព និងគោរពច្បាប់ ដែលរួមចំណែកយ៉ាងច្រើន ដល់ការបង្កើនចំណូលពន្ធ របស់រដ្ឋាភិបាលកម្ពុជា ដែលកត្តានេះជួយដល់ រដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគទៅលើវិស័យអប់រំ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងការការពារអតិថិជន សម្រាប់ពលរដ្ឋកម្ពុជា។ ស្ថានភាពបច្ចុប្បន្ន គឺខុសពីប៉ុន្មានឆ្នាំមុន ដោយសារអតិថិជនមានជម្រើសច្រើន ក្នុងការជ្រើសរើសម៉ាករថយន្ត! បច្ចុប្បន្ននេះ រោងចក្រផលិតរថយន្តខ្នាតអន្តរជាតិធំៗ ស្ទើរតែទាំងអស់សុទ្ធតែ មានតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រពីក្រុមហ៊ុននាំចូល និងចែកចាយរថយន្តស្ទើរតែទាំងអស់ នៅក្នុងប្រទេសកម្ពុជា យើងបានបង្កើតសហព័ន្ធឧស្សាហកម្ម យានយន្តកម្ពុជា ដែលហៅកាត់ថា CAIF កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ ខ្ញុំសូមជម្រាបជូនអ្នកដែលមិនធ្លាប់បានស្គាល់ CAIF ថា គោលបំណងនៃសហព័ន្ធរបស់យើង គឺដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍបរិស្ថាន និងការការពារអតិថិជន ព្រមទាំងបង្កើនសុវត្ថិភាពតាមដងផ្លូវ លើកកម្ពស់វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាពយានយន្ត និងការយល់ដឹងរបស់អ្នកបើកបរផងដែរ។
យើងសង្ឃឹមថា នឹងបានជួយអតិថិជនរបស់យើងនៅទូទាំងប្រទេស ក្នុងការសម្រេចចិត្តទិញទាំងរថយន្ត ថ្មី និងរថយន្តមួយទឹកប្រកបដោយសុវត្ថិភាព និងសមស្របពីគ្រប់ក្រុមហ៊ុន ចែកចាយផ្លូវការ៕