(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា បានថ្លែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះថា នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះប្រទេសកម្ពុជាបានចំណាយថវិកា សម្រាប់បំផ្លាញចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អស់ប្រមាណ៧លានដុល្លារអាមេរិក។
ការថ្លែងបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាអភ័ព្វខ្លាំងណាស់ កន្លែងណាក៏ដោយ ដែលត្រូវសាងសង់ គឺត្រូវតែរុករកមីន និងគ្រាប់មិនទាន់ផ្ទុះ ដោយសារតែសង្គ្រាមនៅឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ គឺសង្គ្រាមដែលរាយសាយពីលើអាកាសមកកាន់ទឹកដីកម្ពុជា (ទម្លាក់គ្រាប់បែកពីលើ អាកាស)...បាញ់ផ្លោងពេញទឹក ពេញដីតែម្ដង ដោយមិនមែនគ្រាន់តែជាបញ្ហាប្រដាប់អាវុធធម្មតាទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តាមតួលេខនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានរាយការណ៍ថា កាលពីឆ្នាំ២០១៧ យើងចំណាយថវិកា សម្រាប់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ អស់ជាង៧លានដុល្លារ នៅក្នុងចំណោម៦គម្រោង។ ប្រទេសរបស់យើង អភ័ព្វខ្លាំងណាស់ កន្លែងក៏ដោយ ដែលត្រូវសាងសង់ គឺត្រូវតែរុករកមីន និងគ្រាប់មិនទាន់ផ្ទុះ។ ដោយសារអី? សង្គ្រាមនៅឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ គឺសង្គ្រាមដែលរាយសាយពីលើអាកាស មកកាន់ទឹកដីរបស់យើង បាញ់ផ្លោងនោះ បាញ់ផ្លោង គឺពេញទឹកពេញដី មិនមែនគ្រាន់តែជាការ បញ្ហាប្រដាប់អាវុធធម្មតាទេ»។
នាយករដ្ឋមន្ត្រីនៃកម្ពុជារូបនេះ បានបន្ថែមយ៉ាងដូច្នេះទៀតថា «គ្រប់ទីកន្លែងទាំងអស់ យើងត្រូវប្រើដើមទុនច្រើនជាង...បើយើងគ្មានប្រាក់ដោះមីនខ្លួនឯង និងមានប្រាក់ដើម្បីដោះស្រាយផលប៉ះពាល់ទេ គម្រោងផ្លូវនានា ក៏មិនអាចកើនបាននោះដែរ»។
សម្ដេចតេជោបានថ្លែងទៀតថា សូម្បីហេដ្ឋាសម្ព័ន្ធដូចជាប្រឡាយទឹក ផ្លូវ ស្ពាន សុទ្ធតែត្រូវបំផ្លាញគ្រាប់មីនទុកជាមុន បើមិនដូច្នេះទេ ពេលកំពុងតែសាងសង់ គឺជាមានគ្រាប់ផ្ទុះគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌដែលមិនទាន់ផ្ទុះផ្សេងៗទៀត នឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់វិស្វករ ឬកម្មករដែលបម្រើការងារស្ថាបនានោះ។
បើតាមរបាយការណ៍របស់អាជ្ញាធរមីន បានបញ្ជាក់ថា គិតពីឆ្នាំ១៩៩២ ដល់ ឆ្នាំ២០១៧ កម្ពុជាបានបោសសំអាត ផ្ទៃដីចំការមីនបានជាង១,៥៦២លានម៉ែត្រការ៉េ ដោយដោះបានគ្រាប់មីន ប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ គ្រាប់មិនទាន់ផ្ទុះ អំបែងគ្រាប់ សរុបចំនួន៤៩០លានគ្រាប់ ដើម្បីធ្វើការកម្ទេចចោល។ ប្រតិបត្តិការដោះមីន កំពុងបម្រើការងារដោះមីននៅកម្ពុជា មានចំនួន៦អង្គភាព។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រ ធ្វើយ៉ាងឲ្យកម្ពុជាលែងមានគ្រាប់មីន គំរាមកំហែងដល់ប្រជាជនទៀត នៅឆ្នាំ២០២៥ ស្របតាមផែនការរបស់អង្គការសហប្រជាជាតិដែរ៕