(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍ និងសុខសន្តិភាពពេញបរិបូរ ដែលប្រជាពលរដ្ឋកម្ពុជា ទទួលបានរយៈពេល៤០ឆ្នាំ ក្រោយជួបសង្គ្រាមដ៏រ៉ាំរ៉ៃ រហូតមកទល់បច្ចុប្បន្ននេះ គឺបានមកពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងប្រើអស់កម្លាំងកាយស្មារតី និងយកអាយុជីវិតរបស់លោកផ្ទាល់ ទៅធ្វើជាដើមទុន ដើម្បីទប់ស្កាត់មិនអនុញ្ញាតឲ្យកើតមាន «បដិវត្តន៍ពណ៌» ជាដាច់ខាតព្រោះ «បដិវត្តន៍ពណ៌» និងបង្កគ្រោះថ្នាក់ បំផ្លិចបំផ្លាញ ភាពខ្លោចផ្សារ សោកវិនាសកម្ម និងភាពខ្ទេចខ្ទាំ ដល់ប្រជាជន និងទីបំផុតបំផ្លាញប្រទេសជាតិទាំងមូល។
លោក ជា ពិសី បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីយើងទទួលបាននូវសុខសន្តិភាព ទើបយើងទទួលបាននូវការអភិវឌ្ឍន៍ ដូច្នេះចាំបាច់ណាស់យើងត្រូវរួមគ្នាថែរក្សាសន្តិភាពមួយនេះ ដោយតម្រូវឲ្យអាជ្ញាធរសង្កាត់-ភូមិ និងសមត្ថកិច្ចពង្រឹងការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការដោះស្រាយ រាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជាសេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋាន ធ្វើដោយគ្មានលក្ខខណ្ឌ «ពោលធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាព» ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក ជា ពិសី បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងពេលដឹកនាំអធិការរងនគរបាលខណ្ឌ នាយផ្នែក នាយនគរបាលប៉ុស្ដិ៍ ចៅសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចុះជួបសួរសុខទុក្ខដោយផ្ទាល់ និងសំណេះសំណាល ក្នុងពិធីបើកយុទ្ធនាការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ទាំងផ្តល់-ប្តូរ និងប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៦០គ្រួសារ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ដែលមានពលរដ្ឋមកពី៤ភូមិ មានភូមិគង្គាផុស ភូមិទួលថ្ងាន់ ភូមិទួលពពែ និងភូមិបឹងរាំង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ជា ពិសី បានថ្លែងថា ក្រៅពីប្រាក់ខែកម្មករ កម្មការិនី និយោជិត គ្រូពេទ្យ គ្រូបង្រៀន ត្រូវបានដំឡើងជាបន្តបន្ទាប់ ឲ្យកាន់តែមានជីវភាពធូរធានោះ ប្រាក់ខែមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ត្រូវបានដំឡើងបន្ថែមក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល ក្នុងខែមេសា ខាងមុខនេះ ហើយអាចបើកប្រាក់ខែ បាននៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែរថែមទៀតផង ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខណ្ឌ បានថ្លែងទៀតថា ចំពោះប្រជាពលរដ្ឋដែលពុំទាន់មានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ អាចមកទំនាក់ទំនងធ្វើបាន តាមមណ្ឌលរស់នៅរៀងៗខ្លួន ដែលមានមន្ត្រីនគរបាលមូលដ្ឋាន រង់ចាំទទួលស្វាគមន៍ ដើម្បីបំពេញបែបបទនិតិវិធីធ្វើជូន ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ក្រោយបំពេញបែបបទនិតិវិធីរួចរាល់ មិនយូរទេ ប្រាកដជាទទួលបាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណមកប្រើប្រាស់មិនខាន។
លើសពីនេះ លោកអភិបាលខណ្ឌ បានបញ្ជាក់បន្ថែមថា ចំពោះអាជ្ញាធរសង្កាត់ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ រាល់ការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជី សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានគ្រប់ក្រុមគ្រួសារ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង ហើយអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ៕