(ព្រៃវែង)៖ ថ្លែងចេញពីពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ នៅខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ក្រោយពេលសាងសង់រួចរាល់ផ្លូវជាតិលេខ១១នេះ គឺផ្តល់ប្រយោជន៍ធំណាស់ដល់ប្រជាពលរដ្ឋកម្ពុជា។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការស្ថាបនាផ្លូវជាតិលេខ១១នេះឡើងវិញ គឺជាការតភ្ជាប់គ្នាពីផ្លូវមួយ ទៅផ្លូវមួយ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ នៅទូទាំងប្រទេស។
ក្នុងពិធីនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នៅពេលសាងសង់ផ្លូវនេះរួច ផ្លូវនេះវាផ្ដល់ផលប្រយោជន៍ធំណាស់ សម្រាប់ប្រជាជននៅក្នុងខេត្តព្រៃវែង ហើយមិនគ្រាន់តែប្រជាជននៅខេត្តព្រៃវែង និងប្រជាជនត្បូងឃ្មុំ ដែលជាអ្នកទទួលផលប៉ុណ្ណោះទេ»។
ប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា គម្រោងសាងសង់ឡើងវិញ ផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ ចាប់ពីអ្នកលឿង ចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
យ៉ាងណាមិញ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងថា ផ្លូវជាតិលេខ១១នេះ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ លើកគំពស់ និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើនិងក្រោមកម្រាស់ ៦០សង់ទីម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ៩៤.១៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
លោកទេសរដ្ឋមន្ត្រី បានគូសរំលេចថា តាមលក្ខណ:ភូមិសាស្ត្រផ្លូវជាតិលេខ១១នេះ មិនត្រឹមតែមានតួនាទីជាផ្លូវគមនាគមន៍ដឹកជញ្ជូននោះទេ ថែមទាំងជាទំនប់ការពារទឹកជំនន់ផងដែរ ជាក់ស្តែង ស្ទើររៀង រាល់ឆ្នាំ នៅរដូវវស្សា ទឹកទន្លេមេគង្គតែងឡើងលិចលង់តំបន់នេះ រួមទាំងផ្លូវជាតិលេខ១១។ ម្យ៉ាងទៀតដោយសារសេដ្ឋកិច្ចលូតលាស់ កំណើនចំនួនប្រជាពលរដ្ឋរស់នៅច្រើន តាមបណ្ដោយផ្លូវជាតិនេះ ធ្វើឲ្យចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ទាមទារឲ្យមានការសាងសង់ឡើងវិញ និងលើកកម្រិតផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងមានភាពរឹងមាំអាចទប់ទល់នឹងទឹកជំនន់នាពេលអនាគត។
បច្ចុប្បន្នផ្លូវជាតិលេខ១១ បានក្លាយជាផ្លូវមួយមានភាពមមាញឹក ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនធ្ងន់ៗ និងជាផ្លូវតែមួយគត់ដែល់រត់កាត់តាមទីរួមខេត្តព្រៃវែង ជាបេះដូងនិងជា ដង្ហើមសេដ្ឋកិច្ចនៃខេត្តព្រៃវែង ដែលជាខេត្តសំបូរស្រូវ និងកសិផលផ្សេងៗ។ ផ្លូវជាតិលេខ១១នេះផងដែរ ជាផ្លូវតភ្ចាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរ ដ៏មានសក្តានុពល របស់មហាអនុតំបន់មេគង្គ គឺរបៀងសេដ្ឋកិច្ចខាងត្បូង ផ្លូវអាស៊ានហាយវ៉េយ-AH1 (ផ្លូវជាតិលេខ១) និងរបៀងសេដ្ឋកិច្ចកណ្តាលផ្លូវអាស៊ានហាយវ៉េយ-AH11 (ផ្លូវជាតិលេខ៧)៕