(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសផ្ទេរ និងប្រគល់ភារកិច្ចជូនមន្ត្រីថ្នាក់ក្រោមចំនួន៣រូប រួមមាន៖ លោក រាជ កុសល ឋានន្តរស័ក្ដិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ ពីអនុប្រធានអង្គភាពលទ្ធកម្ម មកជាអនុប្រធានការិយាល័យអន្តរវិស័យ រដ្ឋបាលខណ្ឌឫស្សីកែវ លោក ស្មាស់ រិទ្ធី ឋានន្តរស័ក្ដិលេខាធិការរដ្ឋបាល ថ្នាក់លេខ៩ ពីប្រធានការិយាល័យអន្តរវិស័យ មកជានាយករងរដ្ឋបាលខណ្ឌ លោក លឹម សាម៉ឺឌី ឋានន្តរស័ក្ដិក្រមការ ថ្នាក់លេខ២ ជាអនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ មកជាប្រធានការិយាល័យអន្តរវិស័យខណ្ឌ។
ការផ្ទេរ និងប្រគល់ភារកិច្ចមន្ត្រីខាងលើនេះ ត្រូវបានលោក ជា ពិសី ប្រកាសឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខណ្ឌ៣រូប គឺលោក លីន ញ៉ក់ លោក ស៊ូ សោគន្ធ និងលោកស្រី សួស សូលីដា និងលោក-លោកស្រីនាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានតាមបណ្ដាករិយាល័យជុំនាញចំណុះខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ តំណាងមេបញ្ជាការ យូទ្ធភូមិភាគពិសេសខណ្ឌ ចៅសង្កាត់ និងនាយនគរបាលប៉ុស្ដិ៍ទាំង៧នៃខណ្ឌ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ មេភូមិ ជាមួយនឹងមន្ត្រីពាក់ព័ន្ធសរុប៨០នាក់ផងដែរ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្នុងការប្រកាសផ្ទេរ និងប្រគល់ភារកិច្ចជូនមន្ត្រី នេះដែរ លោក ជា ពិសី បានរៀបរបៀបវារៈ ចំនួន៣រួមមាន៖
*ទី១៖ ស្ដាប់របាយការណ៍ភូមិ-សង្កាត់មានសុវត្ថភាព ដោយអធិការនគរបាលខណ្ឌ
*ទី២៖ ការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាន
*ទី៣៖ ការរៀបចំផែនការសប្បាយភាពក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ជាពិសេសលោកអភិបាលខណ្ឌ ជា ពិសី បានរំឭកហើយ រំឭកទៀត សូមឲ្យមន្ត្រីទាំងអស់ធ្វើយ៉ាងណា ត្រូវខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជារាល់ពាក្យបណ្ដឹងផ្សេងៗ និងការយកចិត្តទុកដាក់បំរើសេវាឲ្យបានល្អ ដើម្បីជៀសវាងបាននូវការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូដ្ឋាន ដើម្បីឲ្យស្របទៅតាមការដឹកនាំដ៍ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕