(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសុកនេះ បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារទៅលើ បន្ទាយកងទ័ពមួកខៀវកម្ពុជា នៅប្រទេសម៉ាលី កាលពីម្សិលមិញ។ ទន្ទឹមនឹងនេះ សម្តេចក៏បញ្ជាក់ជំហរយ៉ាងច្បាស់ថា ទោះបីជួបការវាយប្រហារបែបនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនមានការរាថយក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបំពេញបេសកកម្មនៅក្រៅប្រទេសនោះឡើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវវាង ប្រវែងសរុប ៩៦.៤៨ គ.ម ចាប់ពីអ្នកលឿង ចំណុងប្រសព្វផ្លូវជាតិលេខ១ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុងប្រសព្វផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រុមគ្រួសាររបស់កងកម្លាំងមួកខៀវកម្ពុជា កុំមានការព្រួយបារម្ភ ហើយអះអាងថា ករណីនេះ មិនបានធ្វើឱ្យកងកម្លាំងរបស់យើងរងរបួសនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យកងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញការងារ នៅប្រទេសម៉ាលី ពង្រឹងស្មារតីឡើងវិញ ហើយបន្តបេសកកម្មមនុស្សធម៌ របស់ខ្លួនតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបងប្អូនពង្រឹងស្មារតី ហើយយកការទទួលខុសត្រូវក្នុងឋានៈជាជនជាតិកម្ពុជា ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព នៅលើពិភពលោក ហើយយើងថ្កោលទោសចំពោះពួកក្រុមឧទ្ទាម ដែលនៅតែបន្តការរំខាន មិនត្រឹមតែវ៉ៃប្រជាជនម៉ាលីខ្លួនឯងទេ ប៉ុន្តែហ៊ានមកប៉ះពាល់ដល់កងកម្លាំងរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីជំនួបវាងសម្តេចជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជាថា កម្ពុជាមិនរាថយក្នុងការបញ្ចូនកងកម្លាំងចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងបេសកកម្មរក្សាសន្តិភាពនោះទេ។ សម្តេចតេជោ ហ៊ុន សែន «ខ្ញុំបានប្រាប់គាត់ថា បើទោះបីជាកើតឡើងនូវព្រឹត្តិការណ៍នេះ ក៏កម្ពុជាមិនដកថយ ផ្ទុយទៅវិញ យើងនឹងបង្កើនកម្លាំងរបស់យើងថែមទៀត ដើម្បីចូលរួមនៅក្នុងការរក្សាសន្តិភាព នៅក្នុងក្របខណ្ឌពិភពលោករបស់យើងនេះ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ»។
សូមបញ្ជាក់ថា បន្ទាយកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន២ខ្នង នៅតំបន់ Kidal ប្រទេសម៉ាលី បានរងការវាយប្រហារជាថ្មី ដោយក្រុមមិនស្គាល់អត្តសញ្ញាណនៅរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ប៉ុន្តែករណីនេះពុំបានបង្កឱ្យកងកម្លាំងមួកខៀវកម្ពុជា រងរបួសទេ។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។
នេះមិនមែនលើកទី១ទេ សម្រាប់ការវាយឆ្មក់ទៅលើកងកម្លាំងមួកខៀវកម្ពុជា នៅប្រទេសម៉ាលី។ កាលពីខែវិច្ឆិកាឆ្នាំមុន កងកម្លាំងមួកខៀវកម្ពុជា ដែលបម្រើការងារកម្ទេចគ្រាប់មិនទាន់ផ្ទុះ ប្រចាំនៅតំបន់បេសកកម្ម ក្នុងប្រទេសម៉ាលី ក៏បានរងការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមផងដែរ។
កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជា បម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល ក៏បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស៕