(បន្ទាយមានជ័យ)៖ លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តំណាងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានកាំកុងត្រួល ជួបសំណេះសំណាលសួរសុខនាយទាហាន ពលទាហាន ព្រំដែនលេខ៥០៣ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់នៅកងអនុសេនាតូចល្បាតទី១ កងអនុសេនាតូចល្បាតទី៤ កន្លែងប្រចាំការទីបញ្ជាការ កងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ ស្ថិតនៅភូមិដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក លឿង រដ្ឋា បានថ្លែងថា ការជួបជុំចុះសួរសុខទុក្ខជាបន្តបន្ទាប់ ដោយលោក ម៉ក់ ពេជ្ជរិទ្ធ ប្រិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល ក៏ដូចជាតំណាង រវាងអគ្គនាយកដ្ឋានកាំកុងត្រូល និងទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ ក្រោមការផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលបានចាត់តាំងឲ្យមានការចងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នស៊ីវិល ជាមួយកងទ័ពជើងគោក ក្នុងគោលបំណងលើកទឹកចិត្ត និងទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ពសមរភូមិជួរមុខ ដើម្បីការពារជាតិ និងទឹកដីឲ្យបានគង់វង្ស ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ ការចងសម្ព័ន្ធមេត្រីភាពបានដំណើរការអស់រយៈពេល៨ឆ្នាំ ហើយគិតតាំងពីខែកុម្ភៈ ឆ្នាំ២០១០មក។
លោកបាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចទាំង២ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំច ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។
លោក លឿង រដ្ឋា បានបញ្ជាក់ថា «សន្តិភាព» ដែលបងប្អូន និងកូនចៅយើងទាំងអស់គ្នា កំពុងតែរីករាយ និងទទួលផលសព្វថ្ងៃនេះ គឺមិនមែនបានមក ដោយចៃដន្យនោះទេ។ ផ្ទុយទៅវិញ វាគឺជាសមិទ្ធផលនៃយុទ្ធសាស្ត្រឈ្នះឈ្នះ របស់ប្រមុខដឹកនាំដ៏អង់អាចក្លាហានរបស់យើង និងការប្រយុទ្ធតស៊ូ ពលីជីវិត បូជាសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន យុទ្ធនារីជាច្រើនជំនាន់ ទើបអាចសម្រេចបាន «សន្តិភាព» ដ៏កម្រនេះ។ តាមរយៈសន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសដល់យើងទាំងអស់អាចកសាង និងអភិវឌ្ឍប្រទេសឡើងវិញ ចាប់តាំងពីចំណុចសូន្យ រហូតទទួលបានកិត្តិនាមល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។
ដូច្នេះត្រូវរួបរួមសាមគ្គី និងការពារដាច់ខាត មិនអាចឲ្យជនណា ឬក្រុមអគតិណាមកបំផ្លាញសន្តិភាព ដ៏ត្រចះត្រចង់របស់ប្រទេសកម្ពុជាបានឡើយ ហើយនេះជាកាតព្វកិច្ច និងតួនាទីស្នូលរបស់បងប្អូនកងទ័ពទាំងអស់។ ពិតណាស់កម្ពុជាមានវប្បធម៌ នៃការអត់អោន និងវប្បធម៌នៃសន្ដិភាព ប៉ុន្តែមិនអាចលើកលែង ចំពោះជនណាក៏ដោយ ដែលបានប៉ុនប៉ងធ្វើឲ្យប្រទេសជាទីស្រលាញ់មួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិសង្គ្រាម ដូចអតីតកាលដ៏ល្វីងជូរជត់សាជាថ្មីបានឡើយ។
គណៈប្រតិភូក៏បាននាំមកជាមួយនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់កងការពារព្រំដែនលេខ៥០៣ ដូចជា ទឹកត្រី៥០ឡូ, ទឹកស៊ីអីវ៥០ឡូ, មី២៥កេសធំ, ទឹកសុទ្ធ៥០កេស, ទឹកក្រូច៥០កេស, ស្រាបៀអង្គរ៥០កេស, ឧបត្ថម្ភទីបញ្ជាការ១០,០០០,០០០រៀល និងឧបត្ថម្ភពលទាហាន ម្នាក់ៗ២០,០០០រៀល៕