(ក្រចេះ)៖ ករណីហិង្សាមួយ បានកើតឡើងដោយសារ ភ្លើងប្រច័ណ្ឌបណ្ដាលឲ្យមនុស្សម្នាក់ ដេកពេទ្យ និងម្នាក់ទៀតដេកគុក។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨ នៅចំណុចអូរអណ្ដូង ភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
យោងតាមរបាយការណ៍នគរបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធី សុផល អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានយកពូថៅទៅកាប់ជនរងគ្រោះឈ្មោះ សាន់ សារឿន អាយុ៥០ឆ្នាំ រស់នៅភូមិជាមួយគ្នា ខណៈជនរងគ្រោះកំពុងអង្គុយលេងក្នុងផ្ទះ ចំនួន២ពូថៅបណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានគ្រុមគ្រួសារបញ្ជូន ទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំឃ្សឹម ស្រុកស្នួល។
គ្រោយពីកើតហេតុ កម្លាំងនគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាល និងប្រជាការពារភូមិ បានឃាត់ខ្លួនជនសង្ស័យ មកសួរនាំនៅអធិការដ្ឋានស្រុកស្នួល។
ក្រោយពីកម្លាំងជំនាញសួរនាំ ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនកាប់ជនរងគ្រោះ ដោយសារប្រច័ណ្ឌប្រពន្ធរបស់ខ្លួន ជាមួយជនរងគ្រោះ ហើយខ្លួនបានផឹកស្រា ស អស់ជាច្រើនលីត្រស្រវឹង ក៏មានចិត្តខឹងជាមួយជនរងគ្រោះជាខ្លាំង រួចបានពូថៅទៅកាប់ជនរងគ្រោះ បណ្ដាលឲ្យដួលទៅនិងដីតែម្ដង។ ក្រោយមក ខ្លួនបានរត់ចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ។
បច្ចប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំ ទៅការិយាល័យជំនាញខេត្ត បំពេញនីតិវិធីបន្ដ៕