(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ជិៈម៉ូតូ១គ្រឿង បានដេញតាមប្លន់បុរសម្នាក់ ដែលកំពុងតែជិៈម៉ូតូតាមផ្លូវ លុះដេញទាន់បានដកកាំភ្លើងខ្លី១ រួចហើយស្រែកគំរាមម្ចាស់ម៉ូតូថា «ឲ្យម៉ូតូអញ មិនឲ្យអញ អញបាញ់ងាប់ឡូវ»។ លឺដូច្នេះម្ចាស់ម៉ូតូភ័យបានឲ្យម៉ូតូទៅក្រុមចោរខាងលើនោះបាត់ទៅ។

ហេតុការណ៍នេះបានកើតឡើងនាម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវ២១៧ ត្រង់មុខផ្ទះលេខ៣៤៣នក្រុម២១ ភូមិ២ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះបានប្រាប់ថា មុនកើតហេតុរូបគេបានជិៈម៉ូតូ១គ្រឿង ម៉ាក Zoomer ស្លាកលេខភ្នំពេញ1GB-5161 ដោយឌុបនារីម្នាក់ ចេញពីខារ៉ាអូខេ ដឹម៉ូនម្តុំសំណង់១២ ក្នុងគោលបំណងមកសាលាបាក់ទូក ដោយជិះតាមផ្លូវលេខ១៨២ លុះជិះមិនទាន់មកដល់ផង គឺដល់ត្រឹមផ្លូវលេខ២១៧ ត្រង់ច្រកឌឿងហែម ក៏ជនសង្ស័យដែលជិះតាមពីក្រោយ ភ្ជង់ឲ្យឈប់រួចស្រែកថា «ឲ្យម៉ូតូមកអញ បើមិនឲ្យតិចអញបាញ់ស្លាប់» លឺដូច្នេះជនរងគ្រោះភ័យក៏បានឲ្យម៉ូតូទៅចោរដោយសុវត្ថិភាព។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅខណ្ឌ ដើម្បីឲ្យសមត្ថកិច្ចជួយរកម៉ូតូឲ្យវិញ៕