(កំពង់ធំ)៖ ក្រោយពីមន្ត្រីកាំកុងត្រូលខេត្តកំពង់ធំ តែងចុះជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងការត្រួតពិនិត្យនូវគុណភាពទំនិញ និងពន្យល់ណែនាំ អាជីវករលក់ដូរ នៅតាមផ្សារ និងតាមផ្ទះលក់ដូរជុំវិញខេត្តកំពង់ធំនោះ អាជីវករលក់ដូរ មានការយល់ដឹងកាន់តែច្រើន ក្នុងការជ្រើសរើសទំនិញ ការរក្សារទុក និងលក់ដូរទំនិញដែលមានគុណភាព ជូនអតិថិជនរបស់ខ្លួន។
ជាក់ស្តែង នៅព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ ដឹកនាំមន្ត្រីកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះពិនិត្យម្ហូបអាហារ នៅកន្លែងតាំងពិព័រណ៍ កម្មវិធីប្រឡងចម្រៀងរបស់ជនពិកា តែជាលទ្ធផល រកមិនឃើញម្ហូបអាហារណា មួយសារធាតុគីមីហាមឃាត់នោះឡើយ។
មន្ដ្រីកាំកុងត្រូលខេត្ត បានថ្លែងថា ការចុះត្រួតពិនិត្យគុណភាពទំនិញ និងការដាក់តាំងលក់ នៅស្ដង់ពិព័រណ៌ក្រុងស្ទឹងសែន ក្នុងគោលបំណងចំបង គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះ បង្កើនការយល់ដឹងដល់អាជីវករ និងប្រជាពលរដ្ឋ នៅរបៀបជ្រើសរើសម្ហូបអាហារណាដែលមានសុវត្ថិភាពយកមកលក់ រក្សាទុក និងទទួលទានផងដែរ។
មន្រ្តីកាំកុងត្រូល បានថ្លែងថា លទ្ធផលបែបនេះ បានបង្ហាញឲ្យឃើញថា បន្ទាប់ពីមន្ត្រី កាំកុងត្រូល តែងចុះពិនិត្យ និងណែនាំជាប្រចាំកន្លងមក ធ្វើឲ្យអាជីវករលក់ដូរយល់ដឹងច្រើន ដោយបង្ហាញចេញនូវលទ្ធផលដ៏ល្អជាបន្តបន្ទាប់ ជាពិសេសក្រោយចុះពិនិត្យនាថ្ងៃនេះ៕