(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចដំឡើងប្រាក់របបសន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលការដំឡើងនេះ ចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨តទៅ។

បើយោងតាមអនុក្រឹត្យ របបសន្តិសុខសង្គមប្រចាំខែ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើងដូចខាងក្រោម៖

* កម្រិត១៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នទាបជាង ឬស្មើ៤៦០,០០០រៀល ត្រូវបន្ថែមឲ្យដល់៤៨០,០០០រៀលក្នុង១ខែ។

* កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នក្នុងចន្លោះចាប់ពី ៤៦០,០០១រៀល ដល់ត្រឹម ៨០០,០០០រៀល ត្រូវផ្តល់ជូនបន្ថែម២០,០០០រៀល ក្នុង១ខែ។

* កម្រិត៣៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នក្នុងចន្លោះពី៨០០,០០១រៀល ដល់ត្រឹម៨១០,០០០រៀល ត្រូវបន្ថែមឲ្យដល់ត្រឹម៨២០,០០០រៀលក្នុង១ខែ។

* ក្រមិត៤៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នចាប់ពី៨១០,០០១រៀលឡើងទៅ ត្រូវផ្តល់ជូនបន្ថែម១០,០០០រៀល ក្នុង១ខែ។

ជាមួយគ្នានេះ ក្នុងអនុក្រឹត្យបញ្ជាក់ទៀតថា អតីតមន្ត្រីរាជការស៊ីវិល និងអតីអយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិតណាមួយខាងលើរួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ។

ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន មានតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន អនុលោមតាមបទបញ្ញតិ្តនៃអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែតម្លៃ ឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការនៃកម្ពុជា មិនទទួលបានការបន្ថែមរបបសន្តិសុខសង្គម ដូចខាងលើនេះឡើយ៕