(ភ្នំពេញ)៖ ដើម្បីជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់នោះ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានចុះទទួលអំណោយឈាម ដោយស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុនឌី ខេ អេស អេច ជាច្រើននាក់។
លោក ប៉ាវ មុយថុង តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ស្តុកឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានការខ្វះខាតខ្លាំង ដែលតម្រូវឲ្យមជ្ឈមណ្ឌលអំពាវនាវជាសាធារណៈឲ្យប្រជាពលរដ្ឋ ជួយបរិច្ចាកឈាមដើម្បីបង្កើនស្តុកឈាម ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមកោតសរសើរយ៉ាងខ្លាំង ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ឌី ខេ អេស អេច ខេមបូឌាកម្ពុជា ក្នុងយុទ្ធនាការបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិត។
លោក ប៉ាវ មុយថុង បន្ដថា បើគ្មានការចូលរួមបរិច្ចាគឈាមពី បណ្តាលបុគ្គិលិកក្រុមហ៊ុន ឯកជន ក៏ដូចជាតាមក្រសួងមន្ទីររដ្ឋទេ នោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ពិតជាខ្វះខាត ដូច្នេះជាសំណូមពររបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សុំឲ្យបងប្អូនជាប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាមទាំងអស់ ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាម។
ជាមួយគ្នានោះ លោក យ៉ាង ណាវុធ ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ឌី ខេ អេស អេច ខេមបូឌា បានបញ្ជាក់ថា អ្នកបរិច្ចាគឈាមទាំងអស់ សុទ្ធតែបានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនៃសហគមន៍។ យើងពិតជាកោតសរសើរ ហើយសូមអរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិក ដែលបានខិតខំចូលរួមដោយអស់ពីចិត្ត ដែលក្រុមហ៊ុននឹងបន្តសកម្មភាពសង្គមទាំងនេះ នៅថ្ងៃអនាគតដើម្បីបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវជាសហគមន៍មួយ។
សូមបញ្ជាក់ថា យោងតាមតួលេខ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា នៅកម្ពុជាតម្រូវការឈាមជាមធ្យម២០០ ប្លោកក្នុងមួយថ្ងៃ ឬ៦០០០ ប្លោកក្នុងមួយខែ៕