(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមន្រ្តីជាច្រើនរូបមកហើយ បានដើរចេញក៏ដូចជាត្រូវបញ្ឈប់ពីតំណែង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀតបានបន្តប្រកាសដកលោក ម៉ាកម៉ាស្ទឺរ (McMaster) ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចេញពីតំណែង ហើយជ្រើសតាំង លោក ចន បូលតុត (John Bolton) អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) ឲ្យកាន់មុខតំណែងដ៏សំខាន់នេះជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
ការប្រកាសដំណឹងផ្លូវការនេះ ត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីអាមេរិកផ្ទាល់ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ដោយក្នុងឱកាសនោះ លោក ត្រាំ បានថ្លែងកោតសរសើរចំពោះគុណបំណាច់របស់ លោក McMaster ដែលបានបំពេញតួនាទីយ៉ាងល្អប្រសើរជូនជាតិ។ បើតាមការបញ្ជាក់ពី លោក ដូណាល់ ត្រាំ ការផ្លាស់ប្តូរតំណែងនេះ នឹងចូលជាធរមាននៅថ្ងៃទី០៩ ខែមេសាខាងមុខ។
គួរជម្រាបថា កាលពីសប្តាហ៍មុន សារព័ត៌មានអាមេរិក The Washington Post ក៏ធ្លាប់បានចុះផ្សាយម្តងរួចមកហើយថា លោក ត្រាំ បានសម្រេចបញ្ឈប់លោក McMaster ពីមុខតំណែង ហើយបានជជែកពិភាក្សាយ៉ាងមមាញឹក ចំពោះបេក្ខភាពដែលនឹងមកជំនួសរូបលោក ដែលព័ត៌មាននោះ បានលេចធ្លាយឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុខ (Rex Tillerson) ត្រូវបានដកចេញពីមុខតំណែង។
ដោយឡែក លោក John Bolton វិញ នឹងក្លាយជាទីប្រឹក្សាសន្តិសុខជាតិទីបីរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីលោក McMaster និងលោក ម៉ៃឃើល ហ្វ្លីន (Michael Flynn)៕