(ភ្នំពេញ)៖ ដោយច្រានចោលនូវការលើកឡើងរបស់ លោក សម រង្ស៉ី ជាមួយវិទ្យុរបស់អាមេរិក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា អ្នកដែលព្រួយបារម្ភខ្វល់ខ្វាយខ្លាំងនោះ មិនមែនជាសម្តេចតេជោ ហ៊ុន សែន នោះទេប៉ុន្តែជាទណ្ឌិត សម រង្ស៉ី ដែលកំពុងជួបបញ្ហានយោបាយ គ្មានឱកាសចូលក្នុងប្រទេស។
កាលពីយប់មិញ លោក សម រង្ស៉ី មេដឹកនាំចលនាសង្រ្គោះជាតិ បានប្រាប់វិទ្យុអាស៊ីសេរីថា សម្តេចតេជោ ហ៊ុន សែន មានការព្រួយបារម្ភ បន្ទាប់ពីចលនាសង្រ្គោះជាតិរបស់លោក អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ឱ្យឈប់ស្តាប់បង្គាប់ និងមានសម្ពាធរបស់ប្រទេសមួយចំនួនជាដើម។
លោក សុខ ឥសាន បានបញ្ជាក់ថា៖ «គឺទណ្ឌិតសម រង្សី ទៅវិញទេ ដែលជាអ្នកព្រួយបារម្ភនោះ។ ព្រួយបារម្ភ ដោយសារ៖ លែងបានចូលស្រុក, លែងបានធ្វេីនយោបាយឡេីងវិញ, មិនបានចូលរួមការបោះឆ្នោត ដែលកំពុងឈានមកដល់ក្នុងពេលឆាប់ៗនេះ, បាត់ការគាំទ្រពីមហាជនក្នុងប្រទេស និងក្រៅប្រទេស, ទៅពឹងពាក់ចៅហ្វាយនាយនិងបក្សពួក មិនបានការ មិនបានសម្រេចផល, ធ្វេីសកម្មភាពឧទ្ទាម សុទ្ធតែខុសច្បាប់ ត្រូវជាប់បណ្តឹងជាបន្តបន្ទាប់ ធ្ងន់ខ្លួនទៅៗ ដែលគ្មានពេលបានរួចខ្លួនចំពោះមុខច្បាប់ ពីរឿងក្បត់ជាតិឡេីយ»។
លោក សុខ ឥសាន បានបន្តថា៖ ដូច្នេះដែលទណ្ឌិត សម រង្សី ថាសម្តេចតេជោហ៊ុន សែន ព្រួយបារម្ភនោះគឺផ្ទុយទៅវិញទេ តាមពិតគឺទណ្ឌិត សម រង្សីខ្លួនឯងទេដែលព្រួយបារម្ភ គ្មានស្រាកស្រាន្តរាល់ថ្ងៃរាល់ម៉ោង រាល់ពេល ដោយសារតែបានបាត់បង់អ្វីៗអស់ពីខ្លួនហេីយ ហេីយគ្មានសង្ឃឹមថា អាចស្តារបានជាដាច់ខាតឡេីយ។
លោក សម រង្ស៊ី ដែលបានគេចខ្លួនទៅក្រៅប្រទេសនោះ កំពុងញាំញីដោយពាក្យបណ្តឹងនៅតុលាការកម្ពុជា ក្នុងនោះមាន ការទាមទារឱ្យអនុវត្តសាលក្រមរឿងចាញ់ក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, សំណុំរឿងក្លែងឯកសារព្រំដែនបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងសំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន, សំណុំរឿងបរិហារកេរ្តិ៍ និងញុះញង់លើសម្តេចតេជោ ហ៊ុន សែន ថាសម្លាប់លោកកែមឡី, បណ្តឹងរបស់កងយោធពលខេមរភូមិន្ត រួមទាំងបណ្តឹងមួយចំនួនទៀត។
នាថ្មីៗនេះ សំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន និងសំណុំរឿងញុះញង់លើសម្តេចតេជោ ហ៊ុន សែន បានចូលជាស្ថាពរផងដែរ ហើយតុលាការបានសម្រេចឱ្យរឹបអូសជាបណ្តោះអាសន្ន នូវទីស្នាក់ការរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលជាទ្រព្យសម្បត្តិផ្ទាល់របស់ លោក សម រង្ស៊ីផងដែរ៕