(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤នាក់ រងរបួសធ្ង់ចំនួន៧នាក់ និងរងរបួសស្រាលចំនួន៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង, រថយន្ដតូច៦គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថារយៈពេល២២ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន១៩៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១១៣នាក់ រងរបួសស្រាលចំនួន១២៨៤នាក់ និងរបួសធ្ងន់ចំនួន១៩៨នាក់៕