(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា គម្រោងសាងសង់ឡើងវិញ ផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ ចាប់ពីអ្នកលឿង ចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះប្រវែងផ្លូវ ៦៥.៥៥គីឡូម៉ែត្រ ស្ថិតក្នុងទឹកដីនៃខេត្តព្រៃវែង និងប្រវែងជាង ២១.១៣គីឡូម៉ែត្រ ស្ថិតនៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ។ ផ្លូវវាងមាន ២កន្លែង សរុបប្រវែង ៩.៨គីឡូម៉ែត្រ ដើម្បីវាងក្រុងព្រៃវែង បញ្ចៀសចរាចរណ៍កាត់ក្រុង និងសម្រួលដក់ការបើកបរលើផ្លូវចាស់ដែលមានកែងខ្លាំង។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ផ្លូវជាតិលេខ១១នេះ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ លើកគំពស់ និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើនិងក្រោមកម្រាស់ ៦០សង់ទីម៉ែត្រ។ ក្នុងប្រវែងទទឺងផ្លូវ ១១ម៉ែត្រ ទទឹងផ្លូវសម្រាប់រថយន្តចរាចរណ៍ប្រវែង ៧ម៉ែត្រ ចែកជា ២ គន្លង (១ទៅ ១មក) ដែលគន្លងនីមួយៗ មានទទឹង ៣.៥០ម៉ែត្រ ផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង (១ទៅ ១មក) ដែលគន្លងនីមួយៗ មានទទឹង ១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាង ទទឹង ០,៥០ម៉ែត្រ។ សាងសង់ស្ពាន ចំនួន ២កន្លែង ប្រវែង ២១០ម៉ែត្រ សាងសង់លូជ្រុងចំនួន ៣កន្លែង លូមូលចំនួន ៩១កន្លែង លូដាក់តាមប្រឡាយសងខាង ផ្លូវចំនួន ១៩២កន្លែង និងបំពាក់ផ្លាកសញ្ញាចរចរ គូសគំនូសចរាចរ បង្គោលគីឡូម៉ែត្រ និង បង្គោលសុវត្ថិភាព តាមដងផ្លូវផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ៩៤.១៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសំអាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវ កម្មថ្នល់-ស្ពាន ចិន (China Road and Bridge Corporation) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Co.,ltd) ប្រើរយៈពេលសាងសង់ចំនួន ៤៤ខែ ចាប់ពីខែមីនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ។
លោកទេសរដ្ឋមន្ត្រី បានគូសរំលេចថា តាមលក្ខណ:ភូមិសាស្ត្រផ្លូវជាតិលេខ១១នេះ មិនត្រឹមតែមានតួនាទីជាផ្លូវគមនាគមន៍ដឹកជញ្ជូននោះទេ ថែមទាំងជាទំនប់ការពារទឹកជំនន់ផងដែរ ជាក់ស្តែង ស្ទើររៀង រាល់ឆ្នាំ នៅរដូវវស្សា ទឹកទន្លេមេគង្គតែងឡើងលិចលង់តំបន់នេះ រួមទាំងផ្លូវជាតិលេខ១១។ ម្យ៉ាងទៀតដោយសារសេដ្ឋកិច្ចលូតលាស់ កំណើនចំនួនប្រជាពលរដ្ឋរស់នៅច្រើន តាមបណ្ដោយផ្លូវជាតិនេះ ធ្វើឲ្យចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ទាមទារឲ្យមានការសាងសង់ឡើងវិញ និងលើកកម្រិតផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងមានភាពរឹងមាំអាចទប់ទល់នឹងទឹកជំនន់នាពេលអនាគត។ ការបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ នាពេលនេះ បង្ហាញពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយក្តីកង្វល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋផង និងកាត់បន្ថយនូវឥទ្ធិពល មហន្តរាយនៃទឹកជំនន់ ដែលតែងតែកើតឡើងនារដូវវស្សា ហើយដែលបានបំផ្លាញយ៉ាង ធ្ងន់ធ្ងរ ដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ជាតិ មានផ្លូវថ្នល់ ស្ពានជាដើម។
លោករដ្ឋមន្ត្រីដែលកំពុងទទួលបានកោតសរសើរច្រើនពីមហាជនលើការធ្វើកំណែទម្រង់នានាលើវិស័យសាធារណការ និងដឹកជញ្ជូនរូបនេះ បានឲ្យដឹងផងដែរថា បច្ចុប្បន្នផ្លូវជាតិលេខ១១ បានក្លាយជាផ្លូវមួយមានភាពមមាញឹក ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនធ្ងន់ៗ និងជាផ្លូវតែមួយគត់ដែល់រត់កាត់តាមទីរួមខេត្តព្រៃវែង ជាបេះដូងនិងជា ដង្ហើមសេដ្ឋកិច្ចនៃខេត្តព្រៃវែង ដែលជាខេត្តសំបូរស្រូវ និងកសិផលផ្សេងៗ។ ផ្លូវជាតិលេខ១១នេះផងដែរ ជាផ្លូវតភ្ចាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរ ដ៏មានសក្តានុពល របស់មហាអនុតំបន់មេគង្គ គឺរបៀងសេដ្ឋកិច្ចខាងត្បូង ផ្លូវអាស៊ានហាយវ៉េយ-AH1 (ផ្លូវជាតិលេខ១) និងរបៀងសេដ្ឋកិច្ចកណ្តាលផ្លូវអាស៊ានហាយវ៉េយ-AH11 (ផ្លូវជាតិលេខ៧)។
លោករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងក្របខ័ណ្ឌខេត្ត ទីរួមខេត្តព្រៃវែងអាចភ្ជាប់ទៅរាជធានីភ្នំពេញ តាមរយ:ផ្លូវជាតិលេខ១ ស្ពានត្សឹបាសា (អ្នកលឿង) ឬផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ៦ និងស្ពានព្រែកតាមាក់។ បន្ទាប់ពីការសាងសង់រួច ផ្លូវជាតិលេខ១១នេះ ក៏នឹងជួយផងដែរ ឲ្យខេត្តព្រៃវែង អាចពង្រឹងសក្តានុពលរបស់ខ្លួន ក្នុងការដឹកជញ្ជូនកសិផល ពិសេសស្រូវ ឆ្ពោះទៅរោងចក្រកិនស្រូវ មជ្ឈមណ្ឌល ប្រមូលទិញនិងចែកចាយ និងកំពងផែនៅទូទាំងប្រទេស ជំរុញដល់ការនាំចេញទៅក្រៅប្រទេសថែមទៀត បង្កើនកំណើនសេដ្ឋកិច្ចជាតិ រួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់បងប្អូន ប្រជាពលរដ្ឋ ដែលជាគោលបំណងដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល៕