(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ មានរយៈពេលបីថ្ងៃហើយ ដែលព័ត៌មានបកអាក្រាតរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល ចំពោះ ជុន ចន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាខេមរភាសា អំពីការពឹងពាក់ឲ្យលោកលួចទាក់ទងទៅឧត្តមសេនីយ៍ម៉ៅ សុផាន់ ដើម្បីសុំកម្លាំងការពារខ្លួន ដោយខ្លាចគិញសម្ងាត់អាមេរិកសម្លាប់ដូច កែម ឡី និងលួចទៅទទួលទានអាហារស្ងាត់ៗជាមួយមន្ត្រីរដ្ឋាភិបាល មិនទាន់ត្រូវបានសាម៊ីខ្លួន ឬស្ថាប័នវិទ្យុអាស៊ីសេរីចេញមុខមកបកស្រាយបំភ្លឺនៅឡើយទេ។
ឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា លោកនៅមានខ្សែអាត់សំឡេងនៃកិច្ចសន្ទនាពេលកំពុងទទួលទានអាហារថែមទៀតផង។ បើមិនមែនជាការពិតទំនងទាំង ជុន ច័ន្ទបុត្រ និងស្ថាប័នវិទ្យុអាស៊ីសេរី ចេញមកតតាំងការពិតជាយូរទៅហើយ មិនសម្ងំប្រកាន់ទ្រឹស្តីមិនឆ្លើយ មិនឆ្លងដូច្នេះទេ ព្រោះចរិតពិតនៃវិទ្យុអាស៊ីសេរី គឺមិនអាចនៅស្ងៀមចំពោះអ្វីដែល ខ្លួនគិតថា ជាផលប្រយោជន៍នោះទេ ហេតុដុច្នេះហើយបានជាពួកគេព្យាយាមធ្វើអ្វីដើម្បីបំភ្លៃ បំផ្លើសនិង បំភាន់សាធារណមតិ។
ប៉ុន្តែដល់ពេលដែលការពិតត្រូវបានគេដឹង វិទ្យុអាស៊ីសេរី ជាពិសេស ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានពូកែញុះញង់ និងបំភ្លៃព័ត៌មានដើម្បីបម្រើ មហិច្ឆតាអំណាចរបស់ខ្លួននោះ បែរជាមិនហ៊ានប្រឈមនឹងការពិតទៅវិញ។
ចំពោះមុខនៃព័ត៌មាននៃការលួចទាក់ទងជាសម្ងាត់ ជាមួយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គឺ ជុន ច័ន្ទបុត្រ ហាក់ដូចជានៅស្ងៀមស្ងាត់ ដែលនេះមានន័យស្នើនឹងទទួលស្គាល់ការពិតរួចស្រេចទៅហើយ។ ចុះបើទទួលស្គាល់ថា ជាការពិតនិងមានភស្តុតាងតាំងខ្សែអាត់សំឡេង សារទំនាក់ទំនងគ្នារវាង ជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ ហ៊ុន ម៉ណែត ហើយលោក រដ្ឋា វិសាល ជាអ្នកសម្របសម្រួល ជំនួបជាមួយឧត្តមសេនីយ៍ ម៉ៅ សុផាន់ តើប្រធានស្ថាប័នវិទ្យុអាស៊ីសេរី នឹងចាត់វិធានការបែបណាទៅលើបុគ្គលិករបស់ខ្លួនឈ្មោះ ជុន ច័ន្ទបុត្រ (ឈ្មោះពិត ហួត វុធី) នេះ? ព្រោះបើពិនិត្យលើក្រុមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់ វិទ្យុអាស៊ីសេរី ទង្វើរបស់ ជុន ច័ន្ទបុត្រ ដែលលួចទាក់ទងជាសម្ងាត់និយាយពីបញ្ហាផ្ទៃក្នុងរបស់អង្គភាព បញ្ចេញទៅប្រភពខាងក្រៅគឺជាការរំលោភបំពាន បទបញ្ជាយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី គឺហាមដាច់ខាតមិនឲ្យបុគ្គលិកបញ្ចេញព័ត៌មានផ្ទៃក្នុងរបស់អង្គភាពចេញ ទៅខាងក្រៅឲ្យអ្នកផ្សេងដឹងឡើយ បើបុគ្គលិករូបណាហ៊ានល្មើស ឬក៏ណាត់ជួបជាសម្ងាត់ជាមួយមន្ត្រីរាជរដ្ឋាភិបាលណាម្នាក់ ដោយមិនបានសុំការអនុញ្ញាត ពីប្រធានរបស់ខ្លួនទេនោះ ត្រូវមានទោសធ្ងន់ធ្ងរឈានដល់បណ្ដេញចេញពីការងារតែម្ដង។
បើពិនិត្យមើលកំហុសឆ្គងរបស់ ជុន ច័ន្ទបុត្រ នៅពេលនេះគឺអាចនឹងត្រូវវិទ្យុអាស៊ីសេរីដែលគ្រប់គ្រង ដោយអាមេរិកបញ្ឈប់ពីការងារបានហើយ ព្រោះជាកំហុសឆ្គងដ៏ ធ្ងន់ធ្ងរបំផុត។ គេនៅចាំបានថាវិទ្យុអាស៊ី សេរីបានបញ្ឈប់បុគ្គលិករបស់ខ្លួនជាច្រើននាក់រួចមកហើយ ដែលបានទទួលការអញ្ជើឱ្យហូបអាហារនៅក្នុងនាមជាមិត្តភាព ឬក៏គ្រាន់តែសង្ស័យថាមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាលជាដើម។ ប្រជាពលរដ្ឋខ្មែរនៅរង់ចាំមើលថា តើវិទ្យុអាស៊ីសេរីហ៊ានចាត់វិធានការយ៉ាងណា ចំពោះការប្រព្រឹត្តកំហុសឆ្គងរបស់ ជុន ច័ន្ទបុត្រ ដូចដែលវិទ្យុនេះបានចាត់វិធានយ៉ាងអយុត្តិធម៌ចំពោះបុគ្គលិកផ្សេងទៀតរបស់ខ្លួនដូចពីមុនដែរ ឬទេ? ឬក៏ជុន ច័ន្ទបុត្រ គឺជាអធិរាជនៅវិទ្យុអាស៊ីសេរីភាសាខ្មែរ គ្មាននរណាហ៊ានចាត់វិធានការ? បើទោះជា ជុន ច័ន្ទបុត្រ ជាអធិរាជ មិនអាចនរណាប៉ះពាល់បានព្រោះជាកូនអុកដ៏សំខាន់ និងជាសំឡេងបំភ្លៃ បំផ្លើស និងបំភ័ន្តព័ត៌មានដ៏សំខាន់ដែលអាមេរិកប្រើសម្រាប់ជួយក្រុមអ្នកនយោបាយប្រឆាំង ប៉ុន្តែ ជុន ច័ន្ទបុត្រ ខ្លួនឯងដែលតែងតែអះអាង ពីការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពវិន័យ បទបញ្ជារបស់វិទ្យុ ពេញៗមាត់នោះ គួរតែពិចារណាខ្លួនឯងថា តើទង្វើដែលខ្លួនបានធ្វើជាពេលកន្លងទៅលួច ទាក់ទងជាសម្ងាត់ជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល តើជាកំហុស ឬមិនមែនជាកំហុស តើជាការរំលោភបទបញ្ជាផ្ទៃ ក្នុងនិងក្រមសីលធម៌របស់វិទ្យុអាស៊ីសេរីដែរឬទេ?
អ្វីដែល ជុន ច័ន្ទបុត្រ ព្រួយបារម្ភខ្លាចគិញសម្ងាត់អាមេរិកកាំងសម្លាប់ ក៏ត្រូវបានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វិល្លៀម ហេដ បានច្រានចោល និងបានលើកឡើងថា ក្តីព្រួយបារម្ភនេះ គឺជាការគិតបែបឆ្កួតៗឡប់ៗតែប៉ុណ្ណោះ។ សំណួរអាចចោទសួរថាបើសិនជាការព្រួយបារម្ភរបស់ ជុន ច័ន្ទបុត្រ ឆ្កួតៗ តើ ហេតុអ្វីបានជា ចុន ច័ន្ទបុត្រ ភ័យស្លន់ស្លោរស្វែងរកកងការពារសុវត្ថិភាពខ្លួន? តាមពិតអាមេរិកក៏គួរតែកោះហៅ ជុន ច័ន្ទបុត្រ មកសាកសួរសំណួរនេះដើម្បីឱ្យដឹងច្បាស់ថា ហេតុអ្វី ជុន ច័ន្ទបុត្រ ចាំបាច់ស្នើសុំការការពារពីកម្លាំងរាជរដ្ឋាភិបាល? តើការដែល ជុន ច័ន្ទបុត្រ និយាយប្រាប់លោក រដ្ឋា វិសាល ថាខ្លាចគិញសម្ងាត់សម្លាប់នោះ តើវាជាការពិតដែរទេ? ដូច្នេះទូតអាមេរិក ឬរដ្ឋាភិបាលអាមេរិក គួរតែជម្រះបញ្ជីជាមួយ ជុន ច័ន្ទបុត្រ ដើម្បីកុំឱ្យមានការមន្ទិលសង្ស័យយកឈ្មោះអាមេរិក មកចោទប្រកាន់ថា មានការប៉ុនប៉ង សម្លាប់ខ្លួន និងដើម្បីលាងជម្រះប្រមាថចំពោះអាមេរិកដូច្នេះ!
ទន្ទឹមនឹងគ្នាដែរ ជុន ច័ន្ទបុត្រ គួរមានភាពក្លាហានលាលែងចេញពីតំណែងជាអនុប្រធានវិទ្យុអាស៊ីសេរីដោយខ្លួន ឯងជាងជារង់ចាំប្រធានស្ថាប័នវិទ្យុនេះបណ្តេញចេញ ដោយសារតែភាពធ្ងន់ធ្ងរនៃការបំពានបទបញ្ជាផ្ទៃក្នុង និងការទម្លាយបញ្ហាសម្ងាត់ទាក់ទងនឹងអង្គភាពវិទ្យុអាស៊ីសេរីដល់អ្នកផ្សេង។ ការសម្ងាត់ដែលយោងតាម បុគ្គលិកធ្លាប់បម្រើការងារនៅវិទ្យុអាស៊ីសេរី គឺជុន ច័ន្ទបុត្រ មិនចង់បន្តធ្វើការងារបម្រើវិទ្យុអាស៊ីសេរីទៀតទេព្រោះម្ចាស់វិទ្យុនេះបានដាក់គំនាប និងដាក់បន្ទាត់នយោបាយ បម្រើគោលនយោបាយបក្សប្រឆាំង និងវាយប្រហាររាជរដ្ឋាភិបាល ដោយបញ្ជាឱ្យបុគ្គលិករបស់ខ្លួនធ្វើព័ត៌មានណា ដែលមានលក្ខណៈអវិជ្ជមាន និងរិះគន់ទម្លាក់ កំហុសមក លើរាជរដ្ឋាភិបាល និងបង្ហាញពីរូបភាពអាក្រក់ៗនៃសង្គមខ្មែរព្រមទាំងទម្លាក់តម្លៃនៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីជួយបក្សប្រឆាំងឱ្យឡើងកាន់អំណាចបាន វិទ្យុនេះបានព្យាយាមសរសេរព័ត៌មានដែលបង្ហាញថាបក្សប្រឆាំងនិងអ្នកនយោបាយនៃបក្សនេះគឺជាជន រងគ្រោះ និងសមត្ថកិច្ចរាជរដ្ឋាភិបាល រួមនឹងគណបក្សកាន់អំណាច គឺជាតួអង្គចិត្តអាក្រក់ និងជាមនុស្សកាចសាហាវ ព្រមទាំងបានលាបពណ៌រដ្ឋាភិបាលគ្រប់បែបយ៉ាង ដើម្បីបំភ្លៃមតិសាធារណៈថែមទៀតផង។
ដូច្នេះរង់ចាំមើលថាតើជុន ច័ន្ទបុត្រ មានភាពក្លាហានលាលែងចេញពីតំណែងទេ? ឬក៏នៅមុខក្រាសបន្តអនុវត្តផែនការបំផ្លាញជាតិក្រោមខ្សែញាក់របស់បរទេសទៀត? បើខ្លួនពិតជាចង់ចាកចេញពី ស្ថាប័នអាស៊ីសេរីមែន ការរំលោភក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរីប៉ុណ្ណេះ មានតម្លៃល្មមឱ្យ ជុន ច័ន្ទបុត្រ ដើរចេញ បានតាមបំណងហើយ ប៉ុន្តែបើសិនជា ជុន ច័ន្ទបុត្រ មិនបានលាលែង និងពួនសម្ងំបំពេញការងារនៅទីនេះទៀត គឺអ្វីៗដែល ជុន ច័ន្ទបុត្រ បានធ្វើពីមុនគ្រាន់តែជាល្បិច ដំឡើងតម្លៃខ្លួនតែប៉ុណ្ណោះ ហើយក៏គ្មាននរណាជឿទៀតដែរព្រោះពេលនេះគោលដៅពិតរបស់វិទ្យុអាស៊ីសេរីដែល ពោរពេញដោយសាច់ញាតិនៃបក្សប្រឆាំងធ្វើការ ដូចជា មួង ណារ៉េត ជាកូនប្រសាររបស់លោក ប៉ុល ហំម ដែលកំពុងដើរតួតែៗស្ករៗជាមួយ ជុន ច័ន្ទបុត្រ បំពុលសង្គមខ្មែរតាមរយៈការបំភ្លៃព័ត៌មាន និងបំប៉ោង ខុសពីស្ថានការណ៍ពិតនៅកម្ពុជា ត្រូវបានបកអាក្រាតអស់ទៅហើយ។ ពេលនេះគេដឹងច្បាស់ហើយថា វិទ្យុអាស៊ីសេរីពិតជាឧបករណ៍ដាច់ថ្លៃរបស់ អតីតបក្សប្រឆាំងនៅក្នុងការបំផ្លាញជាតិ និងប្រឆាំងនឹងផលប្រយោជន៍ប្រជាជនកម្ពុជា៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៨