(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ទីតាំងនៅកាំកូស៊ីធី រាជធានីភ្នំពេញ នៅសប្តាហ៍នេះ បានរៀបចំបទបង្ហាញដល់និស្សិតរបស់ខ្លួនជាង២០០នាក់ ពីឱកាស និងការរៀបចំខ្លួនទៅបន្តការសិក្សា និងការងារនៅប្រទេសអូស្ត្រាលី។
លោកបណ្ឌិត កែវ ជា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស្តើង សុខុម សាកលវិទ្យាធិការបានលើកឡើងក្នុងមតិស្វា គមន៍ថា កន្លងមក CUS បានចុះអនុស្សារណៈយោគយល់ (MOU) ជាមួយគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សានៅក្រៅប្រទេសជាង ៤០ប្រទេសដើម្បីផ្តល់ឱកាសងាយស្រួលឱ្យនិស្សិត CUS បានបន្តការសិក្សាទៅក្រៅប្រទេស។
ក្នុងទស្សនៈវិស័យដ៏វែងឆ្ងាយនេះ CUS ក៏បានដាក់ចេញនូវចក្ខុវិស័យ «សាកលវិទ្យាល័យឯកទេស នៃកម្ពុជា ត្រូវក្លាយជារោងចក្របញ្ញាញាណ ដោយត្រូវកសាងធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ វប្បធម៌ជាតិចាប់ពីពេលនេះ និងឆ្ពោះទៅកសាងកិត្តិនាមឆ្នើមក្នុងឆាកអន្តរជាតិចាប់ពីឆ្នាំ២០២៧តទៅ»។
លោកបណ្ឌិតបន្តថា ក្នុងនោះការពង្រឹងបន្ថែមជាជំហានៗនូវភាសាអង់គ្លេសដល់និស្សិតនាពេលកន្លងមក និងទៅអនាគតកាន់តែឆ្លើយ តបដល់ឱកាសបើកចំហដល់និស្សិត CUS ក្នុងការបន្តការសិក្សានៅក្រៅប្រទេស និងទីផ្សារការងារទំាងក្នុងស្រុក ក្នុងតំបន់ និងលើឆាកអន្តរជាតិ។
លោកស្រី ជេននី ទីវ ជាប្រធានភ្នាក់ងារអន្តោប្រវេសន៍ និងការសិក្សានៅប្រទេសអូស្ត្រាលី និងជាអគ្គរាជទូតសុឆន្ទៈរបស់អាណិកជនខ្មែរប្រចាំប្រទេសអូស្តា្រលីបានធ្វើបទបង្ហាញដល់និស្សិត CUS ដែលមានបំណងចង់បន្តការសិក្សា និងការងារនៅប្រទេសអូស្រ្តាលីនីតិវិធីស្នើសុំទិដ្ឋាការសម្រាប់ការធ្វើទេសចរណ៍ការបន្តការសិក្សា ការស្នើសុំអាហារូបករណ៍ ការរកការងារធ្វើក្នុងពេលកំពុងសិក្សា ការចំណាយថ្លៃសិក្សាប្រចាំឆ្នាំ នៅក្នុងប្រទេសអូស្រ្តាលី។
លោក គង់វង្សា អនុជិត ជានាយកគណនេយ្យភ្នាក់ងារអន្តោប្រវេសន៍ និងការសិក្សានៅប្រទេសអូស្ត្រាលី បានបញ្ជាក់បន្ថែមពីការបន្តការសិក្សានៅបរទេសឬអូស្ត្រាលី និសិ្សតត្រូវត្រៀមខ្លួនលើភាសាអង់គ្លេស ការប្រើប្រាស់បច្ចេកវិទ្យា និងការជ្រើសរើសមុខវិជ្ជាសិក្សា ដែល ឆ្លើយតបទៅនឹងការអភិវឌ្ឍនៃប្រទេសកម្ពុជាផង ទីផ្សារការងារផងព្រមទាំងសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនផង។
ក្នុងមតិបិទបទបង្ហាញលោកបណ្ឌិត កែវ ជា បានលើកឡើងថា បុគ្គលមានចំណេះវិជ្ជា មានសមត្ថភាពវិជ្ជាជីវៈ មានបុគ្គលិកលក្ខណៈសម្បត្តិល្អ មានន័យថាមានទ្រព្យជាប់នឹងប្រាណ។ ក្នុងបេសកកម្មអប់រំរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ CUS បានខិតខំប្រឹងប្រែងគ្រប់សកម្មភាពទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងគោលបំណងសម្រេចឲ្យបាន «ទាំងអស់គ្នា ដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា» ដោយឈរលើមូលដ្ឋាននេះធ្វើឲ្យ CUS មានការរីកចម្រើន ជាបន្តបន្ទាប់។
បច្ចុប្បន្ននេះCUS មាន៨ទីតាំង ដែល០២ ទីតាំងនៅរាជធានីភ្នំពេញ និង០៦ទីតាំងទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត៕