(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃ០៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨នេះ នាទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ បានទទួលជួបការសំដែងកគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Stefanie Nijssen មកពីនាយកដ្ឋានជម្លោះ មនុស្សធម៌និងសន្តិសុខ នៃក្រសួងអភិវឌ្ឍន៍អន្តរជាតិ របស់ចក្រភពអង់គ្លេស។
ក្នុងជំនួបនោះ លោក ហេង រតនា បានបញ្ជាក់ថា លោកស្រី Stefanie Nijssen មានការចាប់អារម្មណ៍ខ្លាំង ពីសកម្មភាពរបស់វិស័យមីនកម្ពុជា និងជាពិសេសសកម្មភាពរបស់អង្គភាពស៊ីម៉ាក់។
អគ្គនាយកស៊ីម៉ាក់រូបនេះបានបញ្ជាក់ទៀតថា រដ្ឋាភិបាលអង់គ្លេស បានសំរេចបង្កើនជំនួយដោះមីន នៅទូទាំងពិភពលោកដែលទឹកប្រាក់ សរុបប្រមាណ១០០លានផោន ប្រមាណ១៤០លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំ ២០១៧-២០១៩។ ដោយឡែកសំរាប់កម្ពុជា នៅតែមានអាទិភាពសំរាប់ជំនួយគាំទ្រសកម្មភាពកំចាត់មីននេះដែរ អាចទទួលបានចំនួនខ្លះពីការបែងចែកជំនួយនេះ ហើយរដ្ឋាភិបាលអង់គ្លេសផ្តល់ឲ្យ តែអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះ សូម្បីតែធ្វើការងារហ្វឹកហ្វឺន និងគាំទ្របច្ចេកទេសទៅមន្ត្រីអាជ្ញាធរមីន ក៏តាមរយៈអង្គការ NGO ដែរ។
ក្នុងជំនួបដ៏មានតម្លៃនោះដែរ លោក ហេង រតនា ជម្រាបលោកស្រី Stefanie Nijssen ពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងកាគ្រប់គ្រង និងផ្តល់ថវិកាគាំទ្រវិស័យមីន ជាពិសេសលើគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវន្តទាំងឡាយនៅកម្ពុជា៕